ក្រុមហ៊ុន Meta ប្រមូលផ្តុំសិល្បករក្នុងស្រុក និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមដើម្បីដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាពអនឡាញ និងលុបបំបាត់ការយល់ខុស

ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook នៅថ្ងៃនេះ (ថ្ងៃទី១០ ខែមិថុនា) បានដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ ដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញក្នុងគោលបំណងផ្តោតលើអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជា ដោយប្រមូលផ្តុំសិល្បករ វិចិត្រករ និងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” https://yourhome.fb.com/cambodia/

ព្រឹត្តិការណ៍ដែលបើកដំណើរការជាសាធារណៈចាប់ពីម៉ោង ១រសៀលថ្ងៃសុក្រទី១០ ខែមិថុនា ដល់ម៉ោង ៦ល្ងាចថ្ងៃអាទិត្យ ទី១២ ខែមិថុនា ប្រព្រឹត្តិទៅនៅអគារ The Factory Phnom Penh អគារលេខ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងអំឡុងពេលបើកដំណើរការកម្មវិធីជាផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ វិចិត្រករពីររូប គឺលោក FONKI និងលោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍អំពីសិល្បៈរបស់ខ្លួន ដែលបង្ហាញថាតើឯកជនភាព និងសុវត្ថិភាពមានន័យដូចម្តេចចំពោះពួកគេ ដូចដែលត្រូវបានបង្ហាញជូននៅក្នុង គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” https://yourhome.fb.com/cambodia/

២

គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេតាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាពមានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហខ្លាំង” (គ្មានការលាក់បាំង)។ អ្នកចូលមើលគេហទំព័រក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរដើម្បីជួយពួកគេធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជនតាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័របានធ្វើការជ្រើសរើសជម្រើសរបស់ខ្លួនហើយ បញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បីរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែលមានអ្នកតាមដានច្រើនបំផុតនៅក្នុងប្រទេស ដែលបានជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញ ហើយថែមទាំងនិយាយអំពីបទពិសោធ និងចំណូលចិត្តរបស់ពួកគេផ្ទាល់ទាក់ទងនឹងឯកជនភាព។ អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានចូលរួមក្នុងកម្មវិធីនេះតាមរយៈវីដេអូខលពីប្រទេសសិង្ហបុរី។

៣

អ្នកនាង Arianne T. Jimenez ប្រធានគ្រប់គ្រងផ្នែកឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្សគឺសំខាន់ណាស់សម្រាប់អាជីវកម្ម និងផលិតផលរបស់យើង។ ការការពារឯកជនភាពរបស់មនុស្សគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ដំណើរការយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” នេះជាមួយព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុនMetaប្រចាំនៅកម្ពុជា បានឆ្លៀតឱកាសនេះពន្យល់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ចំពោះការក្លាយជាភ្លែតហ្វមដែលផ្តោតលើឯកជនភាព ដោយឯកជនភាពមានសារៈសំខាន់ចំពោះរបៀបដែលគំរូអាជីវកម្មរបស់ក្រុមហ៊ុន Meta ដំណើរការ។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ក៏បានចូលរួមឆ្លើយសំណួរដ៏រីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសជុំវិញ Facebook ផងដែរ។

៤

លោក ហេង ភក្តី មានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកតំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជានិងធ្វើការជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Metaក្នុងប្រទេសកម្ពុជាទទួលបានការនិយមប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និងសុវត្ថិភាពផ្ទាល់របស់ពួកគេ»។

ព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” បើកចំហឱ្យមានការចូលរួមជាសាធារណៈដោយសេរីចាប់ពីម៉ោង ១រសៀលនៅថ្ងៃសុក្រ ទី១០ ខែមិថុនា នៅថ្ងៃសៅរ៍ទី១១ ខែមិថុនា និងថ្ងៃអាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៦ល្ងាច។ វិចិត្រករនឹងមានវត្តមាននៅព្រឹត្តិការណ៍នេះចាប់ពីម៉ោង ១០ព្រឹកដល់ ១២ថ្ងៃត្រង់ និងពីម៉ោង ២រសៀលដល់ម៉ោង ៥ ល្ងាចនៅថ្ងៃទាំងនោះ។

៥

ព្រឹត្តិការណ៍នេះមានគោលដៅសម្រេចបានគោលបំណងដូចខាងក្រោម៖

លុបបំបាត់ការយល់ខុសជាទូទៅចំនួន៥ អំពីឯកជនភាពនៅលើ Facebook

នេះគឺជាការយល់ខុសជាទូទៅចំនួន៥ ដែលព្រឹត្តិការណ៍និងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta មានបំណងលុបបំបាត់៖

● ការយល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួចយកការណ៍ពីការសន្ទនារបស់ខ្ញុំ។

o ក្រុមហ៊ុន Meta បានប្រញាប់ប្រញាល់លុបបំបាត់ការយល់ខុសនេះ ដោយលើកឡើងថា Facebook នឹងមិនប្រើមីក្រូហ្វូននៅលើទូរស័ព្ទ ដើម្បីលួចស្តាប់ការសន្ទនាក្នុងជីវិតពិតរបស់អ្នកប្រើប្រាស់ទេ។

● ការយល់ខុសទី២៖ ខ្ញុំមិនអាចកំណត់ថាតើអ្នកណាមើលឃើញមាតិកាដែលខ្ញុំចែករំលែកនៅលើ Facebook និង Instagram បានទេ។

o ការកំណត់ឯកជនភាពរបស់អ្នកអាចឱ្យអ្នកស្វែងរកថាតើអ្នកណាដែលអាចមើលឃើញមាតិកាដែលអ្នកចែករំលែកនៅលើបណ្តាញសង្គមដើម្បីការពារសុវត្ថិភាពគណនីផ្ទាល់ខ្លួនរបស់អ្នក។

● ការយល់ខុសទី៣៖ ខ្ញុំមិនមានលទ្ធភាពការពារខ្លួនឯងពីក្រុមវាយប្រហារតាមអ៊ីនធឺណិត (Hacker) បានទេ។

o ការបង្កើតពាក្យសម្ងាត់ខ្លាំង និងការផ្ទៀងផ្ទាត់ពីរជំហាន (2FA) គឺជាវិធីដ៏ល្អបំផុតមួយដែលអ្នកអាចធានាឱ្យគណនីបណ្តាញសង្គមរបស់អ្នកមានសុវត្ថិភាព។

● ការយល់ខុសទី៤៖ ខ្ញុំមិនធ្លាប់មានសុវត្ថិភាពពីការបោកប្រាស់តាមអ៊ីនធឺណិតឡើយ។

o ប្រសិនបើអ្នកទទួលបានសារ ឬតំណភ្ជាប់ដែលគួរឱ្យសង្ស័យដូចជា ការផ្ញើសារមកសុំលុយ ការនិយាយថាពួកគេចង់ផ្តល់អំណោយ ឬការគំរាមលុបឬបិទគណនី Facebook ឬ Instagram របស់អ្នក កុំងាយជឿគេពេក ឬកុំចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់ណាមួយ ដើម្បីជៀសវាងការធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃការបោកបន្លំ។ ប្រសិនបើអ្នកគិតថាអ៊ីមែល ឬសារណាមួយមើលទៅរាងចម្លែក សូមរាយការណ៍វា។

● ការយល់ខុសទី៥៖ Newsfeed របស់ខ្ញុំត្រូវបានគ្រប់គ្រងដោយសម្ងាត់ដោយក្រុមហ៊ុន Meta។

o News Feeds មិនត្រូវបានគ្រប់គ្រង ឬកំណត់ចំនួនមិត្តភក្តិជាក់លាក់នោះទេ។

៦

អនុសាសន៍អំពីឧបករណ៍ឯកជនភាពចំនួន៥ ដែលអ្នករាល់គ្នាគួរដឹង៖

● ពិនិត្យមើលឯកជនភាព (Privacy Checkup)៖ តាមរយៈការពិនិត្យមើលឯកជនភាព អ្នកប្រើប្រាស់អាចគ្រប់គ្រងថាតើអ្នកណាដែលអាចមើលឃើញអ្វីដែលពួកគេចែករំលែក ចាត់វិធានការដើម្បីរក្សាគណនីរបស់ពួកគេឱ្យមានសុវត្ថិភាព គ្រប់គ្រងរបៀបដែលអ្នកដទៃអាចស្វែងរកពួកគេនៅលើ Facebook និងគ្រប់គ្រងការកំណត់ទិន្នន័យរបស់ពួកគេ។

● ផ្លូវកាត់ចូលទៅកាន់ឯកជនភាព (Privacy Shortcuts)៖ នេះគឺជាទីកន្លែងមួយដើម្បីងាយស្រួលចូលទៅកាន់មុខងារគ្រប់គ្រងឯកជនភាព សុវត្ថិភាព និងការផ្សាយពាណិជ្ជកម្មរបស់អ្នក ក៏ដូចជាព័ត៌មាន Facebook របស់អ្នក។ វាផ្តល់ការពន្យល់កាន់តែច្បាស់អំពីរបៀបដែលឧបករណ៍ទាំងនេះ និងសេវាកម្មរបស់យើងដំណើរការ និងការចូលរហ័សទៅកាន់ការគ្រប់គ្រងដែលស៊ីគ្នា។

● គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍គ្រប់គ្រងសកម្មភាពរបស់យើងអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើល និងគ្រប់គ្រងការបង្ហោះរបស់ពួកគេក្នុងចំនួនច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការរៀបចំវត្តមានរបស់អ្នកនៅលើ Facebook ។

● ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងថាតើអ្នកណានឹងមើលឃើញការបង្ហោះដែលពួកគេចែករំលែកនៅលើ Facebook ។

● តើអ្នកណាអាចរកមើលខ្ញុំ? (Who can look me up?)៖ គ្រប់គ្រងថាតើអ្នកណាអាចស្វែងរកអ្នកនៅលើ Facebook ដោយប្រើប្រាស់អាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងឧបករណ៍ឯកជនភាព សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក៕

កូដ QR សម្រាប់តំណភ្ជាប់ក្នុងអត្ថបទ ៖

1

1. Group Pic

2. Students Pic

3. Student Pic 2