រឹងមាំឡើង ក្លាហានឡើង ហ៊ានរស់នៅតែម្នាក់ឯង រស់នៅជាមួយនឹងខ្លួនឯង

ការពិត ជីវិតមួយនេះជារបស់យើង យើងក៏មិនគួរនឹងខ្លាចក្នុងការរស់នៅតែម្នាក់ឯង ហើយក៏មិនគួរខ្លាចនឹងរស់នៅជាមួយនឹងខ្លួនឯងនោះឡើយ ការប្រើជីវិតរស់នៅជាមួយនឹងខ្លួនឯង យើងនឹងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ ការដែលរស់នៅដោយប្រើជីវិតខ្លួនឯង យើងនឹងកាន់តែរឹងមាំ ហើយក៏កាន់តែមានក្ដីសុខច្រើនជាងមុន។

- រស់នៅម្នាក់ឯង ក៏មានន័យថា យើងចេះពឹងពាក់ អាស្រ័យលើខ្លួនឯង ដើម្បីស្វែងរកសុភមង្គល និងការមើលថែលួងលោមខ្លួនឯង។ នៅពេលដែលយើងអាចរស់នៅជាមួយនឹងខ្លួនឯង យើងក៏អាចធ្វើអ្វីដើម្បីខ្លួនឯងបានច្រើន យើងអាចសម្រេចនូវក្ដីប្រាថ្នា និងឆ្ពោះទៅរកគោលដៅរបស់យើងខ្លួនឯង។

Image_2022 01 02_211118

- រស់នៅម្នាក់ឯង ក៏មានន័យថា យើងអាចជូនខ្លួនឯងទៅរកកន្លែងដែលយើងចង់ទៅ បន្ទាប់ពីលំបាក ហត់នឿយ អស់កម្លាំង យើងក៏គួរតែឆ្លៀតពេលសម្រាក ជូនខ្លួនឯងទៅដើរលេងលម្ហែ ត្រឹមដើរលើឆ្នេរខ្សាច់ មើលថ្ងៃលិច ហើយអាចឱបខ្លួនឯងពេលខ្យល់ធ្លាក់ នោះក៏មានន័យថា យើងចេះស្រឡាញ់ និងអាចកំដរខ្លួនឯងបានហើយ។

- រស់នៅម្នាក់ឯង ក៏មានន័យថា យើងអាចមានពេលវេលាសួរពីចិត្តខ្លួនឯងកាន់តែច្បាស់ ស្ដាប់អារម្មណ៍ និងគំនិតខ្លួនឯងបានកាន់តែច្រើន ធ្វើជាមិត្តដ៏ល្អរបស់ខ្លួនឯង ធ្វើជាទីប្រឹក្សាមតិយោបល់សម្រាប់ខ្លួនឯង ហើយក៏ត្រូវតែធ្វើជាគ្រូពេទ្យ ជាអង្គរក្ស មើលថែ ការពារខ្លួនឯងឱ្យបានល្អផងដែរ។ ដោយមិនចាំបាច់មានដៃគូ មិនចាំបាច់មានស្នេហា ព្រោះជួនកាល យើងមិនសក្តិសមក្នុងការប្រើជីវិតគូឡើយ អាចថា យើងមិនសមប្រកប រកមិនបានមនុស្សល្អធ្វើជាដៃគូ ដូច្នេះមានតែយើងខ្លួនឯង ដែលធ្វើជាដៃគូរបស់ខ្លួនឯងឱ្យបានល្អ។

Image_2022 01 02_211158

- ត្រូវក្លាហានហ៊ានស្រលាញ់ខ្លួនឯង ឱ្យដូចដែលយើងធ្លាប់ក្លាហានស្រឡាញ់នរណាម្នាក់កាលពីមុន ព្រោះយ៉ាងហោចណាស់ ការស្រឡាញ់ខ្លួនឯង ដែលយើងមានចំពោះខ្លួនឯង វាមិនអាចធ្វើឱ្យយើងឈឺចាប់នោះឡើយ មិនដូចការដែលយើងដាក់ចិត្តស្រឡាញ់អ្នកដទៃទេ វាអាចប្រឈមនឹងហានិភ័យ ដែលត្រូវគេធ្វើឱ្យយើងឈឺចាប់ ខូចចិត្ត និងខកបំណងនៅថ្ងៃណាមួយ។ ប៉ុន្តែបើយើងស្រឡាញ់ខ្លួនឯង យើងច្បាស់ជាគ្មានថ្ងៃធ្វើឱ្យខ្លួនឯងឈឺចាប់ ទឹកភ្នែកឡើយ។

Image_2022 01 02_211248

ជឿថា ប្រសិនបើអ្នកក្លាហានហ៊ានស្រឡាញ់ខ្លួនឯង រស់នៅដោយខ្លួនឯង និងរស់នៅជាមួយនឹងខ្លួនឯង ខ្ញុំហ៊ានធានាថា អ្នកនឹងមិនមានអារម្មណ៍ថាឈឺចាប់ ឬឯកានោះឡើយ ដូច្នេះហើយ កុំខ្លាចរអា កុំខ្លាចថាគ្មានអ្នកណាខ្វល់ពីអ្នក​សំខាន់ យើងមានខ្លួនឯង នៅក្បែរខ្លួនឯង ចេះស្រឡាញ់ខ្លួនឯង អាចមើលថែខ្លួនឯងបានល្អហើយ។

តែយ៉ាងណាក៏ដោយ ក្ដីស្រឡាញ់មានចំពោះខ្លួនឯង ដាច់ខាតកុំអាត្មានិយម កុំព្រោះតែស្រឡាញ់ខ្លួនឯងពេក បែរជាបំពាន ឬធ្វើបាបអ្នកដទៃឱ្យសោះ ធ្វើជាមនុស្សត្រូវតែដើរលើផ្លូវត្រូវ នៅលើផ្លូវល្អ មានគុណធម៌ ស្គាល់ល្អអាក្រក់ កុំព្រោះតែខ្លួនឯង បែរជាបំផ្លាញអ្នកដទៃឱ្យសោះ៕

អត្ថបទ ៖​ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: