ថ្ងៃនេះ "ក្នុងស្រុក" នឹងណែនាំប្រិយមិត្តទាំងអស់គ្នាមកដឹងពីផ្លែឈើ ៥ ប្រភេទ ដែលសម្បូរដោយវីតាមីន និងកាឡូរីខ្ពស់ អាចធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងលឿន ទោះបីមិនបានញាំសាច់ក៏ដោយ៖
ផ្លែបឺរ៖ ផ្លែបឺរជាផ្លែឈើដ៏ពេញនិយមនិងមានរសជាតិឆ្ងាញ់ ប៉ុន្តែមានកាឡូរីខ្ពស់ណាស់ (ផ្លែបឺរ ១០០ ក្រាមអាចផ្តល់ប្រហែល ១៦០ កាឡូរី)។ ផ្លែបឺរគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលមានសុខភាពល្អ ប្រសិនបើអ្នកញ៉ាំច្រើនពេក អាចបណ្តាលឱ្យឡើងទម្ងន់បានយ៉ាងលឿន។ យ៉ាងណាក៏ដោយ អ្នកមិនចាំបាច់លុបបំបាត់ផ្លែបឺរចេញពីរបបអាហាររបស់អ្នកទេ ដោយគ្រាន់តែញ៉ាំក្នុងកម្រិតល្មម មិនច្រើនពេកបានហើយ។
ទំពាំងបាយជូ៖ ទំពាំងបាយជូ ជាផ្លែឈើដែលផ្ដល់ឲ្យអ្នកនូវសុខភាពល្អ ប៉ុន្តែផ្ទុកជាតិស្ករច្រើនណាស់ (ទំពាំងបាយជូរ ១០០ ក្រាមអាចផ្តល់ ៧៦ កាឡូរី និង ១៦ ក្រាមនៃជាតិស្ករ)។ ហេតុនេះហើយ អ្នកគួរតែកំណត់ការទទួលទាន ឲ្យបានត្រឹមត្រូវ។
ចេក៖ ចេកក៏ល្អខ្លាំងណាស់ចំពោះសុខភាព ប៉ុន្តែអ្នកមិនគួរញ៉ាំចេកច្រើនពេកទេ ដោយសារផ្លែចេកផ្ទុកទៅដោយជាតិស្ករធម្មជាតិច្រើន ដែលផ្តល់កាឡូរីច្រើនលើសលប់។ ចេកមួយអាចមានប្រហែល ១៥០ កាឡូរី ស្មើនឹងប្រហែល ៣៧.៥ ក្រាមនៃកាបូអ៊ីដ្រាត។ ដូច្នេះ បើអ្នកញ៉ាំចេក ២-៣ ផ្លែក្នុងមួយថ្ងៃ អ្នកនឹងឡើងទម្ងន់យ៉ាងងាយ។ ដើម្បីឱ្យមានសុខភាពល្អ និងរក្សាទម្ងន់បានសមរម្យ អ្នកគួរតែទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃ ។
ស្វាយ៖ ផ្លែស្វាយជាផ្លែឈើត្រូពិចដែលមានរសជាតិឆ្ងាញ់ តែក៏មានកាឡូរីច្រើន ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់ ប្រសិនបើទទួលទានច្រើនពេក (មធ្យមផ្លែស្វាយ ១០០ ក្រាមមានប្រហែល ៦០ កាឡូរី)។ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពតមអាហារយកល្អកុំញ៉ាំផ្លែស្វាយច្រើន។
ផ្លែឈើស្ងួត៖ ផ្លែឈើស្ងួតគឺជាអាហារសម្រន់ដែលមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែផ្លែឈើស្ងួតច្រើនតែមានកាឡូរីច្រើនជាងផ្លែឈើស្រស់ ព្រោះវាងាយស្រោបដោយជាតិស្ករ ឬសារធាតុផ្អែមសិប្បនិម្មិតមួយចំនួន។ លើសពីនេះ ការទទួលទានស្ករច្រើនពេកក៏មិនផ្តល់អត្ថប្រយោជន៍ដល់ស្បែកដែរ ដែលអាចបង្កើនការរលាកស្បែក បណ្តាលឱ្យថយចុះនៃ elastin និង collagen នៅក្នុងខ្លួន ធ្វើឱ្យស្បែកយារធ្លាក់ និងជ្រីវជ្រួញ។
ប្រភព៖ បរទេស