អ្នកតែងតែលាក់បាំងរោមភ្នែកខ្លីៗរបស់អ្នកដោយការពាក់រោមភ្នែកក្លែងក្លាយ ឬលាបម៉ាស្ការ៉ា ប៉ុន្តែជាការពិតណាស់ របស់អស់នេះនឹងប៉ះពាល់ដល់ភ្នែកក៏ដូចជាការលូតលាស់តាមធម្មជាតិរបស់រោមភ្នែក។ ដូចនេះ ដើម្បីចិញ្ចឹមរោមភ្នែកឱ្យឆាប់ដុះវែងខ្មៅស្អាត ធ្វើតាមវិធីសាមញ្ញ ហើយងាយៗខាងក្រោម៖
១. ប្រើប្រេង
- ប្រេងដូងសម្បូរវីតាមីន E, C និងសារធាតុខនិជច្រើនជួយចិញ្ចឹមរោមភ្នែកបានយ៉ាងល្អ ការពារពីការជ្រុះ
- ប្រេងអូលីវជួយបណ្តុះរោមភ្នែកឱ្យវែង ហើយក្រាស់។
- ប្រេងអាល់ម៉ុងសម្បូរវីតាមីន E ជួយឱ្យរោមភ្នែកខ្លីទៅជាវែងបាន។
- អ្នកគ្រាន់តែត្រូវលាងសម្អាតតំបន់ភ្នែកឱ្យស្អាត រួចជ្រលក់សំឡីចូលប្រេងបន្តិចលាបលើរោមភ្នែក និងរក្សាទុកមួយយប់ និងលាងចេញនៅព្រឹកស្អែក។
២. ប្រើវ៉ាសេលីន
វ៉ាសេលីនមិនត្រឹមតែផ្តល់សំណើមដល់ស្បែកប៉ុណ្ណោះទេ តែក៏អាចជួយជម្រុញដល់ការលូតលាស់របស់រោមភ្នែកទៀតផង។ យកសំឡីជ្រលក់ចូលវ៉ាសេលីនបន្តិច លាបពីគល់ដល់ចុងរោមភ្នែក។
៣. វីតាមីន E
វីតាមីន E មិនប៉ះពាល់ភ្នែកទេ។ អ្នកច្របាច់យកទឹកពីក្នុងថ្នាំ រួចលាបលើទាំងរោមភ្នែកលើ និងក្រោម។
៤. វិធីផ្សំ
វិធីនេះនឹងជួយឱ្យរោមភ្នែកឆាប់ដុះវែងលឿនរហ័សក្នុងរយៈពេលខ្លី ដោយអ្នកគ្រាន់តែលាយប្រេងដូង ១ស្លាបព្រាកាហ្វេ គ្រាប់ថ្នាំវីតាមីន E ១ + វ៉ាសេលីន ១/៣ស្លាបព្រាកាហ្វេច្របល់ឱ្យសព្វចូលគ្នា។ ដាក់ចូលក្នុងក្រឡស្អាតមួយគ្របឱ្យជិត។ ប្រើសំឡី ឬច្រាស់ម៉ាស្ការ៉ាជ្រលក់វាលាបលើរោមភ្នែក៕