នៅក្នុងប្រទេសកម្ពុជាយើង មានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងណាស់សុទ្ធតែមានទេសភាពស្រស់ស្រាយ ត្រជាក់ភ្នែក ត្រជាក់អារម្មណ៍ ដើម្បីកម្សាន្តសប្បាយរំសាយទុក្ខកង្វល់នានាបាន ដោយក្នុងនោះ នៅក្នុងខេត្តតាកែវ ព្រំប្រទល់ខេត្តកំពតមានកន្លែងកម្សាន្តបែបថ្មីមួយកន្លែងទៀតហើយទទួលបានការពេញនិយមពីភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិមានឈ្មោះថា « រមណីយដ្ឋានធម្មជាតិម្លេច »។
« រមណីយដ្ឋានទំនប់ម្លេច » នេះ ត្រូវបានគេដឹងថា មានទេសភាពធម្មជាតិបៃតងយ៉ាងស្រស់បំព្រង ជាមួយជួរភ្នំតូចធំ ទេសភាពព្រៃឈើតូចធំខៀវស្រងាត់ បៃតង និង ទឹកថ្លាឈ្វេងអាចហែលលេងបាន ពោលគឺជាទីកន្លែងកំសាន្តបែបធម្មជាតិដ៏ពេញនិយមដែលគ្រប់គ្នាប្រាថ្នាដូចជា ៖
-មានចំណតរថយន្តធំទូលាយ ដែលអាចចតរថយន្តបានរហូតដល់១៣០គ្រឿង
-មានបំរើអាហារបែបខ្មែរ ជាពិសេសមាន់ស្រែដុតភ្លាមៗមានរសជាតិឈ្ងុយឆ្ងាញ់ និងភេសជ្ជៈគ្រប់មុខ ព្រមទាំងមានកាហ្វេគ្រាប់កិនភ្លាមៗ នាំចូលពីអុីតាលី
- មានកន្លែងអង្គុយញាំអាហារក្បែរមាត់ទឹកដែលអាចញាំបណ្តើរគយគន់ទេសភាពព្រៃភ្នំបណ្តើរ ជាពិសេសមានខ្យុសបណ្តែតទឹក ដែលយើងអាចមើលឃើញត្រីហែលទឹកជុំវិញកន្លែងយើងអង្គុយ
- មានសួនផ្កា និងកន្លែងថតរូបសំបូរបែប
-មានទូកជិះកំសាន្ត និងហែលទឹកលេងក្នុងបឹងធម្មជាតិ
- មានល្បែងកំសាន្តដើរលើខ្សែពួរ
- មានតារាងបាល់ទាត់ខ្នាតតូចសំរាប់លេងកំសាន្ត
- មានទោងជិះលេងសំរាប់កុមារ និងយុវវ័យ
- មានតង់ស្នាក់នៅក្នុងពេលរាត្រី មាន២ខ្នាត សំរាប់មនុស្ស២នាក់ និង៤នាក់ ព្រមទាំងអាចកុំម៉ងសាច់អាំងពេលយប់បានថែមទៀតផង
- មានបន្ទប់ទឹក និងបង្គន់អនាម័យត្រឹមត្រូវតាមស្តង់ដាអនាម័យ
- មានភ្លើងបំភ្លឺគ្រប់កន្លែងក្នុងពេលរាត្រី
- មានបុគ្គលិកយាមកាម២៤ម៉ោង មានសុវត្ថិភាព១០០%
គួរឱ្យដឹងផងដែរថា ទំនប់ម្លេច គឺជារមណីយដ្ឋានធម្មជាតិ ដែលមានទីតាំងស្ថិតនៅព្រំប្រទល់រវាងខេត្តកំពត និង ខេត្តតាកែវ ក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយប្រមាណជា ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។
បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅដល់ព្រំប្រទល់រវាងខេត្តតាកែវ និង ខេត្តកំពត នៅដើមផ្លូវខាងស្តាំដៃ មានស្លាកអតីតសាកលវិទ្យាល័យ”ភូមិន្ទតាកែវ-កំពត” ដែលសាកលវិទ្យាល័យនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ រួចបត់ស្តាំចូលតាមផ្លូវដីប្រមាណជា ៦ គីឡូម៉ែត្រនឹងទៅដល់រមណីយដ្ឋានធម្មជាតិទំបន់ម្លេច ដែលស្ថិតនៅក្បែរភ្នំនារាយណ៍ និង ភ្នំមេអំបៅ ដោយលោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០១១ ៨៨៨ ០៥៦ / ០១៦ ៨៨៨ ០៥៦ ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ រមណីយដ្ឋានធម្មជាតិម្លេច