ជាការពិតណាស់ដែលថា បន្លែ ជាពពួកអាហារមួយប្រភេទដែលជួយឲ្យមានសុខភាពល្អ រាងកាយរឹងមាំ ប៉ុន្តែចំពោះបន្លែខ្លះក៏មិនគួរឲ្យទទួលទានច្រើនពេក ព្រោះវាពោរពេញដោយសារធាតុពុលដ៏គ្រោះថ្នាក់ ដែលអាចបណ្តាលឱ្យកើតមហារីក ឬ ស្លាប់បានយ៉ាងងាយ។
ម្ទេស
Capsaicin គឺជាសារធាតុម្យ៉ាងដែលធ្វើឱ្យម្ទេសមានរសជាតិហឹរ ហើយបើយោងតាមឱសថ Capsaicin ត្រូវបានចុះបញ្ជីជាប្រភេទថ្នាំពុល។ ហេតុដូចនេះ ប្រសិនបើអ្នកញ៉ាំម្ទេសក្នុងបរិមាណល្មម នឹងមានប្រសិទ្ធភាពការពាររាងកាយ ការពារជំងឺមួយចំនួន និងជួយឱ្យញ៉ាំកាន់តែឆ្ងាញ់ ប៉ុន្តែការញ៉ាំម្ទេសច្រើនពេកអាចបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ ខូចសរសៃប្រសាទ និងជំងឺធ្ងន់ធ្ងរ ដូចជាក្រពះ រលាកស្បែក រលាកថ្លើម។
ដំឡូងមានពន្លក
មនុស្សជាច្រើនពេលដែលឃើញដំឡូងពន្លក តែងតែធ្វើការកាត់ពន្លកចេញ ហើយបន្តប្រើប្រាស់ដដែល។ ទោះជាយ៉ាងណាក៏ដោយ នេះជាទង្វើខុសឆ្គងធ្ងន់ណាស់ ព្រោះការទទួលទានដំឡូងដែលមានពន្លកចូលទៅក្នុងខ្លួននឹងបង្កឲ្យពុលយ៉ាងងាយរហូតបណ្តាលឱ្យស្លាប់ផងដែរ។
រោគសញ្ញាពុលដោយការទទួលទានដំឡូងជាញឹកញាប់រួមមានដូចជា ឈឺពោះ ពិបាករំលាយអាហារ រាគរូស ហើមជើង និងខ្វិនជើងជាដើម។ ក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យស្លាប់ដោយសារតែខ្វិននៃប្រព័ន្ធសរសៃប្រសាទកណ្តាល ធ្វើឱ្យមជ្ឈមណ្ឌលផ្លូវដង្ហើមមិនអាចដំណើរការបាន និងបណ្តាលឱ្យគាំងបេះដូង ខូចខាតដល់សាច់ដុំបេះដូង។
ខ្ញីកិនម៉ត់
ខ្ញីគឺជាអាហារដែលមានសុខភាពល្អណាស់ ប៉ុន្តែប្រសិនបើអ្នកឃើញថា ខ្ញីមានក្លិនស្អុយដោយប្រការណាមួយ អ្នកមិនគួរទទួលទានវាទេ ព្រោះខ្ញីលែងមានសុវត្ថិភាពទៀតហើយ។
ខណៈពេលខ្ញីរលួយ ការកិននឹងបង្កើតជាតិពុលមួយឈ្មោះថា safrole ដែលជាជាតិពុលដ៏ខ្លាំងមួយ ហើយនៅពេលអ្នកញាំចូលទៅក្នុងខ្លួន ពោះវៀនងាយស្រូបជាតិពុល ហើយផ្ទេរទៅថ្លើមយ៉ាងលឿន រហូតបណ្តាលឱ្យមានជាតិពុលក្នុងថ្លើម។ មួយវិញទៀតប្រសិនបើអ្នកទទួលទានខ្ញីដែលរលួយ និងកិនជាប្រចាំ ក៏អាចនាំឱ្យកើតមហារីកថ្លើម និងមហារីកបំពង់អាហារទៀតផង។
ប៉េងប៉ោះបៃតង
ដាច់ខាតកុំបរិភោគប៉េងប៉ោះមិនទាន់ទុំ ដោយសារតែប៉េងប៉ោះពណ៌បៃតងមានបរិមាណ "អាល់កាឡូអ៊ីត" ច្រើន។ ការញ៉ាំប៉េងប៉ោះពណ៌បៃតងនឹងងាយបង្កឲ្យពុលអាហារ។ រោគសញ្ញានៃការពុលប៉េងប៉ោះបៃតងគឺ ចង្អោរ ក្អួត ហៀរទឹកមាត់ ខ្សោយ អស់កម្លាំង និងរោគសញ្ញាផ្សេងទៀត ថែមទាំងគំរាមកំហែងដល់អាយុជីវិត។
ប្រភព៖ បរទេស