#ផ្សែងបារីអាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត!!!

#ផ្សែងបារីអាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត

ផ្សែងបារីផ្សំឡើងពីជាតិគីមីជាច្រើនមុខ ដូចជាជាតិនីកែល បង់ហ្សែន ក្រូមីញ៉ូម កាបូនម៉ូណូអុកស៊ីត និងជាតិប៉ូឡូនីញ៉ូមជាដើម។ ជាតិគីមីក្នុងផ្សែងបារីទាំងនេះ វានឹងធ្វើឱ្យអ្នកជក់ និងអ្នកស្រូបផ្សែងបារី កើតជំងឺផ្សេងៗដូចជា ស្ទះសរសៃឈាមបេះដូង គាំងបេះដូង រលាកទងសួត ជំងឺ​សួតរ៉ាំរ៉ៃ មហារីកសួត ឬក៏អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល ដែលអាចទៅ​ជាជំងឺស្លាប់មួយចំហៀងខ្លួន (Stroke) ជាដើម។

1

ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឡើងឈាម ឡើងខ្លាញ់ ឬជំងឺ​បេះដូង គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត ប្រសិនបើពួកគាត់ជក់បារី ឬស្រូបផ្សេងបារី។ ចំណែកកុមារក៏មានហានិភ័យខ្ពស់ណាស់ដែរ ពោលគឺពួកគេងាយនឹងកើតជំងឺផ្សេងៗដូចជា ជំងឺរលាកផ្លូវដង្ហើម ជំងឺរលាក​សួត ជំងឺហឺត ជំងឺរលាកក្រដាសត្រចៀក ហើយមានការលូតលាស់ធំធាត់យឺតយ៉ាវ ។ល។ ប្រសិនបើពួកគាត់ស្រូបផ្សែងបារីចូលក្នុងសួត។

កន្លងមកមានមនុស្សក្មេងចាស់ជាច្រើននាក់បានស្លាប់ដោយសារជំងឺដែលបណ្ដាលមកពីផ្សែងបារី។ បច្ចុប្បន្នក៏មានមនុស្សជាច្រើននាក់ផង​ដែរកំពុងមានជំងឺធ្ងន់ធ្ងរ និងជំងឺរ៉ាំរ៉ៃផ្សេងៗ ដែលបង្កឡើងដោយសារផ្សែងបារី។ បើទោះបីជាមានការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជក់បារីនៅលើកញ្ចប់បារីឬតាមមធ្យោបាយផ្សេងៗក៏ដោយ ក៏នៅតែឃើញមានផ្សែងបារីហុយតាមទីសាធារណៈនានាដដែល។

ផ្សែងបារីដែលអណ្ដែតក្នុងលម្ហទីសាធារណៈនេះ អាចនៅក្នុងខ្យល់បានរយៈពេលជាច្រើនម៉ោង។ ពេលអ្នកដើរកាត់ផ្សែងបារីដែលហុយក្នុងលម្ហនេះ អ្នកនឹងក្លាយជាអ្នកស្រូបផ្សែងបារី។ ផ្សែងបារីដែលអ្នកស្រូបចូលក្នុងសួត វានឹងធ្វើឱ្យអ្នកមានបញ្ហាសួត និងបន្ថយនូវបរិមាណអុកស៊ីសែននៅក្នុងឈាមរបស់អ្នកទៀតផង។

យើងមិនអាចបញ្ឈប់ការផលិតឬការនាំបារីចូលបាន តែយើងអាចធ្វើការប្ដេជ្ញាចិត្ត “មិនជក់បារី” បាន។ បើមិនគិតពីសុខភាពខ្លួនឯងទេ អ្នកគួរតែគិតដល់សុខភាពកូន ប្រពន្ធ គ្រួសារ និងមនុស្សជុំវិញខ្លួន។ ក៏ប៉ុន្តែ បើធ្វើការប្ដេជ្ញាចិត្តមិនបានទេ នៅពេលជក់បារី អ្នកត្រូវទៅជក់ឱ្យឆ្ងាយពីគេ កុំជក់នៅតំបន់ដែលមានមនុស្សឱ្យសោះ៕

#MenglyJQauch

#MJQUP