សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលតេស្តប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។
សាកព្យាយាមជ្រើសរើសឈុតរ៉ូបកម្មវិធីមួយដែលអ្នករើសស្លៀកទៅចូលរួមកម្មវិធីពេលល្ងា បន្ទាប់មកសូមមើលថាអ្នកជាមនុស្សបែបណា? តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក?
រ៉ូបទី 1
អ្នកជាមនុស្សទន់ភ្លន់ ច្រើនតែប្រើខួរក្បាលគិតតែពីរឿងសេចក្តីសុខគ្រួសារខ្លួនឯង មិនចូលខ្វល់នឹងរឿងអ្នកដទៃទេ នរណារកអីបានជារឿងរបស់គេ អ្នករកអីបានជារឿងរបស់អ្នក ព្រោះអ្នកជឿថាមនុស្សកើតមកមានសំណាងផ្សេងៗគ្នា ។
ត្បិតមើលពីសំបកក្រៅអ្នកដូចជាមិនសូវចេះមាត់កច្រើន ធ្វើឲ្យមនុស្សគ្រប់គ្នាគិតថាអ្នកជាមនុស្សទន់ជ្រាយ តែតាមពិតអ្នកជាមនុស្សស្វាហាប់ជាងការគិតទៅទៀត អ្នកមិនងាយចុះចាញ់ទេ តែពេលខ្លះក្នុងជម្រៅចិត្តអ្នកក៏មានភាពឯកោ ហេលហាលខ្វះទីពឹងដែរ បើមានមនុស្សម្នាក់ដែលអ្នកអាចផ្អែកស្មារបានមិនដឹងជាល្អយ៉ាងណាទេ ។
ដៃគូដ៏ស័ក្តិសម៖ គាត់ត្រូវតែជាអ្នកដែលចេះយល់ចិត្តគ្នាទៅវិញទៅមក ហើយគួរតែជាមនុស្សចេះដឹង និងមានហេតុផល ។
រ៉ូបទី 2
អ្នកជាមនុស្សរួសរាយរាក់ទាក់ ពូកែរាប់ញាតិ និងចេះយល់ចិត្តអ្នកដទៃ នរណាក៏ដោយឲ្យតែបាននៅក្បែរអ្នកដឹងតែមានអារម្មណ៍កក់ក្តៅ ។
បើមើលពីសំបកក្រៅអ្នកដូចជារឹងប៉ឹងទឹកមុខមាត់ញញឹមញញែម តែគ្រប់គ្នាមិនដឹងទេថា អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកជាមនុស្សពូកែលាក់អារម្មណ៍ ហើយត្បិតតែមានមនុស្សជាច្រើនស្រឡាញ់ចូលចិត្តអ្នកមែន តែពេលខ្លះអ្នកបែរជាមានអារម្មណ៍ឯកោ បែរជាមានអារម្មណ៍ខ្វះអ្នកយល់ចិត្តទៅវិញ ។
ដៃគូដ៏ស័ក្តិសម៖ ត្រូវតែជាមនុស្សស្មោះមួយនិងមួយ ពូកែយកចិត្តនឹងចេះផ្អែមល្ហែម ទើបមិនធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ។
រ៉ូបទី 3
អ្នកជាមនុស្សមានពិភពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តលាក់ខ្លួនមិនសូវចេះមាត់កទេ ថែមជាមនុស្សចូលចិត្តធ្វើអ្វីតាមតែចិត្តខ្លួនឯង តែក៏ចេះស្តាប់ហេតុផលអ្នកដទៃដែរ ។
ចំណុចពិសេសរបស់អ្នកគឺចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែឧស្សាហ៍ជួបមិត្តលួចចាក់ពីក្រោយខ្នងណាស់ ធ្វើបុណ្យជាមួយនរណាមិនដែលបានបុណ្យមកវិញទេច្រើនតែបានទោស ម្ល៉ោះហើយវាធ្វើឲ្យអ្នកឆ្អែតចិត្តសឹងតែលែងចង់ជួបនរណាទៅហើយ ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សចិត្តត្រជាក់ មិនឆេវឆាវ ចេះអត់ធ្មត់ និងចេះអត់ឱន ព្រោះអ្នកជាមនុស្សពិបាកយល់ចិត្ត ម្តងល្អម្តងអាក្រក់មិនចេះអត់ធ្មត់ ថែមទាំងមិនងាយទុកចិត្ដអ្នកដទៃទៀតផង ។
រ៉ូបទី 4
អ្នកជាមនុស្សសកម្មណាស់ ធ្វើអ្វីមួយតែងតែរំពឹងលទ្ធផលចេញមកល្អឥតខ្ចោះ ថែមមានរបៀបវិន័យច្រើនណាស់ ព្រោះអ្នកជាមនុស្សយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់ មិនថារឿងការងារឬស្នេហាទេត្រូវតែល្អឥតខ្ចោះ តែចំណុចពិសេសម្យ៉ាងអ្នកមិនចេះរាប់អាននរណាដោយសារតែលុយទេ អ្នករាប់អានពិតលើចិត្តគំនិត ។
ត្បិតសំបកក្រៅអ្នកមើលទៅរឹងប៉ឹង រឹងរូសមែន តែធាតុពិតអ្នកក៏ចេះហត់នឿយ និងទន់ភ្លន់ដូចគេឯងដែរ គ្រាន់តែអ្នកត្រូវតែធ្វើខ្លួនរឹងប៉ឹង ព្រោះអ្នកខ្លាចថាអ្នកផ្សេងនឹងមាក់ងាយបើអ្នកពឹងផ្អែកលើគេ ហើយអ្នកត្រូវតែជាបង្គោលសម្រាប់គ្រួសារទៀតផង ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សចេះអភិវឌ្ឍខ្លួនឯង មិនចាំបាច់មានលុយហូរហៀរទេ ឲ្យតែគេជាមនុស្សល្អ និងចេះតស៊ូអត់ធ្មត់គឺគ្រប់គ្រាន់ហើយ ។
រ៉ូបទី 5
អ្នកជាមនុស្សឆ្លាតវៃ គិតរហ័សធ្វើរហ័ស ធ្វើអ្វីមួយតែងតែមានការតាំងចិត្ត និងមានការទទួលខុសត្រូវខ្ពស់ តែមិនចូលចិត្តអួតអាងឡើយ ។
បើនៅជុំហ្វូងមិត្តភ័ក្តអ្នកមានទំនោរស្ងប់ស្ងាត់ មិនចូលចិត្តនិយាយច្រើនផ្តេសផ្តាសទេ អ្នកក្រៅមិនដឹងគិតថាអ្នកឫកចូលក្បែរមិនបាន តែតាមពិតអ្នកមែនជាមនុស្សបែបនោះទេ ចិត្តអ្នកទូលាយណាស់ ជាមនុស្សគិតល្អធ្វើល្អ ឃើញអាក្រក់ថាអាក្រក់ឃើញល្អថាល្អ មិនចេះបត់បែនវៀចវេរអែបអបឲ្យរួចពីមាត់ទេ ។
ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សដែលធ្វើឲ្យអ្នកនៅក្បែរហើយសប្បាយចិត្ត និងមានសុវត្ថិភាព អ្នកសុបិនចង់ជួបស្នេហាពិត និងរ៉ូមែនទិក អ្នកមិនចូលចិត្តមនុស្សណាដែលសោះកក្រោះ ឬសោះអង្គើយទេ ។
ប្រភព៖ Knongsrok