ក្រៅពីការធ្វើបុណ្យទាន និងការថ្វាយបង្គំព្រះសង្ឃគឺដើម្បីសេចក្តីសុខ ចម្រើននៅក្នុងជីវិត។ តែសម្រាប់ឆ្នាំទាំង ១២ គឺមានគន្លឹះនៃការធ្វើបុណ្យសុទ្ធតែខុសៗគ្នា ប្រសិនជាធ្វើបុណ្យត្រូវ អាចជួយឱ្យកាន់តែមានសេចក្តីសុខ និងសំណាងល្អខ្លាំងតែម្តង។
ដូច្នេះមកដឹងពីអាថ៌កំបាំង ក្នុងការធ្វើបុណ្យ ដើម្បីបន្ថែមសំណាងដល់ឆ្នាំកំណើត ដល់អ្នកទាំង ១២ ដូចខាងក្រោម៖
១. ឆ្នាំជូត (កណ្តុរ) - សងបំណុលព្រះសង្ឃ
គេជឿថាបើជួយដោះបំណុល ព្រះសង្ឃ នឹងជួយឱ្យមានលុយចាយមិនដាច់ និងមិនដែលជួបនឹងការលំបាកខ្វះខាតឡើយ ដោយការជួយជាកញ្ចប់ថវិកា អំណាយដល់ព្រះវិហារ ធញវើកម្មវិធី ឬអំណោយសប្បុរសធម៌ដល់ព្រះសង្ឃ ឬវត្តអារ៉ាមដែលខ្វះខាតជំពាក់បំណុលផ្សេងៗ។
២. ឆ្នាំឆ្លូវ ( គោ ) - ការ ថ្វាយ ភ្លើង
គេមានជំនឿថា បើអ្នកកើតឆ្នាំឆ្លូវ ប្រសិនជាធ្វើបុណ្យដោយថ្វាយជាគោម អំពូលភ្លើង ឬអំពូលសឡា ដល់ទីវត្តអារ៉ាម ឬទីខ្វះខាតភ្លើងអគ្គិសនី នោះនឹងទទួលបាននូវក្តីចម្រើនរុងរឿង មិនអាប់អួរ និងមានបញ្ញាវាងវៃផងដែរ ។
៣. ឆ្នាំខាល ( ខ្លា ) - សម្អាតបង្គន់វត្ត ឬព្រះវិហារ
គេជឿជាក់ថា អ្នកដែលកើតឆ្នាំខាល កាលដែលជួយសម្អាតបង្គន់នៅវត្ត ឬវិហារ នោះ នឹងអាចជួយឱ្យផ្លូវចិត្តជ្រះថ្លាប្រសើរឡើង ជួយជម្រះចិត្តមួរហ្មង ហើយការងារដែលធ្លាប់ជួបនឹងបញ្ហាមិនល្អនឹងបានប្រសើរឡើង។ ហើយពេលកំពុងតែសម្អាត ចូរតាំងចិត្តអធិស្ឋានថា «សូមឲ្យរឿងអាក្រក់ទាំងឡាយចេញពីជីវិត អ្នកណាធ្វើបាបខ្ញុំចេញពីជីវិត អ្នកណាគិតអាក្រក់ពីខ្ញុំ ជីវិតអួរអាប់ជួបភាពកខ្វក់ក្នុងជីវិត សូមវេរចេញតាមបន្ទប់ទឹកនេះឱ្យអស់ចុះ » ។ អធិដ្ឋានរួច សឹមចាក់ទឹកលាងសម្អាត រួចសូមអធិដ្ឋានបន្តថា « ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាងជម្រះរឿងអាក្រក់ទាំងអស់ឲ្យវាចប់ៗទៅហោង »។
៤. ឆ្នាំថោះ ( ទន្សាយ ) - លោះជីវិតគោ ក្របី ឬសត្វដែលចូលទីពិឃាត
គេជឿថា បើអ្នកធ្វើបុណ្យដោយប្រោសលោះជីវិតគោ ក្របី ឆ្កែ ឆ្មារ ឬសត្វដែលកំពុងតែជិតនឹងស្លាប់នោះ ជីវិតអ្នកនឹងបានចម្រើនរុងរឿងជានិច្ច។
៥. ឆ្នាំរោង (នាគ) - ប្រគេនថ្នាំដល់ព្រះសង្ឃ
គេជឿថា ការប្រគេនថ្នាំព្រះសង្ឃ នឹងនាំមកនូវសុខភាពល្អ អាយុយឺនយូរ ឬប្រសិនជាមានកើតជំងឺនឹងបានធូរស្រាល។ ថ្នាំដែលត្រូវប្រគេន គួរតែជាថ្នាំជាច្រើនប្រភេទដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំប៉ូវកំលាំង ថ្នាំលាបស្បែក ឬឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទូទៅជាដើម។
៦. ឆ្នាំម្សាញ់ (ពស់ ) - ធ្វើបុណ្យជាមួយព្រះសង្ឃឈឺ
គេជឿថាការធ្វើបុណ្យជាមួយព្រះសង្ឃដែលមានជំងឺ អាចធ្វើឱ្យអ្នកមានសុខភាពល្អ មិនងាយឈឺថ្កាត់ ថែមទាំងរស់នៅបានយូរទៀត។ ការធ្វើបុណ្យ អាចផ្តល់របស់ផ្ទាល់ខ្លួនដូចជាអាហារ ទឹកផ្អែម ប្រអប់ទឹកដោះគោ ផ្លែឈើ អាហារសុខភាព ឬថ្នាំសង្កូវជាដើម។
៧. ឆ្នាំមមី (សេះ ) - ធ្វើបុណ្យដាក់មឈូស
គេជឿថាធ្វើបុណ្យជូនមឈូសជូនជនក្រីក្រ ឬសពគ្មានសាច់ញាតិ នឹងជួយឱ្យអ្នកមានវាសនាល្អ សំណាងល្អ ហើយក៏ជួយបញ្ចៀសនូវសំណាងអាក្រក់ទាំងឡាយបានផងដែរ។
៨.ឆ្នាំមមែ (ពពែ ) - ថ្វាយគ្រឿងសក្ការៈបូជា
គេជឿថាការថ្វាយគ្រឿងសក្ការៈ ដើម្បីបូជាវត្ថុនៅទីកន្លែងគោរពបូជា ឬទីពិសិដ្ឋណាមួយ អាចជួយផ្តល់នូវឥទ្ធិពលវិជ្ជមានដល់ជីវិត បន្ថែមភាពរុងរឿង ពង្រឹងស្ថេរភាពក្នុងការងារ អាចជួយជំនះឧបសគ្គ និងនាំលាភទ្រព្យសម្បត្តិផងដែរ។
៩. ឆ្នាំវក (ស្វា ) - លែងត្រី
គេជឿថា ការព្រលែងត្រី អាចជួយឱ្យរាងកាយមានសុខភាពល្អ មានសុភមង្គល និងមានភាពរុងរឿងនៅក្នុងជីវិត។ ការធ្វើបុណ្យព្រលែងត្រីហើយ គេក៏បានណែនាំផងដែរថា គួរតែបន្ថែមដោយការធ្វើបុណ្ដោយការយចិញ្ចឹមត្រីផងដែរ។
១០. ឆ្នាំរកា (មាន់) - ធ្វើបុណ្យ និងប្រគេនព្រះសង្ឃ
គេជឿថា ការធ្វើបុណ្យ ប្រគេនស្លាដក់ និងប្រគេនទេយ្យវត្ថុផ្សេងៗនឹងនាំឱ្យជីវិតជួបតែសុភមង្គល ធ្វើអ្វីសុទ្ធតែអាចសម្រេចតាមបំណងប្រាថ្នា និងមានអាយុយឺនយូរទៀតផង។
១១. ឆ្នាំច ( ឆ្កែ ) - ធ្វើបុណ្យឱ្យចំណី ឬចិញ្ចឹមឆ្កែឆ្មា
គេជឿថាការធ្វើបុណ្យដោយចិញ្ចឹមឆ្កែ ឆ្មា អាចជួយឱ្យជីវិតមិនត្រូវបានក្បត់ ឬធ្វើឱ្យឈឺចាប់នៅពីក្រោយខ្នងរបស់អ្នកទេ។ អ្នកនឹងជួបតែមនុស្សស្មោះត្រង់ និងអ្នកតាមជួយជ្រោមជ្រែងតាមរហូត។ ការធ្វើបុណ្យនឹងសត្វឆ្កែឆ្មា គឺរាល់ពេលរៀបចំឱ្យចំណីអាហារសត្វ ត្រូវប្រើដៃស្តាំចាប់កាន់ថង់ ឬចានអាហារ បន្ទាប់មកអធិស្ឋានក្នុងចិត្តថា « ខ្ញុំ (ឈ្មោះរបស់ខ្ញុំ - នាមត្រកូល) កើតនៅថ្ងៃខែ / ឆ្នាំកំណើត) ចង់នាំយកអាហារទៅឱ្យឆ្មា និងឆ្កែ ដែលស្រេកឃ្លាន គ្មានជម្រក។ ខ្ញុំសុំឱ្យជួបតែមនុស្សស្មោះត្រង់ មិនក្បត់ មិនលបខាំក្រោយខ្នង និងមិនកេងប្រវ័ញ្ចផលប្រយោជន៍ក្រោយខ្នង » ។ ហើយមុននឹងដាក់អាហារចុះ ចូរនិយាយ « ខ្ញុំអោយចំណីពួកឯងស៊ីហើយ ហើយកុំត្រលប់មកខាំខ្ញុំវិញណា » ។
១២. ឆ្នាំកុរ ( ជ្រូក ) - ធ្វើបុណ្យជាមួយជនពិការ
គេជឿថាការធ្វើបុណ្យជាមួយមនុស្សទីទាល់ ខ្វះខាត និងជនពិការ វាគឺជាអំពើដ៏ថ្លៃថ្លា ថែមទាំងទទួលបានលាភសំណាងច្រើនផងដែរ ដោយជួយឱ្យជីវិតកាន់តែរីករាយ និងមានសេចក្តីសុខចម្រើន។
ខាងលើនេះ គឺគ្រាន់តែជាជំនឿណែនាំឱ្យមនុស្សចេះធ្វើបុណ្យកុសល និងចែករំលែកទៅកាន់មនុស្សសត្វដែលត្រូវការប៉ុណ្ណោះ ដែលគេជឿការជាធ្វើបុណ្យកុសលដែលបំពេញតម្រូវការដល់អ្នកទទួល។ ទោះយ៉ាងណាក៏ដោយអ្វីដែលសំខាន់បំផុត រាល់ការធ្វើបុណ្យ គឺត្រូវធ្វើបុណ្យតាមកម្លាំងលទ្ធភាពដែលខ្លួនមាន និងជំនឿដែលមាន ដោយមិនបំពានលើអ្នកដទៃ ឬធ្វើឱ្យខ្លួន និងអ្នកដទៃរងទុក្ខ ដែលការជឿគ្រូ ឬមានជំនឿសូមត្រឹមតែ ៥% បានហើយ ឯ ៩៥% ទៀតគឺអាស្រ័យទៅលើទង្វើ និងចិត្តបរិសុទ្ធរបស់មនុស្សយើងនេះឯង៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក