ការចែករំលែក គឺជាស្ពានដែលធ្វើឱ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្សមានភាពស្អិតរមួត និងនិរន្តរភាព។ ទោះយ៉ាងណាក៏ដោយ មានរឿងជាច្រើនដែលអ្នកគួររក្សាទុកក្នុងចិត្តជាជាងប្រាប់ពួកគេ ព្រោះថាអ្នកពិតជាមិនដឹងថា អ្នកស្ថិតក្នុងក្រសែភ្នែកអ្នកដ៏ទៃយ៉ាងណានោះទេ ទោះបីជាអ្នកជិតស្និទ្ធប៉ុណ្ណាក៏ដោយ ចូរពិចារណាឱ្យបានល្អិតល្អន់មុននឹងនិយាយរឿងដូចខាងក្រោមនេះ៖
១. បញ្ហាក្នុងគ្រួសារ
មនុស្សឆ្លាតដឹងថា មិនអាចយករឿងក្នុងគ្រួសាររបស់ខ្លួនទៅនិយាយប្រាប់អ្នកក្រៅបានទេ ដោយសារនេះជាបញ្ហាក្នុងគ្រួសារ ជារឿងឯកជន ហើយក៏ជារឿងសម្ងាត់រវាងប្តីប្រពន្ធ។
ក្នុងទំនាក់ទំនងស្នេហា ទោះបីប្តីប្រពន្ធមានទំនាស់ឬឈ្លោះប្រកែកគ្នា ក៏គួរប្រឈមមុខដោះស្រាយជំនួសការចែករំលែកឱ្យអ្នកដទៃដឹង។ ប្រាកដណាស់នៅពេលដែលមនុស្សមានការឈឺចាប់ច្រើនដងក្នុងចិត្ត តែងតែចង់ស្វែងរកនរណាម្នាក់ដើម្បីចែករំលែក និងបញ្ចេញនូវអារម្មណ៍អវិជ្ជមានទាំងអស់។ ប៉ុន្តែអ្នកត្រូវដឹងដែរថា វាមិនមានប្រយោជន៍នោះទេ មានតែនាំបញ្ហាដល់គ្រួសារវិញតែប៉ុណ្ណោះ។
២. អាថ៌កំបាំងនៃមិត្តភក្តិ
គ្មាននរណាម្នាក់ចូលចិត្តធ្វើជាមិត្តនឹងអ្នកដែលតែងតែនាំអាថ៌កំបាំងរបស់ខ្លួនប្រាប់ទៅកាន់អ្នកដទៃឡើយ។ ប្រសិនបើមនុស្សម្នាក់ប្រាប់ពីអាថ៌កំបាំងផ្ទាល់ខ្លួនទៅកាន់អ្នកមានន័យថា ពួកគេជឿជាក់លើអ្នកខ្លាំងណាស់ ហើយប្រសិនបើអ្នកតែងតែចែករំលែកអាថ៌កំបាំងទាំងនោះជាមួយមនុស្សទីបី ទីបួន នោះមានន័យថា អ្នកកំពុងក្បត់មិត្តរបស់អ្នក។
យ៉ាងណាមិញ មនុស្សឆ្លាតនឹងមិនធ្វើទង្វើរបែបនេះទេ ព្រោះគេដឹងថា ការធ្វើបែបនេះនឹងបំផ្លាញមិត្តភាពដែលពួកគេមាន ហើយបាត់បង់តម្លៃខ្លួនឯងទៀតផង។
៣. ទំនាក់ទំនងអតីតកាល
មនុស្សឆ្លាតនឹងមិនអួតប្រាប់ពិភពលោកថា ធ្លាប់មានមនុស្សជាច្រើនដេញតាមស្រឡាញ់នោះទេ ព្រោះពួកគេដឹងថា អតីតកាលគួរទុកមួយឡែក ហើយគួរតែស្កប់ស្កល់នឹងជីវិតបច្ចុប្បន្ន។ មានតែមនុស្សល្ងីល្ងើទេ ដែលចំណាយពេលនិយាយជាមួយអ្នកដទៃអំពីរឿងស្នេហាអតីតកាល។
៤. សមតុល្យគណនី
ទោះជាមានមោទនភាពចំពោះទ្រព្យសម្បត្តិយ៉ាងណាក៏ដោយ មនុស្សមានប្រាជ្ញាមិនដែលប្រាប់អ្នកដទៃអំពីប្រាក់ចំណូលរបស់ខ្លួនឡើយ ដោយសារពួកគេដឹងថា ការអួតនឹងមិននាំមកនូវអ្វីក្រៅពីក្រសែភ្នែក ការច្រណែនពីអ្នកខាងក្រៅនោះទេ។
៥. មហិច្ឆតា
ពួកយើងភាគច្រើនមានមហិច្ឆតា និងគោលដៅផ្ទាល់ខ្លួន ប៉ុន្តែការចែករំលែកជាមួយអ្នកដទៃ មិនមែនជារឿងត្រឹមត្រូវដែលត្រូវធ្វើនោះទេ។ មនុស្សជាច្រើនគិតថា ប្រសិនបើពួកគេប្រាប់ពីគោលដៅទៅកាន់អ្នកខាងក្រៅ នឹងទទួលបានដំបូន្មាន និងជំនួយ ហើយផែនការនឹងកាន់តែងាយស្រួលជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ ការបង្ហាញភាគច្រើននៃផែនការនឹងកាត់បន្ថយលទ្ធភាពនៃផែនការនោះ ដែលកំពុងត្រូវបានអនុវត្ត។ មនុស្សមានប្រាជ្ញានឹងរក្សាមហិច្ឆិតាទាំងនោះចំពោះខ្លួន ហើយប្រតិបត្តិដោយសម្ងាត់៕
ប្រភព៖ បរទេស