ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាក៏កាន់តែរំកិលទៅមុខជាបន្តបន្ទាប់ ចំណែកឯអាយុរបស់យើងក៏កាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះជីវិតមួយនេះ ត្រូវចេះធ្វើរឿងល្អៗ និងសំខាន់ៗឱ្យបានច្រើន កុំបង្ហិនពេលវេលាចោលបន្ថែមទៀតអី។
យ៉ាងណាមិញពាក់កណ្តាល ឆ្នាំ២០២២ ចូលមកដល់ហើយ មានរឿងអវិជ្ជមានជាច្រើនដែលយើងគួរតែបញ្ឈប់ និងបោះបង់ចោលឱ្យអស់ កុំចេះតែបន្តនាំឱ្យជីវិតខាតពេលវេលាជាមួយរឿងអស់ទាំងនេះទៀត។
ខាងក្រោមនេះជាចំណុចដែលយើងគួរតែបោះបង់ និងបញ្ឈប់ កុំទម្លាប់ធ្វើវាទៀត បើយើងពិតជាចង់កែប្រែខ្សែជីវិត និងចង់ឱ្យខ្លួនឯងមានភាពល្អប្រសើរជាងនេះ។
១. ឈប់ធ្វើខ្លួនផ្ដេសផ្ដាស
ល្មមដល់ពេលហើយ មិនមែនកូនក្មេង អាយុតិចទៀតទេ គួរតែចេះរៀបចំខ្លួនឱ្យសមជាមនុស្សធំដឹងក្ដី ចេះគិតឱ្យបានច្រើនជាងមុុន។ កុំបង្ហិនពេលជាមួយនឹងរឿងអត់ប្រយោជន៍ កុំនាំឱ្យខាតប្រយោជន៍ព្រោះតែការធ្វើខ្លួនមិនសមហេតុផលឱ្យសោះ។
២. ឈប់ខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង
កុំខ្វល់ពីអ្នកដទៃច្រើនពេក ជាពិសេសមនុស្សដែលតែងតែមិនឱ្យតម្លៃយើង កុំទៅយកចិត្តទុដាក់ជាមួយគេ ព្រោះវារឹតតែធ្វើឱ្យអ្នកលែងមានតម្លៃ។ យកល្អត្រូវតែចាកចញពីមនុស្សអស់ទាំងនេះ ព្រោះបើគេមិនឱ្យតម្លៃយើងហើយ ទោះយើងនៅលះបង់មួយជីវិតដើម្បីគេទៀត ក៏យើងនៅតែគ្មានតម្លៃ ខាតពេលអត់ប្រយោជន៍។
៣. ឈប់តាម Care អ្នកណាជ្រុលហួសហេតុ
កុំតាមCare តាមហួងហែងនរណាម្នាក់ខ្លាំងពេក សូម្បីតែគូសង្សារក៏ដោយ ព្រោះវាអាចនាំឱ្យគេធុញ ណាមួយវានឹងធ្វើឱ្យយើង លែងមានពេលវេលា មកមើលថែ យកចិត្តទុកដាក់ជាមួយខ្លួនឯង។
លើសពីនេះ ការដែលយើងគិតែតាមយកចិត្តទុកដាក់ ទំនុកបម្រុងអ្នកនេះ ឬអ្នកនោះ វានឹងធ្វើឱ្យយើងនេះមិនមានពេលដើម្បីខ្លួនឯងក្នុងការអភិវឌ្ឍន៍ជ្រោមជ្រែងខ្លួនឯងនោះឡើ។
៤. ឈប់ខ្ជិលច្រអូស
កុំខ្ជិលពេក ការងារណាអាចធ្វើបានគួរតែធ្វើ ការខ្ជិល អាចធ្វើឱ្យអ្នកមានជម្ងឺបាក់ទឹកចិត្តទៀតផង ធ្វើអ្វីក៏មិនសម្រេចដែរ។ ត្រូវចាំថាមនុស្សឧស្សាហ៍ព្យាយាម មានគំនិត ទើបមានកំណើត មនុស្សឧស្សាហ៍ ទើបទេវតាតាមថែរក្សា និងជួយជ្រោមជ្រែង។
៥. ឈប់ស្រឡាញ់អ្នកណាជាងខ្លួនឯង
ការស្រឡាញ់គេខ្លាំងពេក នឹងធ្វើឱ្យអ្នកលែងស្រឡាញ់ខ្លួនឯង បាត់បង់ភាពម្ចាស់ការលើខ្លួនឯង លែងចង់ធ្វើអ្វី បើគ្មានគេ ខ្លួនឯងនឹងលែងមានអ្វីដែរ។ តែយ៉ាងណា ការដែលចង់ឱ្យស្រឡាញ់ខ្លួនឯងខ្លាំងជាងអ្នកដទៃ ក៏មិនមែនមានន័យថា ឱ្យយើងធ្វើជាមនុស្សអាត្មានិយម យកតែអារម្មណ៍ខ្លួន ដើម្បីតែខ្លួនឯង ហ៊ានបំពានដល់អ្នកផ្សេងនោះឡើយ
៦. ឈប់ដើរលេងប៉ោឡែ
ដើរលេងប៉ោឡែ តើមានអនាគតមកពីណា ធ្វើការក៏មិនជាប់លាប់ដែរ គួរតែរកការងារធ្វើឱ្យបានច្បាស់លាស់ មានការងារ មានទំនួលខុសត្រូវ អ្នកនឹងដឹងថា ពេលណាគួរដើរ ពេលណាគួរធ្វើការ មនុស្សមានការងារធ្វើទើបមានកិត្តិយស អ្នកដទៃក៏មិនមានក្អក មើលងាយដាក់យើងដែរ។
៧. ឈប់ចិត្តទន់ ឈប់អន់ចិត្តផ្ដេសផ្ដាស
កុំចិត្តទន់ជាមួយនឹងនរណាម្នាក់ខ្លាំងពេក ចិត្តទន់ពេក គេធ្វើបាបខ្លាំងណាស់ ហើយក៏កុំពូកែអន់ចិត្តពេក មនុស្សខ្លាំងពូកេ គេមិនទៅចំណាយពេល អន់ចិត្ត អន់ថ្លើមនឹងអ្នកណាទេ គួរតែយកពេលនោះ មកពង្រឹងខ្លួនឯងវិញល្អជាង។
៨. ឈប់ប្រកាន់គំនិតថាខ្លួនឯងពូកែជាងគេ
ការប្រកាន់គំនិតថា មានតែអញពូកែជាងគេ ឆ្លាតជាងគេ វាជាការបិទសិទ្ធ បិទការអភិវឌ្ឍខ្លួនឯង ព្រោះគិតថាអ្នកផ្សេងអន់ ដូច្នេះអ្នកនឹងខាតបង់ធំ ព្រោះតែអំនួតរបស់ខ្លួនឯង។
ត្រូវដឹងថា មនុស្សខ្លាំងមនុស្សពូកែគេមិនដែលអួតទេ គឺមានតែដាក់ខ្លួន ដើម្បីរៀនសូត្របន្ថែមទៀត មនុស្សឆ្លាតគេត្រូវចេះមើលកាលៈទេសៈ និងក្ដោបក្ដាប់ឱកាស ពេលវេលាដើម្បីពង្រីកខ្លួនឯងឱ្យកាន់តែលូតលាស់ ល្អប្រសើរទ្វេដង។
៩. ឈប់ងប់ងល់នឹងអតីតកាល
មិនថាជារឿងធ្លាប់ខូចចិត្តនឹងអ្នកណា មិនថាជារឿងធ្លាប់បរាជ័យក្នុងរឿងធ្វើការ រឿងអតីតដែលមិនល្អ ក៏គួរតែបំភ្លេចចោលទៅ ចាប់ផ្ដើមជាថ្មី មានគំនិតថ្មី ទើបអាចទទួលបានជីវិតថ្មី។ អតីតកាល មិនថាល្អ ឬអាក្រក់ទេ ក៏គួរតែបោះចោលខ្លះទៅ ព្រោះថាអតីតកាល គឺប្រៀបដូចជាស្រមោលមួយដែលចាំតែឱបក្រសោបយើងឱ្យងប់ងល់នឹងវា រហូតដល់មិនអាចដោះលែងខ្លួនឯងឱ្យស្វែងរកអនាគតដ៏ប្រសើរអ៊ីចឹងដែរ។ ដូច្នេះត្រូវតែបំភ្លេចចោលខ្លះដើម្បីឱ្យខ្លួនឯងមានចន្លោះសម្រាប់សាងអនាគតដ៏ល្អជាងនេះ។
១០. ឈប់មើលងាយខ្លួនឯង
ការមើលងាយខ្លួនឯង នឹងធ្វើឱ្យអ្នកកាន់តែបរាជ័យ ព្រោះគិតថាខ្លួនឯងអន់ ខ្លួនឯងមិនឆ្លាត លែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតថា វាមិនសម្រេច។ មនុស្សមើលងាយខ្លួនឯង សូម្បីតែទេវតាក៏មិនចូលចិត្តដែរ អ្នកដទៃអាចមើលងាយយើងបាន តែយើងខ្លួនឯង មិនអាចមើលងាយខ្លួនឯងទេ មនុស្សដែលចេះតែប្រមាថខ្លួនឯង គឺនឹងធ្វើឱ្យដួងជតាកាន់តែដុនដាប គ្មានសិរីមង្គលឡើយ។
១១. ឈប់ដើរស៊ីចាយខ្ជះខ្ជាយ
ការស៊ីចាយខ្ជះខ្ជាយពេក រកប៉ុន្មានក៏មិនសល់ដែរ ទោះពូកែរក រកបានច្រើន ក៏គង់តែអស់ ព្រោះចាយលើចំណូលដែលរកបាន។ គួរតែចេះដកលុយមួយចំនួនដែលរកបានមកសន្សំ និងមួយចំនួនទៀត ទុកវិនិយោគទុន កុំចេះតែចាយៗមិនដឹងអី តាំងត្រូវការចាំបាច់ រត់រកខ្ចីគេឱ្យជួយ វាមិនមែនស្រួលទេ។
១២. ឈប់យករឿងស្នេហាធំជាងការងារ
បាត់បង់ស្នេហា វាអាចឈឺចាប់មួយគ្រា តែបើបាត់បង់ការងារ វាវេទនាយូរអង្វែង ណាមួយ មនុស្សធំ មនុស្សពូកែ គេមិនគិតតែរឿងស្នេហានោះទេ ស្នេហាជារឿងបន្ទាប់បន្សំ តែរឿងធំ និងសំខាន់ គឺការងារ និងអនាគត។
ស្នេហា មិនមែនជាគ្រប់យ៉ាងក្នុងជីវិតឡើយ ឱ្យតែអ្នកមានការងារ មានអនាគត ស្នេហាចង់ជួបពេលណាក៏បានដែរ តែបើអ្នកមិនមានអនាគតល្អទេ នោះអ្វីក៏អ្នកគ្មានដែរនៅក្នុងជីវិតនេះ ពេលខ្លះ សូម្បីតែគ្រួសារ ក៏អ្នកត្រូវបាត់បង់ដែរ។
តើអាចសន្យា ជាមួយខ្លួនឯងបានទេ ក្នុងការកែប្រែ នូវចំណុចទាំងអស់ខាងលើនេះ បើអ្នកអាចធ្វើបាន នោះជីវិតអ្នកនឹងបានល្អប្រសើរជាមិនខាន៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ
រូបភាពផ្ដល់សិទ្ធិដោយ : Rany Reaksmey