អ្នកឧកញ៉ា វេជ្ជ. គួច ម៉េងលី៖ “បើគ្មានកូនចៅគាំទ្រពីក្រោយ មេមិនអាចជោគជ័យបានឡើយ”

ប្រសាសន៍ដ៏មានអត្ថន័យរបស់ អ្នកឧកញ៉ាវេជ្ជ. គួច​ ម៉េងលី នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បានលើកឡើងថា៖ #បើគ្មានកូនចៅគាំទ្រពីក្រោយ_មេមិនអាចជោគជ័យបានឡើយ

មិនថាក្នុងសមរភូមិប្រយុទ្ធ មិនថាក្នុងការប្រតិបត្តិការងារទេ បើគ្មានការចូលរួមជួយឬគាំទ្រពីកូនចៅទេ មេមិនអាចទទួលបានជោគជ័យនោះឡើយ បើទោះបីជាមេនោះខ្លាំងយ៉ាងណាក៏ដោយ។ ឧទាហរណ៍នៅក្នុងសមរភូមិសង្គ្រាម បើមេទ័ពស្រែកថា “សម្រុកចូល...!” ស្រាប់តែងាកក្រោយ គ្មានកងទ័ព ឬមានកងទ័ពដែរតែកងទ័ពមិនចូលច្បាំង មិនស្ដាប់តាមបញ្ជា ចូលច្បាំងតែមេ គឺមេហ្នឹងហើយងាប់មុនគេ។ ចំណែកនៅក្នុងការងារ​ក៏មិនខុសគ្នាដែរ បើអ្នកដឹកនាំគិតថាខ្លួនឯងធ្វើអ្វីក៏ត្រូវ គិតថាគ្មានអ្នកចេះដល់ខ្លួន មិនព្រមស្ដាប់យោបល់បុគ្គលិកក្រោមបង្គាប់ មិនចាត់ទុកបុគ្គលិកក្រោមបង្គាប់ជាធនធានសំខាន់ទេ គឺមិនអាចដឹកនាំការងារជោគជ័យបានទេ។

សូមចាំថា ទោះបីអ្នកមានចំណេះដឹងជ្រៅជ្រះ និងមានតួនាទីឬឋានៈខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ អ្នកត្រូវចេះផ្ដល់តម្លៃដល់អ្នកក្រោមបង្គាប់ ស្ដាប់យោបល់អ្នកក្រោមបង្គាប់ ស្វែងយល់ពីទឹកចិត្តអ្នកក្រោមបង្គាប់ លើកទឹកចិត្តអ្នកក្រោមបង្គាប់ ជាពិសេសត្រូវចេះប្រើចិត្តសាស្ត្រក្នុងការដឹកនាំ។ អ្នកត្រូវតែដឹកនាំធ្វើយ៉ាងណាឱ្យអ្នកក្រោមបង្គាប់គោរពស្រឡាញ់អ្នក ដើរតាមអ្នក និងសប្បាយរីករាយក្នុងការអនុវត្តការងាររបស់ពួកគេ។

សូមរម្លឹកខ្លួនឯងជារឿយៗថា មេមិនមែនជាមេ បើគ្មានកូនចៅដើរតាម គ្មានកូនចៅគាំទ្រ គ្មានកូនចៅស្ដាប់បង្គាប់។ ជាមេដឹកនាំល្អ គឺត្រូវចេះផ្ដល់ភាពត្រជាក់ត្រជំដល់កូនចៅ ផ្ដល់តម្លៃដល់កូនចៅ ផ្ដល់ឱកាសឱ្យកូនចៅ និងចេះបណ្ដុះបណ្ដាលកូនចៅឱ្យរីកចម្រើនសមត្ថភាពគ្រប់ៗគ្នា៕

#MenglyJQuach

#MJQUP

291038829_576949353801856_2423242549362913059_n