ចាស់ៗកាលពីមុន ច្រើនតែមិនឱ្យកូនស្រីរៀនច្រើនពេកទេ ព្រោះពួកគាត់យល់ថា ជាកូនស្រី ទោះបីយ៉ាងណា នៅតែជាកូនស្រី ថ្ងៃក្រោយទៅនៅតែរៀបការមានប្ដី ក្លាយជាប្រពន្ធគេ ម៉ែគេ នៅតែផ្ទះដាំបាយ ធ្វើម្ហូប មើលកូនដដែល គ្មានបានទៅធ្វើការងារអីធំដុំទេ ចឹងហើយ មិនបាច់រៀនច្រើនពេកឡើយ នាំតែខាតពេល យកពេលមកជួយការងារផ្ទះ ជួយម៉ែឪវិញប្រសើរជាង។
មួយវិញទៀត ក៏មានគំនិតចាស់ៗតែងតែលើកឡើងដែរ អំពីបញ្ហាដែលកូនស្រីរៀនខ្ពស់ រៀនច្រើន ពួកគាត់ខ្លាចថា កូនចេះសរសេរសំបុត្រស្នេហា ទាក់ទងនឹងប្រុសខាងក្រៅ ប្រែជាខូច បាត់បង់តម្លៃជាស្ត្រីខ្មែរ នាំឱ្យខ្មាសគេ ខ្លាចញាតិសន្ដាន អ្នកជិតខាងនិយាយដើម ជាប់ឈ្មោះជាស្រីមិនល្អ ទាំងនេះ គឺសុទ្ធតែជាទស្សនៈរបស់ចាស់ៗពីមុន ដែលយើងតែងតែឮតៗគ្នាមក។
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះ ឪពុកម្ដាយគ្រប់រូបមិនអាចប្រកាន់យកនូវគំនិត និងទស្សនៈបែបហ្នឹងបានឡើយ ហើយក្នុងនាមជាមនុស្សស្រី ជាកូនស្រី ក៏មិនអាចនៅតែផ្ទះមើលកូន ដាំបាយឱ្យប្ដី ធ្វើជាស្ត្រីមេផ្ទះបាននោះដែរ មនុស្សស្រី មានសិទ្ធស្មើនឹងមនុស្សប្រុស បុរសអាចរៀនបានខ្ពស់ មនុស្សស្រីក៏ត្រូវតែរៀនបានខ្ពស់ មនុស្សប្រុសអាចចេញក្រៅ ប្រឡូកក្នុងសង្គម ធ្វើការ រកលុយ មនុស្សស្រី ក៏អាចធ្វើបានដូចគ្នា ដូច្នេះហើយ ដាច់ខាតកុំបោះបង់ការសិក្សា កុំបោះបង់ការងារ កុំបោះបង់ក្ដីស្រមៃ កុំបោះបង់នូវអ្វីដែលខ្លួនស្រឡាញ់ឱ្យសោះ ត្រូវជឿជាក់លើអ្វីដែលខ្លួនធ្វើ ត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមាន ត្រូវរៀនទទួលយក និងបង្កើតភាពខ្លាំង គុណតម្លៃឱ្យខ្លួនឯ។
- ជាកូនស្រី ត្រូវរៀនឱ្យបានខ្ពស់ ទើបអាចលើកកិត្តិយសគ្រួសារ រួមទាំងខ្លួនឯងផង!
- ជាកូនស្រី ត្រូវមានចំណេះដឹង បើមិនអ៊ីចឹងទេ ងាយនឹងត្រូវគេបោកប្រាស់ ធ្វើបាប គាបសង្កត់ខ្លាំងណាស់!
- ជាកូនស្រី ត្រូវមានការងារធ្វើ មានមុខរបរ អាចរកលុយចាយបានដោយខ្លួនឯង មានការងារនឹងន ប្រាក់ចំណូលផ្ទាល់ខ្លួន គ្មានអ្នកណាហ៊ានមកដាក់គំនាប មើលងាយអ្នកបានឡើយ!
- ជាកូនស្រី កុំភ័យខ្លាចអត់ប្ដី ដោយសារតែររៀនច្រើន កុំខ្លាចថាគ្មានអ្នកណាយក ព្រោះតែរៀនយូរពេក!
ជាមនុស្សស្រី រៀនឱ្យបានច្រើន មានចំណេះដឹងទូលំទូលាយ មានការងារល្អ រកលុយបាន មានចំណូលច្បាស់លាស់ ជាខ្នងបង្អែកសម្រាប់ខ្លួនឯង មិនថាអ្នករៀនយូរប៉ុនណា សំខាន់ អ្នកបានសាងគុណតម្លៃឱ្យខ្លួន មិនខ្វះទេ អ្នកដែលចង់បានអ្នក ហើយក៏សុទ្ធតែជាមនុស្សដែលមានឋានៈ មានចំណេះដឹង ជាមនុស្សល្អថែមទៀត ដែលអាចចូលមកក្បែរអ្នកបាន ព្រោះបើដល់ពេលនោះហើយ ពេលដែលអ្នកបានខ្ពង់ខ្ពស់ មានចំណេះដឹង មានការងារល្អ អ្នកគឺជាអ្នកជ្រើសរើសគេ មិនមែនជាជម្រើសរបស់អ្នកណាទៀតឡើយ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក