ជាការពិតណាស់ ប្រសិនបើយើងចង់ចូលក្នុងសង្គមមនុស្សជុំវិញខ្លួន យើងក៏គួរតែមានចំណុចពិសេស និងល្អប្រសើរមួយ ដែលអាចឱ្យខ្លួនឯងអាចចុះសម្រុងនឹងគេ តួយ៉ាង ដូចជាការអភិវឌ្ឍន៍ ដុសខាត់ខ្លួនឯងជាដើម ដាច់ខាត យើងត្រូវតែមានការប្រែប្រួល បត់បែនផ្សេងៗ ទើបអាចដើរតាមទាន់សង្គម និងមនុស្សដែលនៅជុំវិញខ្លួនយើង។ យ៉ាងណាមិញ បើយើងនៅតែប្រកាន់ខ្ជាប់នូវចរិតទម្លាប់ទាំង ៨ចំណុចខាងក្រោមនេះ ច្បាស់ណាស់ថា យើងប្រាកដជាត្រូវមនុស្សជុំវិញខ្លួនមើលរំលង ហើយមិនយូរមិនឆាប់ទេ យើងច្បាស់ជាត្រូវខ្ទាតឆ្ងាយពីសង្គមនុស្សមិនខានឡើយ។
១. មិនព្រមរៀនសូត្រអ្វីបន្ថែម ក្រៅពីទំនេរពីម៉ោងការងារ
ត្រូវចាំពាក្យមួយឃ្លា «មនុស្សមានចំណេះដឹងទូលំទូលាយ នឹងងាយស្រួលក្នុងការជ្រើសរើស និងសម្រេចចិត្ត តែមនុស្សដែលខ្វះចំណេះដឹង អ្នកនឹងគ្មានគំនិតគិត សម្រេចចិត្ត ឬជ្រើសរើសអ្វីដែលថ្មីនោះឡើយ» យ៉ាងណាមិញ មួយឃ្លានេះ វាមិនមែនមានន័យថា សង្គមអភិវឌ្ឍលឿនពេកនោះទេ គឺការគិតរបស់យើងយឺតពេក។ ហេតុអ្វីបានជាយើងគិតយឺត? ព្រោះយើងមិនចង់រៀនសូត្រអ្វីដែលថ្មីៗបន្ថែមទៀត។ ការមិនព្រមសិក្សា គឺមានន័យថា យើងមិនព្រមអភិវឌ្ឍខ្លួនឯង បើអ្នកគ្មានអ្វីដែលថ្មីហើយនោះ អ្នកក៏គ្មានអ្វីដែលអាចបន្សល់ដល់មនុស្សជំនាន់ក្រោយដែរ។
មនុស្សដែលអាចជោគជ័យបានគឺ « 40% នៅលើគំនិត 40%ទៀត គឺអាស្រ័យលើទំនាក់ទំនងសង្គម និង20% សមត្ថភាពផ្នែកវិជ្ជាជីវៈ»។
២. ការបដិសេធមិនទទួលយកគំនិតថ្មី ពីអ្នកដទៃ
ចាស់គឺជាប្រពៃណីដែលបង្ហាញឱ្យឃើញ ថ្មីគឺមិនប្រាកដប្រជា។ ប៉ុន្តែបើរឿងថ្មីកើតហើយត្រូវបដិសេធដោយមន្ទិលសង្ស័យ សង្គមក៏មិនអាចអភិវឌ្ឍបានដែរ។ ដូច្នេះហើយ ត្រូវតែចាប់យកនិន្នាការ ចាប់យកអនាគត កុំយកការសន្និដ្ឋានជាការសន្និដ្ឋាន ហើយប្រើតែអ្វីដែលអ្នកដឹងដើម្បីវិនិច្ឆ័យអនាគតប៉ុណ្ណោះ។ មនុស្សដែលខ្វាក់ភ្នែកចំពោះគំនិតថ្មីច្បាស់ជានឹងត្រូវលុបចោលជាមិនខាន។
៣. ពឹងផ្អែកតែលើខ្លួនឯង
អ្នកគួរតែដឹងថា 1+1 = 2 គឺជាគណិតវិទ្យា ហើយ 1+1 = 11 គឺជាសេដ្ឋកិច្ច។ អ្នកអាចបំបែកចង្កឹះ១បានយ៉ាងងាយ ប៉ុន្តែចង្កឹះ១០គូដែលរួមបញ្ចូលគ្នា អ្នកមិនអាចបំបែកវាបានទេ។ កន្លែងដែលសមូហភាពល្អត្រូវបានសាងសង់ កន្លែងនោះនឹងចាប់យកទីផ្សារបានលឿនបំផុត។ សូម្បីតែ superheroes ត្រូវតែរួមគ្នាដើម្បីកម្ចាត់សត្រូវ វាមិនអាចទៅរួចទេក្នុងការធ្វើរឿងធំតែម្នាក់ឯង។
៤. ឆាប់រំជើបរំជួលចិត្តខ្លាំងពេក ក៏ងាយរងគ្រោះដែរ
មិនថារឿងតូច ឬធំនោះទេ របៀបគិត និងមើលរបស់អ្នកគឺពិតជាសំខាន់។ ការពិត មិនអាចធ្វើឱ្យអ្នកឈឺចាប់បានឡើយ តែផ្ទុយទៅវិញ ការគិតរបស់អ្នកខ្លួនឯងទេ ដែលបំភិតបំភ័យ បំបាក់ស្មារតី ងាយនឹងធ្វើឱ្យអ្នកឈឺចាប់បាន។ ក្នុងជីវិតតែងតែមានរឿងមិនល្អកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកខ្សោយផ្លូវចិត្ត ឬវង្វេងស្មារតី អ្នកច្បាស់ជាពិបាកយកឈ្នះសូម្បីតែរឿងតូចតាច ដូច្នេះ អ្នកក៏មិនអាចបន្ទោសអ្នកដទៃបានដែរ អ្វីៗគឺអាស្រ័យនៅលើយើងខ្លួនឯងហ្នឹងហើយ។
៥. ពឹងផ្អែកអាជីពតែមួយ គ្មានទេពកោសល្យផ្សេង
អ្នកជំនាញសេដ្ឋកិច្ចព្យាករថា ក្នុងឆ្នាំថ្មីអាជីពជាច្រើននឹងត្រូវលុបបំបាត់ចោល។ ការគិតប្រកបដោយស្ថិរភាព ការមិនប្រថុយប្រថាន គឺជាគ្រោះថ្នាក់ដ៏ធំបំផុត ការស្កប់ស្កល់ជាមួយបច្ចុប្បន្ន គឺជាអន្ទាក់ទៅថ្ងៃមុខ។ នៅពេលដែលអ្នកពេញចិត្តបំផុត អ្នកគួរតែរកផ្លូវត្រឡប់មកវិញ កុំរង់ចាំរហូតដល់អ្នកមិនពេញចិត្ត ទើបអាចរកផ្លូវត្រឡប់មកវិញបាន។
៦. គិតរឿងមិនទាន់កើតច្រើនខ្លាំងពេក
ការគណនារឿងតូចតាចនាពេលខាងមុខ នឹងនាំទៅរកការបាត់បង់ ការប្រៀបធៀបលុយតូចនឹងបាត់បង់លុយធំដោយមិនមានការមើលឃើញទុកជាមុននឹងនាំទៅរកភាពតូចតាច។ ការវិនិយោគដ៏ល្អបំផុតមួយនៅក្នុងពិភពលោក និងដោយគ្មានហានិភ័យ គឺការវិនិយោគលើការសិក្សា ការរៀនសូត្រអាចជួយមនុស្សឱ្យមានការយល់ឃើញជាមុន រៀនមើលនិន្នាការនៃអនាគត។
៧. មិនចេះនិយាយស្ដី មិនចេះចចារ
មនុស្សដែលមិនចេះអត់ធ្មត់ ឬពូកែខឹង មិនអាចរៀបចំរឿងអស្ចារ្យបានទេ។ មានតែអ្នកដែលចេះចរចាក្នុងកាលៈទេសៈលំបាកប៉ុណ្ណោះ ទើបអាចឈានដល់ចំណុចកំពូល។
មនុស្សអសមត្ថភាព តែចិត្តក្តៅ --> មិនអាចធ្វើអ្វីបានឡើយ!
មនុស្សដែលមិនមានសមត្ថភាព តែចិត្តធ្ងន់ -> ទទួលបានជំនួយពីអ្នកដទៃ!
មនុស្សដែលមានសមត្ថភាព តែឆេវឆាវ ឆាប់ខឹង —> មានទេពកោសល្យ ប៉ុន្តែមិនទាន់សម័យ!
មនុស្សដែលមានសមត្ថភាព ហើយចិត្តធ្ងន់ ចេះគិតវែងឆ្ងាយ —> ការអភិវឌ្ឍអាជីពគឺអំណោយផល!
៨. គំនិតហួសសម័យ ចំណេះដឹងចាស់កម្រិល
អាហារដែលផុតកំណត់មិនអាចបរិភោគបានឡើយ ជំនឿចាស់ៗពីមុន ក៏មិនអាចរក្សា ឬអាចប្រើការបានគ្រប់ពេលរហូតនោះដែរ។ ការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកគឺពិបាកណាស់ ប៉ុន្តែវាត្រូវបានគេនិយាយថា "សត្រូវដ៏ធំបំផុតមិនមែនជានរណាម្នាក់ក្រៅពីខ្លួនអ្នកទេ" ។ ជោគជ័យ គឺការដឹងពីវិធីលើកកម្ពស់ភាពខ្លាំងរបស់អ្នក ភាពបរាជ័យ គឺផ្តោតលើការកាន់ខ្ជាប់នូវចំណុចខ្សោយរបស់អ្នក។
ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែខ្លាំង ការប្រកួតប្រជែងក៏កាន់តែកើនឡើង។ ទ្រឹស្តីនៃការវិវត្តន៍បានចែងថា មានតែមនុស្សសមបំផុតប៉ុណ្ណោះដែលអាចឈរជើងបានយូរ។ ដូច្នេះហើយ ត្រូវឆ្លៀតពេលសិក្សាឱ្យបានជាប់លាប់ បង្កើនសមត្ថភាព និងអនុវត្តសីលធម៍ ទើបអាចធ្វើជាម្ចាស់លើអនាគតបាន៕
អត្ថបទ ៖ បរទេស / ប្រែសម្រួល ៖ pHknongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក