លោក Richard Branson គឺជាសហគ្រិនដ៏ល្បីល្បាញម្នាក់នៅក្នុងពិភពលោក។ គាត់គឺជាអ្នកបង្កើតក្រុមហ៊ុនសម្ព័ន្ធ Virgin ។ បច្ចុប្បន្ន ក្រុមហ៊ុនសម្ព័ន្ត Virgin មានក្រុមហ៊ុនជាង ៤០០ និងបុគ្គលិកធ្វើការជាង ៦០០០០ នៅបណ្តា ៥០ប្រទេស។
លោកកើតមកមិនស្ថិតក្នុងត្រកូលអ្នកមាននោះទេ គាត់ឈប់រៀននៅអាយុ ១៥ឆ្នាំដើម្បីធ្វើការ។ នៅថ្ងៃចុងក្រោយនៃថ្នាក់រៀនរបស់គាត់ ប្រធានថ្នាក់របស់គាត់ Robert Drayson បានប្រាប់គាត់ថា Richard Branson អាចនឹងចូលគុក ឬក៏ក្លាយជាមហាសេដ្ឋីម្នាក់។
ខាងក្រោមគឺជាគន្លឹះទាំង៦ ដែលអ្នកអាចរៀនពីលោក Richard Branson ៖
១. ធ្វើការផ្លាស់ប្តូរទម្លាប់ដដែលៗណាមិនជួយអ្នកឲ្យរីកចម្រើនមួយកម្រិតទៀត
វាគឺជាគោលការណ៍ទី១ ដែលគ្រប់សហគ្រិនទាំងអស់ត្រូវតែមាន។ សហគ្រិនមួយដែលជោគជ័យ គឺត្រូវធ្វើការផ្លាស់ប្តូរទម្លាប់ណាដែលមិនធ្វើឲ្យគេរីកចម្រើន។
បើតាមសំដីលោក Richard Branson នៅពីក្រោយគ្រប់អាជីវកម្មទាំងអស់ គឺតែងតែមានរបាំងមិនចង់ផ្លាស់ប្តូរ។ ប្រសិនបើអ្នកមិនមានការប្តេជ្ញាខ្ពស់ដើម្បីផ្លាស់ប្តូរ នោះអ្នកប្រហែលជានៅតែធ្វើអ្វីមួយមិនមានការរីកចម្រើនទៅមុខទៀត។
២. ខ្ញុំគឺជាអ្នកទីផ្សារ
អ្នកត្រូវតែស្រលាញ់ផលិតផលរបស់អ្នកមុននឹងដាក់លក់ក្នុងទីផ្សារ។ លោក Richard Branson និយាយថាគាត់នឹងមិនចាប់ផ្តើមអាជីវកម្មរបស់គាត់ឡើយ បើសិនជាគាត់មិនស្រលាញ់ផលិតផលដែលគាត់នឹងចាប់ផ្តើម។ គាត់តែងតែយកបេះដូងស្តាប់អតិថិជនពីតម្រូវការរបស់ពួកគេ ហើយបន្ទាប់សួរខ្លួនឯងថា៖ តើខ្ញុំស្រលាញ់ផលិតផលដែលនឹងបំពេញតម្រូវការនេះដែរឬទេ? បើសិនជាចម្លើយ ‘Yes’ នោះគាត់នឹងធ្វើវា។
៣. បង្កើតតម្លៃ និងផ្តល់វាត្រលប់ទៅអ្នកប្រើប្រាស់វិញ
លោក Richard Branson គឺជាអ្នកមានជំហររឹងមំាកាលដែលបង្កើតអាជីវកម្មគឺដើម្បីបង្កើតតម្លៃដល់ជីវភាពរស់នៅរបស់មនុស្ស។ បើសិនអ្នកបង្កើតអាជីវកម្មគ្រាន់តែចង់រកលុយជាជាងធ្វើការផ្លាស់ប្តូរជីវភាពរស់នៅរបស់មនុស្ស នោះអ្នកទំនងតិចតួចក្នុងការជោគជ័យ។
៤. ធ្វើឲ្យល្អខុសគេ និងមានចំណាប់អារម្មណ៍
នៅពេលយើងចាប់ផ្តើមអាជីវកម្ម អ្នកនឹងខ្វះខាតធនធានផ្សេងៗ ហើយនឹងពិបាករកថវិកាគ្រប់គ្រាន់ដើម្បីផ្សព្វផ្សាយនិងធ្វើសកម្មភាពទីផ្សារ។ លោក Richard Branson ជឿជាក់ថានៅក្នុងស្ថានភាពបែបនេះ នឹងបង្ខំអ្នកឲ្យរកវិធីថ្មីមួយផ្សេងទៀតដើម្បីទាក់អារម្មណ៍អតិថិជនឲ្យចាប់អារម្មណ៍ផលិតផលរបស់អ្នក។
ដំបូងន្មានដ៏ល្អបំផុតពីលោក Freddie Laker មហាសេដ្ឋីក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេសនិយាយថា៖ អ្នកត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីឲ្យលេចឈ្មោះនៅទំព័រដំបូង មិនមែនទំព័រខាងក្រោយក្នុងសារពត៌មាននោះទេ។ ធ្វើអ្វីប្លែកៗនិងឆ្កួតៗឲ្យគេចាប់អារម្មណ៍ បើមិនដូចនេះទេក្រុមហ៊ុនអ្នកនឹងមិនអាចមានដង្ហើមឡើយ។
បើអ្នកមានទំនាក់ទំនងសាធារណះល្អ នោះអ្នកនឹងលេចឈ្មោះនៅលើទំព័រដើមសារពត៌មាន។ ហើយវាមានតម្លៃលានដុល្លា ជាងចំណាយលើការផ្សព្វផ្សាយនិងសកម្មភាពទីផ្សារទៅទៀត។
៥. បុគ្គលិកទី១ អតិថិជនទី២ និងម្ចាស់ភាគហ៊ុនទី៣
លោក Richard Branson ជឿជាក់ថាអតិថិជនដែលសប្បាយរីករាយ គឺដោយសារបុគ្គលិករីករាយ។ បើសិនបុគ្គលម្នាក់ធ្វើការជាមួយក្រុមហ៊ុន មិនត្រូវបានយកចិត្តទុកដាក់និងផ្តល់តម្លៃ នោះពួកគេនឹងមិនបំពេញការងារដោយពេញចិត្តនិងរីករាយ។ ដូច្នេះអតិថិនរបស់អ្នកនឹងត្រូវបានផ្តល់សេវាកម្ម ដែលធ្វើឲ្យពួកគេមិនចង់ត្រលប់មកទិញផលិតផលរបស់អ្នកម្តងទៀតដែរ។
លោកជឿជាក់លើការជួលបុគ្គលិកដែលល្អៗដើម្បីបំពេញការងារ ដូច្នេះក្រុមហ៊ុនគាត់នឹងដំណើរការល្អ បើទោះបីជាគាត់អវត្តមានក៏ដោយ។ លោកចូលចិត្តជំរុញឲ្យបុគ្គលិក បើកចិត្តយកគំនិតថ្មីៗទាំងអស់ និងលើកទឹកចិត្តពួកគេឲ្យហ៊ានធ្វើអ្វីដែលមានហានិភ័យ និងមិនព្យាយាមរិះគន់ពួកគេឡើយបើសិនជាបរាជ័យ។
៦. កុំដាក់សម្ពាធខ្លួនឯងពេក ចូរសប្បាយរីករាយ
ភាពសប្បាយរីករាយគឺជាផ្នែកមួយដ៏ធំនៃការបង្កើតអាជីវកម្ម។ លោក Richard Branson បាននិយាយថា ភាពសប្បាយរីករាយគឺជាផ្នែកមួយនៃជីវិត ហើយបើអ្នកមិនសប្បាយរីករាយនោះទេ ចូរឈប់ធ្វើវាទៅហើយរកអ្វីមួយផ្សេងទៀតធ្វើជំនួសវិញ។ ហេតុអ្វីបានជាអ្នកនៅតែធ្វើវា បើសិនជាអ្នកមិនសប្បាយរីករាយជាមួយវាផង?
ជារួម លោក Richard Branson គឺជាសហគ្រិនឆ្នាមម្នាក់ដែលមួយជីវិតគាត់ ហ៊ានធ្វើការងារមានហានិភ័យ រកមនុស្សល្អៗដើម្បីធ្វើការជាមួយ និងបង្កើតតម្លៃសម្រាប់មនុស្សនៅក្នុងពិភពលោក ហើយគាត់ជាអ្នកចូលចិត្តធ្វើអ្វីដែលនំាភាពសប្បាយរីករាយដល់ជីវិតរបស់គាត់។
ប្រភព: trak.in