ថ្នាំ Molnatris ត្រូវបានគេស្គាល់យ៉ាងច្បាស់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរថា «Molnupiravir» ជាប្រភេទថ្នាំប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩។ ថ្នាំនេះមានប្រសិទ្ធភាពសម្រាប់ការប្រឆាំងនឹងមេរោគកូវីដ-១៩ កម្រិតស្រាលទៅកម្រិតមធ្យមចំពោះមនុស្សពេញវ័យ ហើយវាអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ និងការកើនឡើងមេរោគបាន។
ទោះជាយ៉ាងណាក៏ដោយ បើតាមអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកឯកទេសសុខភាពសាធារណៈ បានណែនាំថា ចំពោះអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងវ័យកុមារ មនុស្សចាស់ អ្នកមានផ្ទៃពោះ ឬអ្នកបំបៅដោះកូននោះទេ គឺមិនគួរប្រើថ្នាំ Molnupiravir ហើយក៏មិនគួរប្រើប្រភេទថ្នាំផ្សេងទៀតសម្រាប់ព្យាបាល ព្រោះបច្ចុប្បន្ននេះវីរុសអូមីក្រុងមានស្ថានភាពស្រាល ដែលបង្កឱ្យមានស្ថានភាពដូចទៅនឹងជំងឺផ្តាសាយប្រមាណចន្លោះពី៣ ឬ៤ថ្ងៃដំបូងប៉ុណ្ណោះ ហើយក្នុងរយៈពេល១សប្តាហ៍នឹងជាសះស្បើយឡើងវិញ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើដដែលនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ដែលមានឯកទេសសុខភាពសាធារណៈ បានបញ្ជាក់សារព័ត៌មានថា ជាទូទៅគេអនុញ្ញាតឱ្យប្រើប្រាស់មួយថ្ងៃពីរដង ដោយម្ដង៨០០មីល្លីក្រាម ប៉ុន្តែថ្នាំនេះមួយគ្រាប់មានតែ២០០មីល្លីក្រាម ដូច្នេះតម្រូវឱ្យប្រើប្រាស់៤គ្រាប់ម្ដង និងមិនត្រូវប្រើប្រាស់លើសពីប្រាំថ្ងៃឡើយ។
អ្នកជំនាញដដែលបន្តថា ថ្នាំ Molnupiravir អាចប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ លុះត្រាតែការធ្វើតេស្ដរកឃើញជំងឺកូវីដ-១៩ក្នុងកំលុងពេលថ្ងៃ ហើយម្យ៉ាងថ្នាំប្រភេទនេះ គឺអាចប្រើប្រាស់បានសម្រាប់មនុស្សពេញវ័យប៉ុណ្ណោះ ខណៈស្ត្រីមានផ្ទៃពោះ និងក្រុមមនុស្សអាយុក្រោម១៨ឆ្នាំ ត្រូវបានហាមឃាត់។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា «ចំពោះអ្នកញ៉ាំថ្នាំហ្នឹង គឺប្រើសម្រាប់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើង ជាបុគ្គលគ្មានបញ្ហាសុខភាព គ្មានផ្ទៃពោះ ឬអ្នកដែលមិនទាន់ចង់បានកូន ឬក៏អ្នកដែលកំពុងបំបៅដោះកូន។ ត្រង់ចំណុចនេះ អ្នកជំនាញដដែលបានបញ្ជាក់ថា បើគាត់មានផ្ទៃពោះ ឬកំពុងបំបៅដោះកូន គឺគេមិនអនុញ្ញាតឱ្យញ៉ាំទេ ព្រោះវាប៉ះទង្គិច ហើយចំពោះមនុស្សក្រោមអាយុ៨ឆ្នាំ ក៏គេមិនឱ្យញ៉ាំដែរ ពីព្រោះវាប៉ះពាល់ដល់សុខភាព»។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំថា ប្រសិនបើស្ត្រីមានផ្ទៃពោះឆ្លងមេរោគកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង» អាចស្វែងរកជំនួយពីវេជ្ជបណ្ឌិត ហើយពួកគេអាចជាសះស្បើយឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ «ដោយមិនចាំបាច់លេបថ្នាំ Molnupiravir ទេ» ប៉ុន្តែគួរទទួលទានវីតាមី C ថ្នាំឈឺបំពង់ក សម្រាកឱ្យបានគ្រប់គ្រាន់ និងផឹកទឹកឱ្យបានច្រើន។
ដោយឡែកសម្រាប់មនុស្សអាយុក្រោម១៨ឆ្នាំ ត្រូវបានអ្នកជំនាញ គួច ម៉េងលី បានពន្យល់ដូច្នេះថា៖ «ក្មេងដែលក្រោមអាយុ១៨ឆ្នាំ ជាទូទៅពី១២ទៅ១៨ឆ្នាំ គេតែងអនុញ្ញាតឱ្យប្រើថ្នាំ Paxlovid គឺជាថ្នាំដែលលាយបញ្ចូលគ្នារវាង Ritonavir ហើយនិង Nirmatrelvir ។ ថ្នាំ Paxlovid មានប្រសិទ្ធភាព៩០ភាគរយជាងថ្នាំ Molnupiravir និងមានហានិភ័យតិចជាងផងដែរ»។
ជាមួយនឹងគ្នានេះ លោកបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ថ្នាំនេះថា សម្រាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ទាំងចាស់ និងក្មេង បើមិនចាំបាច់នោះទេ មិនគួរប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir នេះទេ ព្រោះចាប់ពីពេលនេះតទៅវីរុសអូមីក្រុង អាចចាត់ទុកជាជំងឺផ្តាសាយមួយ ដែលអាចសម្រាកព្យាបាលធម្មតារយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត បន្ថែមថា៖ «ជំនាន់ឥឡូវ អូមីក្រុង គឺវាស្រាល ហើយក្នុងរយៈពេលមួយអាទិត្យវាជាហើយ។ ហើយយើងតែងតែគិតវាជាសញ្ញាផ្ដាសាយទូទៅចាប់ពីថ្ងៃនេះតទៅ កើតឡើងវាបាត់ឯង។ ប្រសិនបើវាធ្វើទុក្ខខ្លាំងយើងអាចញ៉ាំថ្នាំកាត់ស្លេស្ម៍ ថ្នាំបំបាត់ក្អក ថ្នាំវីតាមីនស៊ី ថ្នាំវីតាមីនឌី បូកផ្សំជាមួយនឹងការញ៉ាំទឹកឱ្យបានច្រើន គេងលក់ឱ្យបានច្រើន ហើយប្រសិនបើជារលាកទងសួត ក្អកខ្លាំង ធ្វើទុក្ខ អាហ្នឹងយើងញ៉ាំថ្នាំផ្សះ azithromycin ដែលនៅស្រុកខ្មែរគេឱ្យញ៉ាំមួយថ្ងៃមួយគ្រាប់រយៈពេល៥ថ្ងៃ ប៉ុន្តែបើអាចទេ គឺញ៉ាំ១៤គ្រាប់សម្រាប់១៤ថ្ងៃ ជាស្ដង់ដារបស់អន្តរជាតិ»។
អ្នកជំនាញ គួច ម៉េងលី បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពនៃវីរុសអូមីក្រុងនេះបង្កការរំខានមិនសូវជាធ្ងន់ធ្ងរ និងឆាប់ជាសះស្បើយឡើងវិញក៏ពិតមែន ប៉ុន្តែទោះជាអ្នកដែលធ្លាប់ឆ្លងហើយក៏អាចឆ្លងទៀតបានដែរ ប្រសិនបើមិនបានការពារសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាពាក់ម៉ាស រក្សាគម្លាត និងវិធានការសុវត្ថភាពរបស់រាជរដ្ឋាភិបាលជាដើម។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានជំរុញ និងលើកទឹកចិត្តដល់សាធារណជនឱ្យបន្តអនុវត្តវិធានការ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីចួលរួមប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគកូវីដ-១៩ នៅកម្ពុជា៕ ប្រភព៖ https://www.interconrooster.com/archives/2022/03/02/77430