ទុក្ខស្រី! ព្រោះតែប្ដីប៉ុន្មានប្រភេទនេះហើយ

មានពាក្យជាច្រើនដែលគេតែងតែនិយាយថា "កើតមកជាមនុស្សស្រីកម្មណាស់ ហើយថែមទាំងកម្មក្រាស់ទៀតផង" ដែលភាគច្រើននៃមនុស្សស្រី ច្រើនតែត្រូវជួបសេចក្ដីទុក្ខវេទនានៅក្នុងរឿងជីវិតគូ មនុស្សស្រីភាគច្រើនគឺ ត្រូវត្រាំត្រែង រែកពន់ធ្ងន់ណាស់ក្នុងជីវិតគ្រួសារ ជាពិសេស គឺការដែលរៀបការប៉ះប្ដីដែលមានចរិត ចិត្តគំនិតមិនល្អ ក្បត់ផិត ឬប្រើអំពើហិង្សាធ្វើបាបប្រពន្ធ។

តែទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សស្រីមួយចំនួន គាត់មានបុណ្យល្អ មានសំណាង អាចចាកផុតពីសេចក្ដីទុក្ខវេទនាទាំងអស់នេះបាន ដោយសារតែបានប្ដីល្អ ស្រឡាញ់ ស្មោះត្រង់ ចេះលះបង់ និងមើលថែ ថ្នាក់ថ្នមនាងបានយ៉ាងល្អ មិនឱ្យនាងសោយសោក រងទុក្ខនៅក្នុងជីវិតនោះឡើយ។

ខាងក្រោមនេះ គឺជាសេចក្ដីទុក្ខធំធេងណាស់របស់មនុស្សស្រី ប្រសិនបើនាងរៀបការប៉ះចំប្ដី 4 ប្រភេទនេះ ៖

4265649 LGQVEZIV 7

1. ទុក្ខស្រី ប្ដីកាន់លុយ

ធម្មតា មនុស្សប្រុសជាអ្នករកលុយ ចំណែកមនុស្សស្រីជាប្រពន្ធ ជាអ្នករៀបចំទុកដាក់លុយកាក់ ឬអាចថា មនុស្សស្រីក៏រួមចំណែករកលុយដែរ ហើយនាងក៏ជាអ្នកទុកដាក់លុយកាក់ទាំងអស់ដែលរកបាន រួមទាំងលុយរបស់ស្វាមីផង ចំណុចនេះ ដែលគេហៅថា បុរសគោរព និងឱ្យតម្លៃ ជឿជាក់ទុកចិត្តចំពោះភរិយា ទើបគាត់ឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់ទាំងអស់។

ប៉ុន្តែ គ្រោះធំបំផុតនោះគឺ មនុស្សស្រី ដែលមានឈ្មោះត្រឹមតែជាស្ត្រីមេផ្ទះ មិនចេះធ្វើការ មិនអាចរកលុយបាន ហើយមនុស្សប្រុសជាអ្នករក ក៏ជាអ្នកកាន់លុយផងដែរ ទាំងនេះ គឺជាសម្ពាធដ៏ធំបំផុតសម្រាប់ជីវិតមនុស្សស្រី ដែលចាំតែលាដៃសុំលុយពីប្ដី បើប៉ះចំប្ដីយល់ការ ប្រពន្ធនៅតែមានតម្លៃចំពោះគាត់ជាប្ដី ប៉ុន្តែបើប៉ះចំប្ដីគម្រិះម៉ៅស្វិត វាមិនមែជារឿងដែលងាយនោះឡើយ ប្រពន្ធច្បាស់ជាត្រូវប្ដីគាបសង្កត់ មើលងាយ មិនឱ្យតម្លៃនោះទេ រួមទាំងឪពុកម្ដាយ បងប្អូនសាច់ថ្លៃក៏មើលងាយដែរ។

2. ទុក្ខស្រី ប្ដីគំនិតម៉ែ

កើតមកជាកូនប្រុស ទោះស្រឡាញ់ គោរព ដឹងគុណចំពោះឪពុកម្ដាយយ៉ាងណា ក៏មិនអាចបណ្ដោយឱ្យឪពុកម្ដាយមកគ្រប់គ្រង ត្រួតត្រាលើខ្សែជីវិតខ្លួនឯងពេញមួយជីវិតដែរ បើបែបហ្នឹងមែន មិនខុសពីអ្នក មិនខ្វល់ខ្វាយពីអនាគត រួមទាំងសុភមង្គលគ្រួរបស់អ្នកផងដែរ។

មនុស្សប្រុស ពេលមានគ្រួសារជារបស់ខ្លួន មានប្រពន្ធ មានកូន អ្នកត្រូវក្លាយជាឪពុក ជាមេគ្រួសារ អ្នកត្រូវរ៉ាប់រង ទទួលបន្ទុក មើលថែ ការពារប្រពន្ធកូនរបស់អ្នក។ ចុះបើអ្នកក្លាយជាមនុស្សកំសាក ឱ្យតែម្ដាយជាអ្នកបញ្ជា កាច់ចង្កូតជីវិតរហូតបែបហ្នឹង តើឱ្យប្រពន្ធកូនរបស់អ្នកអាចពឹងផ្អែកអ្វីបានទៅ?

លើសពីនេះ ប្រសិនបើអ្នកស្ដាប់តែតាមគំនិត និងការបញ្ជារបស់ម្ដាយឪពុកអ្នក ចុះបើម្ដាយឪពុកអ្នកមិនពេញចិត្តប្រពន្ធកូនអ្នក អ្នកក៏ព្រមបោះបង់ប្រពន្ធកូនចោល ដើម្បីតាមម្ដាយមែនទេ? ឃើញមនុស្សប្រុសមួយចំនួន ព្រោះតែគ្មានឆន្ទៈ មនសិការ និងភាពក្លាហាន ក៏គ្មានជីវិតជារបស់ខ្លួនឯង ចាំតែម៉ែឪបងប្អូនបញ្ជា បែបហ្នឹង ទោះមានប្រពន្ធកូនល្អប៉ុនណា ក៏គ្មានការជួបជុំ​ គ្មានសុភមង្គលដែរ ព្រោះបង្គោលគ្រួសារ តោងតែការត្រួតត្រាពីឪពុកម្ដាយខ្លួន។

20210430_132517

3. ទុក្ខស្រី ប្ដីឆ្កួត

គ្មានអ្នកណាទៅយកប្ដីឆ្កួត សតិមិនគ្រប់មកធ្វើជាគូអនាគតនោះឡើយ។ ប៉ុន្តែចំណុចនេះ ឆ្កួតនេះ មិនមែនឆ្កួតសតិទេ គឺឆ្កួត3 ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែង។ មនុស្សស្រី មិនថាប្ដីអ្នកឆ្កួតត្រង់ចំណុចណាមួយនោះឡើយ ឱ្យតែចូលទាំង3ចំណុចនេះ ជីវិតអ្នក ច្បាស់ជារងទុក្ខវេទនាមួយជីវិតមិនខាន។

ស្រី ស្រា ល្បែង តែងតែធ្វើឱ្យជីវិតរបស់បុគ្គលដែលប្រព្រឹត្តិជួបផលវិនាស បែកបាក់ទាំងក្រុមគ្រួសារ។ យ៉ាងណាមិញ មនុស្សស្រី ដែលប៉ះប្ដីឆ្កួត3នេះ ជីវិតដូចរស់ក្នុងគុក វេទនា គ្មានថ្ងៃស្រាកស្រាន្ត បង់ទាំងកេរ្តិ៍ឈ្មោះ បង់ទាំងទ្រព្យ គ្មានអ្វីសេសសល់នោះឡើយ ហើយចុងក្រោយដែលទទួលបាន គឺត្រឹមតែកូនៗកំព្រា ម៉ែវេទនា គ្រួសារប្រេះឆាតែប៉ុណ្ណោះ។

4. ទុក្ខស្រី ប្ដីអសមត្ថភាព

មនុស្សប្រុស ត្រូវតែជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ហើយក៏ជាអ្នករ៉ាប់រង មើលថែក្រុមគ្រួសារ ប៉ុន្តែ ប្រសិនបើប្ដីគ្មានចេះអីសោះ ការងារក៏មិនធ្វើ ដេកចាំតែសំណាង នោះបន្ទុកទាំងប៉ុន្មាន ច្បាស់ជាត្រូវធ្លាក់ទៅលើមនុស្សស្រីដែលជាប្រពន្ធ អម្រែកដ៏ធ្ងន់ដែលត្រូវរ៉ាប់រង មើលកូនផង ធ្វើការរកលុយផង ធ្វើការងារផ្ទះផង ហើយត្រូវមកគ្រាំចិត្តនឹងប្ដីមិនកំណើតទៀត សេចក្ដីទុក្ខមួយនេះ រុំារ៉ៃដល់ថ្ងៃកូនៗធំដឹងក្ដី។

បើប្ដីមិនកំណើត ចាំតែដេកស៊ីស្រាប់ មនុស្សស្រីនឹងយ៉ាប់ខ្លួន ហត់គំនិត នឿយទាំងចិត្តទាំងកាយ ដូច្នេះ មនុស្សស្រីប្រៀបបានទៅនឹងទាកររបស់ប្ដីអ៊ីចឹង។ ស្រីៗ បើប៉ះចំប្ដីបែបហ្នឹង មិនបាច់ទ្រាំទេ លែងឆាប់រឹតតែល្អ សុខចិត្តធ្វើការ ចិញ្ចឹមខ្លួនឯងតែមួយ វាមិនសូវព្រួយចិត្តដែលត្រូវទៅចិញ្ចឹមមនុស្សអត់កំណើតម្នាក់ឯង វាគ្រាំចិត្តណាស់៕

អត្ថបទ ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: