មហារីកសួតជារឿយៗបណ្តាលមកពីការជក់បារី ដែលអាចការពារបានទាំងស្រុង។ ប៉ុន្តែមនុស្សភាគច្រើនដែលមានជំងឺមហារីកសួត គឺមិនបានដឹងពីជំងឺរបស់ពួកគេទេរហូតដល់យឺតពេល។ ដូច្នេះហើយអ្នកត្រូវដឹងពីសញ្ញាដំបូងនៃជំងឺ ដូចខាងក្រោម ដើម្បីពិនិត្យនិងព្យាបាលទាន់ពេល ។
ក្អកជាប់រហូតមិនបាត់៖ ការក្គកជាប់រហូតអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ការជក់បារី រលាកងសួត ជំងឺហឺត និងមហារីកសួត។ ប្រសិនបើអ្នកមានការក្អកដែលមានរយៈពេលលើសពី ៣ សប្តាហ៍ ជាការល្អបំផុតគួរតែទៅជួបគ្រូពេទ្យជាប្រញាប់។
ក្អកមានឈាមឬស្លេស៖ ការក្អកមានឈាម ឬស្លេសអាចបណ្តាលមកពីជំងឺរលាកទងសួត ជំងឺហឺត រលាកសួត របេង និងមហារីកសួត ជាដើម។ ម្យ៉ាងទៀត ក្នុងករណីដែលអ្នកក្អកមានកំហាកច្រើន មានកំហាកលាយជាមួយឈាម ឬក្អកមានឈាម ក៏ត្រូវទៅជួបគ្រូពេទ្យភ្លាម។
ដង្ហើមខ្លី ឬពិបាកដកដង្ហើម៖ ការអង្គុយក្នុងបរិយាកាសដែលមានខ្យល់អាកាស ឬគ្រាន់តែធ្វើអ្វីដែលនឿយហត់ពេកក៏អាចបណ្ដាលឱ្យអ្នកពិបាកដកដង្ហើម ឬដកដង្ហើមខ្លីបានដែរ។ មិនតែប៉ុណ្ណោះ ការមានដង្ហើមខ្លី អាចបណ្តាលមកពីជំងឺជាច្រើន ជាពិសេសជំងឺសួត ជំងឺស្ទះសួតរ៉ាំរ៉ៃ រលាកទងសួត ស្ទះសួត ហឺត និងរលាកសួត។ ចំណែក មហារីកសួតក៏ជាជំងឺដែលអាចធ្វើអោយពិបាកដកដង្ហើមផងដែរ។
បើនិយាយចំពោះ លក្ខខណ្ឌវេជ្ជសាស្រ្តមួយចំនួនបង្ហាញថា ការដកដង្ហើមខ្លីៗអាចបណ្ដាលមកពីជំងឺសំខាន់ៗដូចជា ជំងឺខ្សោយបេះដូង កំណកឈាម ភាពស្លេកស្លាំង។
ឈឺទ្រូង៖ ជំងឺជាច្រើនដែលអាចបណ្តាលឱ្យឈឺទ្រូង មានដូចជា ជំងឺបេះដូង ជំងឺសួត និងការឆ្លងមេរោគ ហើយរោគសញ្ញានេះក៏អាចជាផលរំខាននៃថ្នាំ ឬការព្យាបាលផ្សេងទៀត ដែលមានប្រហែល ១០% នៃអ្នកជំងឺមហារីកសួតមានការឈឺទ្រូង។
ការឈឺទ្រូងអាចប្រែប្រួលតាមលក្ខណៈ ពីការឈឺចាប់ស្រាលទៅការឈឺចាប់ស្រួចស្រាវ រោគសញ្ញាដែលភ្ជាប់មកជាមួយអាចរួមមាន ពិបាកដកដង្ហើម បែកញើស និងចង្អោរ។
ការសម្រកទម្ងន់ដោយគ្មានហេតុផល៖ ការសម្រកទម្ងន់ដោយគ្មានរបបអាហារ ឬហាត់ប្រាណ ក៏អាចជាសញ្ញានៃជំងឺមហារីក ជាពិសេសមហារីកសួតគឺជាមូលហេតុទូទៅបំផុតនៃការសម្រកទម្ងន់ចំពោះអ្នកដែលមានជំងឺនេះ។ មូលហេតុខ្លះទៀតអាចបណ្តាលមកពីការឆ្លងមេរោគ ការបរិភោគអាហារ និងថ្នាំ។ ហេតុនេះ នៅពេលដែលអ្នកស្រកទម្ងន់ដោយគ្មានហេតុផលច្បាស់លាស់ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីកំណត់ពីមូលហេតុ។
ប្រភព៖ បរទេស