ចូលដល់ឆ្នាំ ២០២២ ក៏កាន់តែកៀកដល់ថ្ងៃដែលអ្នកជាប់ខ្សែចិន គេរៀបចំសែនចូលឆ្នាំ ឬមុននោះមានថ្ងៃសែនដកជើងធូប។ គ្នាយើងខ្លះទៅ ក៏ចាប់ផ្តើមរៀបចំសម្អាតអាសនៈពីពេលនេះតទៅ ហើយខ្លះទៀតក៏រង់ចាំដល់ថ្ងៃសែនដកជើងធូបនោះតែម្តង។
យ៉ាងណាជារួម ក្បួននៃការសម្អាតអាសនៈជាកន្លែងគោរព បួងសួងសុំសេចក្តីសុខ គឺអ្នកត្រូវតែប្រយ័ត្ន ហើយត្រូវដឹងពីរបៀបរបបមួយចំនួន ជៀសវាងធ្វើខុស អាចនាំឲ្យស្រុតលាភម្ចាស់ផ្ទះទៅវិញ៖
៥) ពេលសម្អាតអាសនៈ អ្នកត្រូវតែបើកបង្អួច ឬទ្វារ ដើម្បីឲ្យមានខ្យល់ចេញចូល មិនត្រូវបិទជិត ងងឹតឈឹងនោះទេ ព្រោះគេជឿថា វាជាខ្យល់នាំឥទ្ធិពលវិជ្ជមាន ដែលវត្ថុសក្តិសិទ្ធត្រូវការ។
៤) ត្រូវមានថាស ឬតុ ដែលគ្របដោយក្រណាត់ក្រហម ឬពណ៌ស ពីលើ ដើម្បីទុកដាក់របស់របរដែលអ្នកយកចេញពីលើអាសនៈ កំឡុងពេលសម្អាត។ ជារួមគឺជៀសវាងការដាក់ វត្ថុឬរបស់របរលើអាសនៈ មករាយប៉ាយលើឥដ្ឋ ឬលើតុ ដែលគ្មានការរៀបចំត្រឹមត្រូវ ពោលស្មើនឹងការដែលមិនគោរព អាចនាំឲ្យអាប់លាភ។
៣) ប្រើប្រាស់ទឹកក្ដៅឧណ្ហ៍ៗ ដើម្បីសម្អាតធូលី ឬស្នាមប្រឡាក់ផ្សេងៗលើតំបន់អាសនៈ ហើយគួរបន្ថែមទឹកអំបិល ឬទឹកក្រូចឆ្មា ដើម្បីលាងសម្អាត ជាការកាន់តែល្អ ព្រោះវាអាចកម្ចាត់ថាមពលអាក្រក់។ ជៀសវាងមិនឲ្យប្រើប្រាស់ថ្នាំ ឬសារធាតុគីមីខ្លាំងជ្រុល ដែលអាចបំផ្លាញផ្ទៃនៃវត្ថុអាសនៈនោះទេ។ ការប្រើប្រាស់ក្រណាត់ គឺត្រូវយកក្រណាត់ស្អាត មកជូតថ្នមៗ។
២) ទាក់ទងនឹងការសម្អាត បើអ្នកទម្លាប់ថ្វាយបង្គំព្រះពុទ្ធមុនដូនតា គឺត្រូវសម្អាតអាសនៈព្រះពុទ្ធមុន សឹមទៅសម្អាតអាសនៈដូនតា ឬញាតិកាដែលបានចែកឋានទៅ។
១) ពេលសម្អាត មិនត្រូវបង្វិលកំប៉ុង ឬចានជើងធូប ឲ្យខុសពីទិសដើម ព្រោះអាចនាំឲ្យទ្រព្យវិល។ កុំផ្ទេរផេះចាស់ៗ ដល់អស់ គួររក្សាទុកឲ្យសល់បន្តិច ហើយចំនួនធូប ត្រូវទុកទៅតាមចំនួនដើម ដោយផ្អែកថា បើអ្នកជាបុរស ត្រូវរក្សាធូបចាស់ ៧ ឬ ១៧ ឬ ២៧ ឬ ៣៧ ដើម បើអ្នកជាស្រ្តី ត្រូវរក្សាធូបចាស់ ៩, ១៩, ២៩ ឬ ៣៩ ដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក