យើងធ្លាប់ឃើញមានការចុះផ្សាយព័ត៌មានមួយចំនួននៅខាងក្រៅស្រុក ក៏ដូចជាក្នុងស្រុក ពាក់ព័ន្ធនឹងបន្ទប់សណ្ឋាគារ ក៏ដូចជាតាមបង្គន់សាធារណៈមួយចំនួន ដែលមានលួចបង្កប់កាមេរ៉ា ដោយមិនជូនដំណឹងឲ្យភ្ញៀវដឹង។
នេះជារឿងខុសឆ្គង ដោយវាបានរំលោភនូវឯកជនភាព ហើយបើប៉ះជនខិលខូចខ្លះ អាចយកឯកសារឬរូបភាពដែលកាមេរ៉ាបង្កប់ផ្តិតបាននោះ មកគំរាមទារលុយយើងទៀតក៏មាន។ ខាងក្រោម Knongsrok ចែករំលែកនូវចំណេះដឹង ៥ ពីវិធីសង្កេតមើល ថាក្នុងទីតាំងដែលអ្នកកំពុងឈរជើង មានកាមេរ៉ាបង្កប់ឬអត់?
៥) មើលក្នុងលក្ខខណ្ឌបន្ទប់មានពន្លឺធម្មតា
សង្កេតមើលបន្ទប់ ដែលមានភ្លើងបំភ្លឺធម្មតា ដោយប្រើប្រាស់ភ្នែករបស់អ្នក សម្លឹងទៅគ្រប់ជ្រុងជ្រោយ មិនថាក្បែរវត្ថុណាមួយ លើជញ្ជាំង ពិដាន មានឃើញសញ្ញាភ្លើងចាំងណាមួយបង្ហាញចេញមកឬអត់។ វាជាវិធីសាមញ្ញទី ១ ដែលអ្នកត្រូវយកចិត្តទុកដាក់។
៤) ប្រើមុខងារកាមេរ៉ាទូរស័ព្ទរបស់អ្នក
សូមបិទវាំងនន បិទភ្លើងក្នុងបន្ទប់ឲ្យងងឹត ហើយបើកមុខងារកាមេរ៉ា លើទូរស័ព្ទអ្នក រួចដើរយឺតៗតម្រង់ទៅគ្រប់ជ្រុង ឬកន្លែងដែលអ្នកសង្ស័យថាមានកាមេរ៉ាបង្កប់។ ប្រសិនឃើញចំណុចណាមួយ មានពន្លឺភ្លឺឡើងមកលើអេក្រង់ មិនថាពណ៌ក្រហម ឬពណ៌ស្វាយ នោះច្បាស់ណាស់ វាអាចជាកាមេរ៉ាដែលកំពុងបង្កប់ហើយ។
៣) ប្រើ Flash នៃទូរស័ព្ទ
បន្តក្នុងសភាពបន្ទប់ងងឹតដដែល រួចបើក Flash នៃទូរស័ព្ទទៅបញ្ចាំងនៅទីតាំងដែលគិតថាគួរឲ្យសង្ស័យ។ ជាធម្មតា បើទីនោះមានកាមេរ៉ា នោះវានឹងមានចំណាំងភ្លើងពណ៌ក្រហម ឬពណ៌បៃតងតូចមួយ ចាំងផ្លាតមក Flash ដែលអ្នកកំពុងបើកវិញហើយ។
២) ធ្វើការហៅទូរស័ព្ទ
អ្នកអាចហៅទូរស័ព្ទចេញចូល និយាយជាមួយនរណាម្នាក់។ ជាធម្មតាប្រសិនអ្នកស្ថិតក្នុងទីតាំងមានកាមេរ៉ាបង្កប់ នោះរលកអេឡិចត្រូម៉ាញ៉េទិច នឹងបញ្ចេញឥទ្ធិពល នាំឲ្យសំឡេងរាងកុង ឬខុសពីទ្រង់ទ្រាយធម្មតា។
និយាយឲ្យសាមញ្ញទៅដូចអ្នកកំពុងនិយាយទូរស័ព្ទ ក្បែរទូរទស្សន៍ដែលកំពុងបើកដំណើរការអ៊ីចឹង ព្រោះវាជាបាតុភូតស្រដៀងគ្នា។
១) ពិនិត្យកញ្ចក់
ប្រហែលអ្នកធ្លាប់ឃើញក្នុងភាពយន្តចិនមួយចំនួន ដែលបង្ហាញពី ប្រភេទកញ្ចក់ពីរផ្លូវ។ មានន័យថា ខាងរបស់អ្នក ឆ្លុះទៅដូចកញ្ចក់ធម្មតា តែខាងគេម្ខាងទៀត ស្ថិតក្នុងទីងងឹត អាចមកឃើញអ្នកច្បាស់ដូចថ្ងៃ។
ដើម្បីពិនិត្យថា មានប្រភេទកញ្ចក់បញ្ឆោតបែបនេះឬអត់ សូមអ្នកដាក់ម្រាមដៃលើផ្ទៃកញ្ចក់។ ប្រសិនវាមានគម្លាតរវាងក្រចក ក្នុងនិងក្រៅផ្ទៃកញ្ចក់ នោះគឺជាកញ្ចក់ពិត ផ្ទុយទៅវិញ បើវាគ្មានគម្លាតរវាងក្រចកក្នុងនិងក្រៅផ្ទៃកញ្ចក់ទេ អ៊ីចឹងគេជាកញ្ចក់បង្កប់ ម្ខាងទៀតអាចមើលអ្នកឃើញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក