The meaning of 7 color glory of daily happiness
អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖
ថ្ងៃអាទិត្យ (Red) ពណ៌ក្រហម តំណាងអោយថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។
ថ្ងៃអាទិត្យ ជាក្រុមមនុស្សដែលមិនចេះអែបអបអ្នកដ៏ទៃ បើមានចិត្តពិរោធ (ខឹង) និងកើតជាភ្លើងខ្លាំង ដូចនេះរមែងធ្វើឱ្យកិច្ចការរបស់ខ្លួនតែង ខូចខាតអាសាបង់ឥតការ និង ស្ដាយក្រោយជានិច្ច បុរាណចារ្យ លោកឱ្យប្រើពណ៌ក្រហមដើម្បីជាមង្គល ចេះគ្រប់គ្រងអារម្មណ៍ ដែលធ្វើឱ្យខ្លួនគេយល់ថា ខ្លួនរបស់គេនិងធ្វើតែកាងារចាំបាច់ សម្រាប់រូបគេផ្ទាល់ប៉ុនណោះ ។
ថ្ងៃច័ន្ទ (Bright yellow) ពណ៌លឿងទុំ តំណាងអោយថ្ងៃសមនោស ភាពរីករាយ ។
ថ្ងៃច័ន្ទ ជាក្រុមមនុស្ស ដែលសេពគប់មិត្តភ័ក្ត បានល្អតែដំបូងប៉ុនណោះ លុះយូរទៅច្រើនព្រងើយៗដាក់គ្នា ហើយក៏បាត់បង់ទំនាក់ទំនងដែលអាចបង្កើតជាឱ្យកាស និង ប្រយោជន៍ដល់រូបគេ បុរាណចារ្យ លោកឱ្យប្រើពណ៌លឿងទុំដើម្បីជាមង្គល ចេះធ្វើសេចក្ដីសមនោស ចេះរក្សាទំនាក់ទំនង ការប្រាស្រ័យទាក់ទង ដើម្បីបានជាប្រយោជន៍តទៅមុខទៀត ។
ថ្ងៃអង្គារ (Royal Purple) ពណ៌ស្វាយ តំណាងអោយថ្ងៃអាថ៍កំបាំង ភាពជឿជាក់លើខ្លួនឯង ។
ថ្ងៃអង្គារ ជាក្រុមមនុស្ស ដែលពោពេញទៅដោយហេតុផលច្រើន គេច្រើនមានសេចក្ដីភ័យព្រួយច្រើនទៅលើរឿងកាងារអ្វីមួយ ជាមនុស្សខ្លាចមុខខ្លាចក្រោយ ធ្វើកិច្ចការអ្វីមួយច្រើនអែអង់ និងពឹងពាក់ទៅលើអ្នកដទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌ស្វាយ ដើម្បីជាមង្គល បង្កើនសេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯង នោះកិច្ចការអ្វីៗក៏បានសម្រេចផងដែរ ។
* ថ្ងៃពុធ (Olive drab ) ពណ៌សុីលៀប តំណាងអោយថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។ ថ្ងៃពុធ ជាក្រុមមនុស្ស ដែលច្រើនតែមើលងាយការងារ និង ស្ថានកាល ហើយចូលចិត្តនិយាយអួតអាងទៅអ្នកដ៏ទៃ និងមិនចេះខ្លាចអ្នកណាឡើយ ដូចនេះហើយរូបគេផ្ទាល់ច្រើនសម្បូរគេស្អប់ បុរាណចារ្យ លោកឱ្យប្រើពណ៌សុីលៀប ជាមង្គលដើម្បីឱ្យមានគំនិតសុទិដ្ឋិនិយម ការយល់ល្អគិតល្អចំពោះអ្នកដទៃ ទើបអាចដឹកនាំខ្លួនឯងបានល្អគេចចេញពីការស្អប់ខ្ពើមផងដែរ ។
ថ្ងៃព្រហស្បតិ៍ (Green) ពណ៌បៃតង តំណាងអោយថ្ងៃវិនិច្ឆ័យ ភាពរីកចម្រើនរុងរឿង ។
ថ្ងៃព្រហស្បតិ៍ ជាក្រុមមនុស្ស ដែលមិនចូលចិត្តការនិយាយស្ដីច្រើន ហើយការងាររបស់គេច្រើនមានប្រសិទ្ធភាព ព្រោះគេជាមនុស្សម៉ត់ចត់ចំពោះការងារផងដែរ តែគេច្រើនមានសេចក្ដីថ្នាំងថ្នាក់ចំពោះអ្នកជុំវិញខ្លួន ដោយការគិតអវិជ្ជមានទៅលើអ្នកដ៏ទៃ និងការចាប់កំហុសរបស់អ្នកដ៏ទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌បៃតង ជាមង្គលដើម្បីឱ្យរូបគេចេះវិនិច្ឆ័យ ថ្លឹងថ្លែង ព្រោះការចាប់កំហុសអ្នកដ៏ទៃ បង្កើតបានតែការមិនចុះសំរុងគ្នា និងមិនធ្វើឱ្យរូបគេមានភាពរីកចម្រើនរុងរឿងនោះទេ ។
ថ្ងៃសុក្រ (Blue) ពណ៌ខៀវ តំណាងអោយថ្ងៃប្ដេជ្ញាចិត្ត ភាពអំណត់ព្យយាម ។
ថ្ងៃសុក្រ ជាក្រុមមនុស្ស ដែលមិនទុកចិត្តអ្នកដ៏ទៃជាងរូបគេផ្ទាល់នោះទេ ទោះក្នុងសភាពណា ការណ៍ណាក៏ដោយ រូបគេចូលចិត្តសួរដេញដោល បញ្ជាក់សំដីគ្នាណាស់ បុរាណចារ្យ លោកឱ្យប្រើពណ៌ខៀវ ជាមង្គល ព្រោះភាពអំណត់ព្យាយាម និងការប្ដេជ្ញាចិត្តរបស់អ្នក សុទ្ធតែកើតមានបានដោយសារថ្វីដៃរបស់ខ្លួនផ្ទាល់ ។
ថ្ងៃសៅរ៍ (Dark Purple) ពណ៌ព្រីងទុំ តំណាងអោយថ្ងៃរាក់ទាក់ ភាពប្រាកដនិយម ។ ថ្ងៃសៅរ៍ ជាក្រុមមនុស្ស ដែលចូលចិត្តជួយអ្នកដទៃ ច្រើនជាទីទុកចិត្តដល់អ្នកដ៏ទៃ ដោយបែបនេះហើយ ទើបរូបគេទទួលបានអំណោយជារឿយៗ ពីអ្នកដ៏ទៃ ហើយជាអ្នកពូកែរៀបពាក្យពេចន៍ច្រើនចាក់បណ្ដោយ ហើយចេះប្រើពាក្យផ្អែមគ្រប់កាលៈទេសៈ បុរាណចារ្យ លោកឱ្យប្រើពណ៌ព្រីងទុំ ឬ ស្វាយក្រម៉ៅ ជាមង្គល ព្រោះភាពរាក់ទាក់របស់អ្នក និងបង្កើនភាពប្រាកដនិយមទៅលើផ្នត់គំនិតរបស់អ្នកដ៏ទៃ ដែលមានគំនិតមិនល្អទៅលើរូបអ្នក ។