ប្រទេសមានច្បាប់ប្រទេស នៅក្នុងគ្រួសារ ក៏ត្រូវមានវិន័យរបស់គ្រួសារដែរ។ យើងគួរតែទម្លាប់ឱ្យកូនចៅរៀនច្បាប់គ្រួសារទាំង ៧ នេះ កូននឹងក្លាយជាបុគ្គលល្អ។ ក្នុងនាមយើងជាឪពុកម្តាយ គួរតែជួយកូនៗឱ្យមានទម្លាប់ល្អក្នុងការរស់នៅ។
១. បើមិនមានការអនុញាតិ របស់របរអ្នកដទៃមិនត្រូវយកផ្តេសផ្តាសទេ។ នេះគឺហៅថា《មានការអប់រំល្អ》។
ការអប់រំល្អបំផុត មិនមែនផ្តោតទៅលើពិន្ទុខ្ពស់ទេ ប៉ុន្តែគឺជាការអប់រំមនុស្សឱ្យមានសីលធម៌ល្អ។
២. ដាច់ខាតមិនត្រូវប្រើពាក្យអសុរោះ ឈ្លើយ ជេរប្រមាថគេ និងទង្វើមិនសមរម្យទាំងឡាយ។ នេះគឺហៅថា《សុជីវធម៌》។ ជាឪពុកម្តាយ គឺមានតួនាទីប្រដៅអប់រំទូន្មានកូនឱ្យចេះគោរពច្បាប់ទម្លាប់ទូទៅ ធ្វើជាបុគ្គលល្អ ហើយស្របពេលជាមួយគ្នានេះដែរ ក៏គួរតែធ្វើជាគម្រូល្អដល់កូនចៅដែរ ទើបអាចចិញ្ចឹមកូនដែលមានសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អបរិបូណ៍។
៣. ពេលជួបមនុស្សចាស់ទុំ លោកគ្រូអ្នកគ្រូ ត្រូវតែចេះជម្រាបសួរ ដោយការគោរពជាមុន ចេះនិយាយពាក្យអរគុណ។ នេះហៅថា《មានសីលធម៌ល្អ》។ មនុស្សមានសុជីវធម៌ល្អពិតប្រាកដ គឺធ្វើចេញពីចិត្តពិត មិនមែនគ្រាន់តែជាការសម្តែងយកគួរទេ។ ឪពុកម្តាយដែលមានសុជីវធម៌ចំពោះមនុស្សទូទៅ កូនមើលហើយឃើញផ្ទាល់ភ្នែកក៏យកតម្រាប់តាមដែរ។ កូនៗនឹងមានសុជីវធម៌ សុភាពរាបសារ ប្រព្រឹត្តអំពើល្អដាក់គេឯងដូចគ្នា។
៤. ពេលជជែកជាមួយគ្នា ហាមនិយាយកាត់សម្តីគេ។ នេះហៅថា《ការគោរព》។ ដាស់តឿនកូនៗ កែប្រែរបៀបនិយាយស្តី បង្រៀនកូនឱ្យចេះទទួលស្តាប់គេឱ្យបានច្រើន នេះគឺជាការបង្រៀនកូនឱ្យចេះគោរពអ្នកដទៃ។
៥. ហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនឯង និងហ៊ានទទួលខុសត្រូវ។ នេះហៅថា《មានទំនួលខុសត្រូវ》។ តាមពិតធ្វើខុសហើយមិនគួរខ្លាចទេ ខ្លាចតែឪពុកម្តាយចេញមុខការពារកាន់ជើងកូន លាក់បាំងកំហុសកូន កូនខុសហើយមិនកែ។ បញ្ចេញសកម្មភាពជាក់ស្តែង បញ្ជាក់ឱ្យគេដឹងថាយើងដឹងខុស និងទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តពិតមែន វាប្រសើរជាង《ពាក្យសុំទោស》១ម៉ឺនដងទៅទៀត។
៦. ត្រូវទម្លាប់ របស់ប្រើហើយ សៀវភៅអានរួច ត្រូវរៀបចំទុកដាក់កន្លែងដើមវិញ។ នេះគេហៅថា《មានទម្លាប់ល្អ》។ ជួយកូនបង្កើតទម្លាប់រស់នៅល្អ គឺជាការជួយកូនស្វែងរកផ្លូវដែលត្រឹមត្រូវ នៅលើវិថីជីវិ៎តរបស់កូនអាចដើរបានកាន់តែនឹង កាន់តែឆ្ងាយ។
៧. យ៉ាងហោចណាស់មានកីឡាមួយដែលកូនចូលចិត្ត ត្រូវមានទម្លាប់ហាត់ប្រាណដើម្បីសុខភាព។ ក្មេងៗពូកែ ប្រទេសជាតិនឹងខ្លាំងក្លា ទំពាំងស្នងឫស្សី។ ការចិញ្ចឹមថែទាំស្មារតីក្មេងគឺសំខាន់ ឯការមើលថែសុខភាពផ្លូវកាយក៏សំខាន់ដែរ។ កូនៗអាចរៀនហ្វឹកហាត់ស្មារតីបានល្អ ចេះសាមគ្គី អាចចូលរួមធ្វើការជាក្រុម មានជំនឿចិត្ត មានភាពជឿជាក់ ចេះតស៊ូមិនបោះបង់៕
ប្រភព ៖ សុខ គឹមទៀវ