ជាការពិតណាស់សព្វថ្ងៃ មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់ ស្ត្រេស និងចង់ទទួលបានភាពរីករាយផងដែរ ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ « Maya Village »។
Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ យកមកកែច្នៃ តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ទៅ ៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ ខ្យល់បក់ចេញចូលត្រសៀកៗ ធ្វើឱ្យប្លែក និងរីករាយក្នុងចិត្តជាមិនខាន។
បើទោះបីជាមានការតុបតែង និងរូបរាងផ្ទះបែបបុរាណខ្មែរក៏ពិតមែន តែខាងក្នុងត្រូវបានតុបតែងបរិក្ខាទាំងបន្ទប់គេង និងបន្ទប់ទឹកមិនចាញ់សណ្ឋាគារស្នាក់នៅទំនើបៗឡើយ ជាពិសេសថែមទាំងមានផ្ទះបាយរួមឱ្យប្រើប្រាស់ ដាំស្ល និងទទួលទានអាហារក៏បាន ដោយម្ហូបសុទ្ធសឹងតែជាម្ហូបជនបទស្រុកស្រែឈ្ងុយឆ្ងាញ់បែបធម្មជាតិពិតៗ។
នៅក្នុងនោះ ចំណែកបរិវេណផ្ទះក៏មានដំណាំ បន្លែ បង្ការ និងបរិយាកាសបែបធម្មជាតិត្រជាក់ស្រស់ស្រាយខ្លាំង សាកស្នាក់កម្សាន្តនឹងស្បើយអស់ទុក្ខកង្វល់ និងក្តីនឿយហត់ជាមិនខាន។
គួរឱ្យដឹងផងដែរថា Maya village មានទីតាំងស្ថិតនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (ពីភ្នំពេញឆ្លងដ ទៅតែ១០នាទីប៉ុណ្ណោះ) ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 722 734 ឬហ្វេសប៊ុកផេក Maya Village ដោយតម្លៃនៃការស្នាក់នៅក្នុងមួយយប់សម្រាប់ផ្ទះលំហែ មានចន្លោះពី ៣៥ដុល្លារ ទៅ១០០ដុល្លារក្នុងមួយផ្ទះ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក