ការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែផ្នែក ៤ នេះនៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖
៤) ក្បាលបែកញើសច្រើន
ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់។ ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។
៣) បែកញើសដៃនិងជើងច្រើន
អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ភេសជ្ជៈ និងគ្រឿងស្រវឹង។ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក តែបៃតងវិញ។
យ៉ាងណានៅពេលដែលអ្នកមានសភាពគ្រុនក្ដៅ ឬរាងកាយខ្សោះជាតិទឹកក៏ងាយនឹងធ្វើឲ្យបែកញើសដៃផងដែរ។
២) បែកញើសនៅកញ្ចឹងក
ជាធម្មតាការបែកញើសខ្លាំងតែលើផ្នែកកញ្ចឹងក វាជាសញ្ញាព្រមានពីការជាតិស្ករក្នុងឈាមទាប។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែម ច្រើនតែមានបញ្ហាកង្វះជាតិស្ករក្នុងឈាម នោះក៏ដោយសារមុខងារលំពែងរបស់ពួកគេដំណើរការលែងបានល្អដូចមុន ហើយអ្នកត្រូវតែប្រញាប់ដោះស្រាយដោយរកអ្នកជំនាញពិគ្រោះយោបល់លើបញ្ហានេះ។
អ្នកអាចសង្កេតមើលបាន អាការៈនៅពេលបែកញើសច្រើននៅផ្នែកក្រោយកញ្ចឹងក វាក៏នាំឲ្យអ្នកឆាប់ស្លន់ ឆាប់ភិតភ័យ ហើយចុះខ្សោយលឿន។
១) ពាក់កណ្ដាលរាងកាយបែកញើស ពាក់កណ្ដាលរាងកាយស្ងួត
នេះជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចវិវត្តទៅរកជំងឺ Hemiplegia ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រសិនណាវាមានអាការៈបែកញើសបែបហ្នឹង ហើយវិលមុខ ឈឺក្បាល ក្អួតចង្អោរដល់សន្លប់ អ្នកត្រូវតែប្រញាប់ទៅរកពេទ្យជាបន្ទាន់ ជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក