ច្បាប់គ្រួសារទាំង ៩ ប្រការ ដែលលោកអតីតប្រធានធិបតី បារ៉ាក់ អូបាម៉ា តែងអប់រំកូនតាំងពីតូចមក

ការអប់រំនៅក្នុងគ្រួសារ គឺជាគន្លឹះដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ ហើយម្តាយឪពុក គឺជាគ្រូដ៏ល្អបំផុតសម្រាប់បង្ហាញផ្លូវដល់កូនៗ នៅក្នុងដំណាក់កាលធំធាត់របស់កុមារ មុខងារដែលម្តាយឪពុកមាននោះគឺច្រើនជាងគ្រូនៅក្នុងសាលាទៅទៀត។

រាល់ដងឱ្យតែនិយាយដល់ការអប់រំនៅក្នុងគ្រួសារ ម្តាយឪពុកជាច្រើនសុទ្ធតែយល់ថាជារឿងធម្មតា ប៉ុន្តែបើនៅពេលដែលកូនៗអ្នកនៅតូចមិនបានអប់រំបានល្អទេ នោះកូនៗគ្រាន់តែអាចរស់នៅក្នុងលំដាប់ទាបបំផុតនៃសង្គមប៉ុណ្ណោះ។

យើងរាល់គ្នាសុទ្ធតែដឹងហើយថា លោកអូប៉ាម៉ា គឺជាអតីតប្រធានាធិបតីស្បែកខ្មៅទី១របស់សហរដ្ឋអាមេរិក ហើយរាល់អ្វីដែលគាត់បានជោគជ័យនេះ គឺដោយសារតែគាត់កាលពីតូចត្រូវបានម្តាយគាត់អប់រំយ៉ាងតឹងរឹង។

លោកអូប៉ាម៉ាធ្លាប់បានចែករំលែកអំពីបទពិសោធន៍នៃការអប់រំរបស់ខ្លួន បើចង់ឱ្យកូនៗធំឡើងក្លាយជាធនធានមនុស្ស នោះគឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយម្តាយឪពុកយ៉ាងខ្លាំង ដូច្នេះហើយ ការអប់រំកូនឱ្យក្លាយទៅជាបុគ្គលម្នាក់ដែលមានជំនឿចិត្ត មានសមត្ថភាព មានទំនួលខុសត្រូវ គឺជាកាតព្វកិច្ចរបស់ម្តាយឪពុក។

កូនៗរបស់លោកអូប៉ាម៉ា គឺជាឧទហរណ៍ដ៏ល្អមួយ ព្រោះកូនស្រីរបស់គាត់សុទ្ធតែពូកែ សុទ្ធតែប្រលងជាប់ចូលរៀននៅក្នុងសាលាល្បី ហើយភាពពូកែរបស់កូនស្រីគាត់ទាំងនេះ គឺកាលកូនស្រីគាត់អាយុ១០ឆ្នាំ និង៧ ឆ្នាំមិនដែលឃ្លាតឆ្ងាយពីលោកស្រី ម៉ីសឆែល ដែលជាម្តាយរបស់ពួកគេឡើយ គាត់បានកំណត់ “ច្បាប់គ្រួសារទាំង៩” ប្រការនេះឡើងមក។

Image_2022 05 02_062743459

១. មិនអាចខឹងត្អួញត្អែរ ឈ្លោះគ្នា សើចចំអកធ្វើឱ្យគេស្អប់ដោយឥតហេតុផលឡើយ

ក្មេងម្នាក់ចង់ដឹងមានការអប់រំឬអត់ មិនត្រឹមតែបញ្ជាក់ពីភាពឆ្នើមរបស់ក្មេងនេះទេ កាន់តែអាចបញ្ជាក់បានពីភាពពូកែរបស់អាណាព្យាបាលគេទៀតផង បង្ហាញថារបៀបនៃការអប់រំកូនមានលក្ខណៈខុសប្លែកពីគេ។ នៅក្នុងជីវិតរស់នៅ ត្រូវប្រាប់កូនថាមិនអាចត្អួយត្អែរ ឬឈ្លោះប្រកែកដោយឥតហេតុផលនោះឡើយ ឬជាការសើចចំអកដែលធ្វើឱ្យគេស្អប់ ត្រូវធ្វើជាមនុស្សដែលមានការអប់រំនៅក្នុងខ្លួន បែបនេះទើបកូនអាចទទួលបានការគោរពពីអ្នកដទៃ។

២. ភ្ញាក់ពីគេងត្រូវបត់ភួយ និងរៀបចំគ្រែឱ្យបានរៀបរយ

ចាប់ពីពេលដែលងើបពីគេង កូនៗត្រូវតែចាប់ផ្តើមរៀបចំគ្រែគេងរបស់ពួកគេ នេះគឺជាការគោរពចំពោះខ្លួនឯង និងអ្នកដទៃ។ ដូចអ្នកដឹងស្រាប់ហើយ ការហ្វឹកហាត់ទាហាននៅបរទេសតែងមានកំណត់គោលការណ៍នេះឡើងមក ព្រោះការបត់ភួយគឺជាការហ្វឹកហ្វឹនដែលមិនអាចខ្វះបាននៅក្នុងជួរកងទ័ព បើភួយនោះមានលក្ខណៈដូចជាដុំតៅហ៊ូ គឺអាចបញ្ជាក់ថាមនុស្សម្នាក់នេះគឺចូលចិត្តស្អាតរៀបរយ តែបើតាំងពីដើមមកចូលចិត្តយកភួយមកគរលើគ្នា ឬធ្វើរួចតែពីដៃ នោះក្មេងម្នាក់នោះកំណត់ថាមួយជីវិតគេនេះមិនស្គាល់ពាក្យអ្វីហៅថាជាសណ្តាប់ធ្នាប់នោះឡើយ ជាពិសេសផ្ទះដែលមានកូនស្រី ដាច់ខាតត្រូវតែដាក់វិន័យមួយនេះក្នុងផ្ទះ។

៣. មិនអាចដេញតាម ឬស្រលាញ់តារាល្បីណាដល់ថ្នាក់ងប់ងុលខ្លាំងពេកទេ

មនុស្សគ្រប់គ្នាសុទ្ធតែមានការគាំទ្រស្រលាញ់តារាដែលខ្លួនពេញចិត្ត តែកុំដល់ថ្នាក់ទៅស្រលាញ់គាំទ្រពួកគេទាំងនោះខ្លាំងពេក ការគាំទ្រតារាទាំងងងឹតងងុលនេះ ត្រូវប្រើអារម្មណ៍ធម្មតាទៅគាំទ្រពួកគេទៅបានហើយ។ អាណាព្យាបាលត្រូវតែឱ្យកូនដឹងថា “កូនអាចចូលចិត្តការគាំទ្របាន តែចិត្តរបស់កូនដាច់ខាតត្រូវមុតមាំ ហើយត្រូវដឹងថារបស់ទាំងនេះមិនអាចបំពេញឆាកជីវិតកូនឱ្យពេញលេញឡើយ កូនត្រូវស្គាល់ពីភាពពិតឱ្យបានច្បាស់។”

Image_2022 05 02_062807551

៤. រក្សាភាពស្អាតអនាម័យនៃទីកន្លែងដាក់ប្រដាប់ប្រដាលេង

ក្មេងៗដាច់ខាតត្រូវតែមានទំនួលខុសត្រូវក្នុងខ្លួន អាណាព្យាបាលអាចផ្តល់ទីកន្លែងដាក់ប្រដាប់ប្រដាលេងដល់កូនៗមួយបាន ទោះជាបរិវេណនោះតូចបន្តិចក៏មិនអីដែរ រាល់ពេលដែលកូនលេងប្រដាប់ប្រដាទាំងនោះហើយ អ្នកត្រូវប្រាប់កូនថា ត្រូវយករបស់លេងទាំងនោះទៅដាក់នៅកន្លែងដើមវិញ ហើយត្រូវបោះសម្អាតកន្លែងលេង និងកន្លែងដាក់របស់លេងនោះឱ្យបានល្អមានអនាម័យ។

៥. ជួយរំលែកការងារផ្ទះដល់ម្តាយឳពុក មួយអាទិត្យអាចទទួលបានប្រាក់មួយដុល្លារ

អាណាព្យាបាលត្រូវរៀនចេះផ្តល់ឱ្យកូនចូលរួមដឹង និងធ្វើកិច្ចការងារផ្ទះ ដែលកូនៗអាចមានសមត្ថភាពធ្វើបាន ដើម្បីឱ្យពួកគេដឹងថាមានតែការលះបង់ទេទើបអាចទទួលបានការតបស្នង។ នេះគឺជាគោលការណ៍នៃការរស់នៅក្នុងសង្គមមួយនេះ។ នៅក្នុងផ្នែកនេះ លោក អូប៉ាម៉ា ធ្វើបានល្អណាស់ ឱ្យតែកូនស្រីអាចជួយការងារផ្ទះ លោកនឹងផ្តល់ជាប្រាក់រង្វាន់ដល់កូនៗជាមិនខាន ចំពោះការអប់រំនៅក្នុងស្រុកយើងគឺពិបាកក្នុងការទទួលយកណាស់ យ៉ាងណា ព្រោះអាណាព្យាបាលជាច្រើនតែងយល់ថាពេលដែលឱ្យកូនៗជួយធ្វើការងារផ្ទះ អាចធ្វើឱ្យពួកគេរងរបួស ឬធ្វើមិនបានល្អ ។ តាមពិតទៅអាណាព្យាបាលគួរតែរៀនចេះទៅបណ្តុះបណ្តាលកូនៗឱ្យស្គាល់ពីពលកម្ម ប្រាក់រង្វាន់ ឬការពិន័យ។

៦. នៅក្នុងថ្ងៃខួបកំណើរ ឬពិធីបុណ្យផ្សេងៗ គ្មានកាដូហ៊ឺហា និងការជួបជុំដ៏ស៊ីវិល័យអ្វីឡើយ

ការសន្សំសំចៃ គឺជាទង្វើដ៏ប្រពៃមួយ តែដោយសារតែភាពជឿនលឿនតាមសម័យកាល កម្រិតជីវភាពរបស់មនុស្សកាន់តែខ្ពស់ទៅៗ បច្ចុប្បន្នមិនថាជាមនុស្សចាស់ ឬកូនក្មេងឡើយ រាល់ពេលដែលធ្វើខួបកំណើតដឹងតែអធិកអធមតែម្តង បើអ្នកមានប្រាក់ធូរធារវិញតែធ្វើពិធីជប់លៀងខ្នាតធំតែម្តង។ តាមពិតទៅទាំងនេះគឺមិនចាំបាច់នោះទេ នេះអាចធ្វើឱ្យកូនកាន់តែចូលចិត្តភាពហ៊ឺហាស៊ីវិល័យ។

Image_2022 05 02_062819563

៧. រាល់យប់ម៉ោង ៨ កន្លះត្រូវតែបិទភ្លើង

តាមពិតទៅ កូនៗមិនចេះកំណត់ពេលវេលាសម្រាប់ខ្លួនអ្វីនោះឡើយ ហើយក៏មិនអាចយល់ដឹងពីពេលវេលានោះដែរ។ ការបណ្តុះបណ្តាលទស្សនៈពេលវេលាសម្រាប់កូនៗ គឺត្រូវចាប់ពីពេលធ្វើការ និងពេលសម្រាកឡើងទៅ មានតែឱ្យកូនចូលគេង និងភ្ញាក់ពីដំណេកទៀងពេលទេ ទើបពួកគេ អាចបែងចែកបានពីពេលថ្ងៃ និងពេលយប់ និងធ្វើឱ្យពួកគេមានទម្លាប់កាន់តែល្អ។

៨. រៀបចំការសិក្សាក្រៅម៉ោងបន្ថែមដែលចាំបាច់

អាណាព្យាបាលគ្រប់គ្នាសុទ្ធតែសង្ឃឹមថាកូនៗរបស់ខ្លួនទទួលបានការអភិវឌ្ឍន៍ពេញលេញ តែអ្វីដែលត្រូវប្រុងប្រយ័ត្ន គឺមិនត្រូវចុះឈ្មោះរៀនថ្នាក់ក្រៅម៉ោងគ្រប់ប្រភេទនោះទេ នេះមិនត្រឹមតែឱ្យក្មេងបាត់បង់ភាពរីករាយនោះទេ នៅអាចធ្វើឱ្យក្មេងស្អប់ការសិក្សាទៀតផង។ ដូច្នេះ អាណាព្យាបាលមិនគួរប្រើប្រាស់ជីវិតដែលទំនេរមកបំពេញវិជ្ជាក្រៅម៉ោងបន្ថែមដល់កូនៗច្រើនពេកឡើយ ត្រូវគោរពតាមចិត្តបំណងកូនផងដើម្បីនៅពេលដែលពួកគេសិក្សាវិជ្ជាទាំងនោះគ្មានអារម្មណ៍សម្ពាធ។

៩. កិច្ចការរបស់ខ្លួនត្រូវធ្វើដោយខ្លួនឯង

សមត្ថភាពឯករាជ្យដោយខ្លួនឯង គឺជាសមត្ថភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាននោះទេ ឧទាហរណ៍ ៖ ស្លៀកសម្លៀកបំពាក់ខ្លួនឯង ដុសធ្មេញខ្លួនឯង បត់ភួយខ្លួនឯងជាដើម។

ឯករាជ្យ មើលទៅដូចជាការទាមទារដ៏សាមញ្ញមួយ តែនិយាយចំពោះកូនវិញ គឺជាការហ្វឹកហាត់ដ៏ចាំបាច់មួយ។ អាណាព្យាបាលជាច្រើននាពេលបច្ចុប្បន្នសុទ្ធតែស្រលាញ់កូនហួសហេតុពេក បណ្តាលឱ្យកូនៗទោះជាធំធាត់ដល់អាយុចូលរៀនក៏ដោយ ក៏នៅតែមិនទាន់ចេះពាក់ស្បែកជើងខ្លួនឯង បត់ភួយខ្លួនឯងដែរ តែអាណាព្យាបាលទាំងអស់ត្រូវដឹងថា អ្នកគ្រាន់តែអាចមើលថែកូនបានមួយពេល មិនអាចមើលថែពួកគេមួយជីវិតឡើយ មុនក្រោយពួកគេនៅតែត្រូវទៅប្រឈមមុខនិងជីវិតរបស់ខ្លួនដោយឯករាជ្យដដែល ដូច្នេះ ការបណ្តុះបណ្តាលកូនឱ្យមានភាពឯករាជ្យតាំងពីតូចគឺជាកត្តាសំខាន់បំផុត៕

អត្ថបទ ៖ Mythical Bird / Knongsrok