ពងបែកមាត់ ឬដំបៅមាត់ មនុស្សជាច្រើនគិតថា ប្រហែលមកពីក្តៅក្នុង មិនសូវទទួលទានទឹក និងមកពីរបបអាហារទទួលទានមិនត្រឹមត្រូវ។ តាមពិតទៅវាមិនទាក់ទងតែកត្តាខាងលើទេ ទៀតសោតក៏អាចមកពីហេតុផលទាំង ៤ ខាងក្រោមផងដែរ៖
៤) នៅដល់យប់ជ្រៅពេក
ចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង ៣ ទាបភ្លឺ ជាពេលវេលាដែលល្អបំផុតសម្រាប់បន្សាបជាតិពុលក្នុងរាងកាយ តែបើអ្នកនៅបើកភ្នែក មិនទាន់ចូលគេងផង នោះនឹងឲ្យមានបញ្ហាប្រព័ន្ធ Endocrine កើតឡើង ជាហេតុបណ្តាលឲ្យមានដំបៅក្នុងមាត់។
អ្នកគួរតែព្យាយាមចូលគេងឲ្យបានឆាប់ កុំទម្លាប់នៅយប់ជ្រៅពេក ដែលនេះពិតជាដាក់បន្ទុកលើរាងកាយខ្លាំងណាស់។
៣) មនុស្សមានប្រព័ន្ធភាពសុាំខ្សោយ
អ្នកដែលមានប្រព័ន្ធភាពសុាំខ្សោយ ក៏ងាយនឹងឆ្លងមេរោគ ដូចជាបាក់តេរី និងវីរុសផ្សេងៗផងដែរ។ វាជាហេតុនាំឲ្យអ្នកងាយមានជំងឺគ្រុនក្តៅ ផ្តាសាយ ហើយរួមទាំងពងបែកមាត់នេះដូចគ្នា។
២) ហ្សែន
ដំបៅក្នុងមាត់នេះសោត ក៏អាចមកពីតំណពូជ ឬយើងនិយមហៅថា ហ្សែន។ មានន័យថា ប្រសិនឪពុកម្តាយ ឧស្សាហ៍កើតពងបែកមាត់ នោះកូនរបស់ពួកគេកើតមក ជារឿយៗក៏ងាយនឹងជួបបញ្ហានោះដូចគ្នា។
១) គ្មានអនាម័យមាត់
ប្រសិនបើអ្នកសម្អាតមាត់មិនបានត្រឹមត្រូវ វាក៏ងាយនឹងកើតដំបៅក្នុងមាត់បានដូចគ្នា។ នៅពេលអ្នកទទួលទានអាហារ ហើយបន្សល់សំណល់ធំៗក្នុងប្រហោងមាត់ នោះដំបៅគឺងាយនឹងវិវត្ត រួចបើទុកចោលយូរទៅ វាអាចនឹងវិវត្តទៅជាមហារីកមាត់ក៏មានដែរ។
ជាសារណែនាំអ្នកក៏គួរតែជៀសវាងការទទួលទានអាហារហឹរពេក ក្តៅពេក ហើយងាកមកទទួលទានឲ្យបានច្រើននៅបន្លែបៃតង និងផ្លែឈើ។ ចូរផឹកទឹកឲ្យបានច្រើនដង ខ្ពុរមាត់ជាមួយទឹកអំបិល ២ ដង ពេលព្រឹកនិងល្ងាច ហើយសម្រាកឲ្យបានគ្រប់គ្រាន់ នោះបញ្ហាពងបែកមាត់ នឹងងាយបាត់ទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក