តារានិករទាំង១២ (zodiac) ត្រូវបានមនុស្សសម័យបច្ចុប្បន្ននិយមហៅ តែតាមពិតទៅនៅក្នុងភាសាខ្មែរយើងគេហៅថា រាសីចក្រ ឬ ចក្ររាសី ដែលមាននិយមន័យជា មណ្ឌលមេឃវង់មូលដូចកណ្ដាប់កង់ ជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រ ដែលចែកជា ១២ ល្វែង ក្នុងល្វែងមួយៗហៅថា មួយរាសី; ១២ រាសីហៅថា មួយរាសិចក្រ ឬ មួយចក្ររាសី។
ផ្កាយទាំង១២នេះស្ថិតនៅតម្រៀបជួរគ្នា ពីមួយទៅមួយ តាមលំដាប់លំដោយដូចគ្នាទៅនឹងឈ្មោះខែទាំង១២ដូចជា ៖
ទី១. គឺផ្កាយ Aries (ថ្ងៃទី ២១ ខែមីនាដល់ថ្ងៃទី ១៩ ខែមេសា) ហៅតាមភាសាសំស្ក្រឹតថា « មេស » ដែលមានន័យថាសត្វពពែ ឬចៀម ហើយត្រូវនឹងខែមេសា /មេសៈ ឬ មេសរាសី (រាសីចៀមឬពពែ) ។
ទី២. ផ្កាយ Taurus (ថ្ងៃទី ២០ ខែមេសាដល់ថ្ងៃទី ២០ ខែឧសភា) ជាភាសាសំស្ក្រឹត « ឧសភ » ដែលមានន័យថាសត្វគោ ត្រូវនឹងខែឧសភា / ឧសភៈ ឬ ឧសភរាសី (គោឈ្មោល) ។
ទី៣. ផ្កាយ Gemeni (២១ ឧសភា-២០ មិថុនា) ជាភាសាសំស្ក្រឹត « មិថុន » ដែលមានន័យថាភ្លោះ ឬគូ ហើយត្រូវនឹងខែមិថុនា/មិថុនៈ ឬ មិថុនរាសី (គូបុរសនិងស្ត្រី) ។
ទី៤. ផ្កាយ Cancer (២១ មិថុនា-២២ កក្កដា) ជាភាសាសំស្ក្រឹត « កក្កដា » ដែលមានន័យថាសត្វក្តាម ហើយត្រូវនឹងខែកក្កដា/កក្កដៈ ឬ កក្កដរាសី (រាសីក្ដាម) ។
ទី៥. ផ្កាយ Leo (២៣ កក្កដា-២២ សីហា) ជាភាសាសំស្ក្រឹត « សីហ » ដែលមានន័យថាសត្វសិង្ហ ឬតោ ហើយត្រូវនឹងខែសីហា/ សីហៈ ឬ សីហរាសី (រាសីតោ) ។
ទី៦. ផ្កាយ Virgo (២៣ សីហា-២២ កញ្ញា) ជាភាសាសំស្ក្រឹត « កញ្ញា » ដែលមានន័យថាស្រីក្រមុំ ហើយត្រូវនឹងខែកញ្ញា/កញ្ញា ឬ កញ្ញារាសី (រាសីស្រីក្រមុំ)។
ទី៧. ផ្កាយ Libra (២៣ កញ្ញា-២២ តុលា) ជាភាសាសំស្ក្រឹត « តុលា » ដែលមានន័យថាជញ្ជីង ហើយត្រូវនឹងខែតុលា/តុលា ឬ តុលារាសី (រាសីជញ្ជីងត្រាជូរ)។
ទី៨. ផ្កាយ Scorpius (២៣ តុលា-២១ វិច្ឆិកា) ជាភាសាសំស្ក្រឹត « វិច្ឆិក » ដែលមានន័យថាសត្វខ្ទួយ ឬខ្យាដំរី ហើយត្រូវនឹងខែវិច្ឆិកា/ វិច្ឆិកៈ ឬ វិច្ឆិករាសី (រាសីខ្ទួយ) ។
ទី៩. ផ្កាយ Sagittarius (២២ វិច្ឆិកា-២១ ធ្នូ) ដែលនៅក្នុងព្រេងកថាក្រិក គឺជាតួអង្គដែលមានខ្លួនជាសេះ ក្បាលជាមនុស្ស ហើយដៃកាន់ធ្នូ។ នៅក្នុងតារាសាស្ត្រឥណ្ឌាគេហៅផ្កាយនេះ ជាភាសាសំស្ក្រឹត « ធនុ » ដែលមានន័យថាធ្នូ ហើយត្រូវនឹងខែធ្នូ /ធនុ ឬ ធនុរាសី (រាសីធ្នូ)។
ទី១០. ផ្កាយ Capricornus (ថ្ងៃទី ២២ ខែធ្នូដល់ថ្ងៃទី ១៩ ខែមករា) ដែលមានរូបរាងមួយកំណាត់ខាងក្បាលជាពពែ និងមួយកំណាត់ខាងកន្ទុយជាត្រី ចំណែកក្នុងតារាសាស្ត្រឥណ្ឌាគេហៅថាជាសត្វមករ ហើយត្រូវនឹងខែមករា/ មករៈ ឬ មកររាសី (រាសីសត្វមករ)។
ទី១១ .ផ្កាយ Acquarius (២០ មករា-១៨ កុម្ភៈ) ដែលមានរូបរាងជាមនុស្សកាន់ក្អមទឹក ចំណែកក្នុងតារាសាស្ត្រឥណ្ឌា គេហៅថាជា « កុម្ភៈ » ដែលមានន័យថាក្អម ហើយដែលត្រូវនឹងខែកុម្ភៈ /កុម្ភៈ ឬ កុម្ភរាសី (រាសីក្អម) ។
ទី១២. ផ្កាយ Pisces (ថ្ងៃទី ១៩ ខែកុម្ភៈដល់ថ្ងៃទី ២០ ខែមីនា) ដែលមានរូបរាងជាត្រីពីរកន្ទុយត្រូវគេចងជាប់គ្នា ចំណែកក្នុងតារាសាស្ត្រឥណ្ឌាគេហៅថា « មីន » មានន័យថាសត្វត្រី ហើយត្រូវនឹងខែមីនា/ មីនៈ ឬ មីនរាសី (រាសីត្រី) ។
« ដោយគេរាប់ថា មេសរាសី ជារាសីទី១ អាស្រ័យហេតុនេះហើយទើប ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឬ មហាសង្ក្រាន្ត ប្រារព្ធធ្វើឡើងនៅខែ មេសា។ ជាពេលដែលមានការផ្លាស់ប្តូរគ្នាពី មីនរាសី ទៅកាន់មេសរាសី ដែលចាប់ផ្ដើមរាប់ជាម្តងទៀត »។
ការកំណត់ផ្កាយរាសីចក្រទាំង១២នេះមានប្រវត្តិដ៏ចំណាស់ តាំងពីរាប់ពាន់ឆ្នាំមុន ដោយចាប់ផ្តើមដំបូងចេញពីមេសូប៉ូតាមី មុននឹងរីកសាយភាយទៅដល់អេហ្ស៊ីប ក្រិក ចក្រភពរ៉ូម និងរហូតមកដល់បណ្តាប្រទេសលោកខាងលិចបច្ចុប្បន្ន។ ចំណែកទៅប៉ែកខាងកើត គឺរីករាយភាយទៅដល់ឥណ្ឌា និងបណ្តាប្រទេសមួយចំនួន នៅអាស៊ីបច្ចុប្បន្ន ដោយក្នុងនោះ ក៏មានប្រទេសកម្ពុជាមួយដែរ ដែលឈ្មោះខែទាំង១២ នៅក្នុងប្រតិទិនសុរិយគតិ ត្រូវយកតាមឈ្មោះជាភាសាសំស្ក្រឹតរបស់ផ្កាយរាសីចក្រទាំង ១២នេះ។
តាមការពិត ក្នុងចំណោមផ្កាយរាសីចក្រទាំង១២ គេមិនចាប់រាប់ពីផ្កាយតំណាងខែមករាជាខែទីមួយនោះទេ ផ្ទុយទៅវិញ គេចាប់រាប់ពីផ្កាយអេរីស៍ (Aries/Bélier) ដែលជាផ្កាយមានរូបរាងជាសត្វពពែ ហើយដែលនៅក្នុងតារាសាស្ត្រឥណ្ឌាគេហៅតាមភាសាសំស្ក្រឹតថា « មេសារាសី » ហើយយើងអាចហៅដោយសាមញ្ញថា « ផ្កាយមេសា »។
នៅបណ្តាប្រទេសលោកខាងលិច ថ្ងៃទី១នៃផ្កាយអេរីស៍នេះ គឺត្រូវចំនឹងថ្ងៃសមទិវារាត្រីនៃខែមីនា ដែលត្រូវនឹងថ្ងៃទី២០ ឬទី២១ខែមីនា។ ចំណែកនៅក្នុងតារាសាស្ត្រឥណ្ឌាវិញ ថ្ងៃទី១នៃផ្កាយអេរីស៍ ឬ « មេសារាសី » គឺត្រូវចំនឹងថ្ងៃទី១៤ខែមេសា។ ហេតុដូច្នេះហើយបានជានៅឥណ្ឌា ក៏ដូចជានៅប្រទេសមួយចំនួនផ្សេងទៀត ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ គេយកថ្ងៃទី១៤ មេសា (ឬ១៣មេសា) ជាថ្ងៃចូលឆ្នាំថ្មី៕
ប្រភព៖ បុរាណាចារ្យ / rfi
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក