ក្រចក គឺជាសរីរាង្គដែលងាយនឹងមើលឃើញជាងគេនៅលើតួខ្លួនរបស់មនុស្ស ទោះបីជាក្រចកគ្មានកោសិកាប្រសាទក៏ពិតមែន តែមនុស្សអាចវិនិច្ឆយសុខភាពរាងកាយ ដោយការសង្កេតពណ៌ និងរូបរាងរបស់វាបាន។ បើអ្នកមើលឃើញក្រចកដៃរបស់អ្នកមានពណ៌ផ្កាឈូក ភ្លឺរលោង នោះបង្ហាញថាសុខភាពរបស់អ្នកល្អហើយ តែបើលើក្រចកមានស្នាមឆ្នូត នោះអាចបណ្តាលមកពីកត្តាខាងក្រោមនេះ៖
១. ទម្លាប់រស់នៅមិនល្អ
ទម្លាប់រស់នៅមិនបានល្អដូចជា គ្មានអនាម័យ មិនបានចូលគេង និងញុំាបាយឱ្យទៀងម៉ោង ឧស្សាហ៍ជក់បារី ផឹកស្រា ផ្លូវចិត្តមិនសប្បាយរីករាយ កត្តាទាំងនេះសុទ្ធតែមានផលប៉ះពាល់ដល់ក្រពេញអង់ដូគ្រីន និងសរសៃឈាម បណ្តាលឱ្យចរន្តឈាមមិនប្រក្រតី ធ្វើឱ្យក្រចកមានស្នាមឆ្នូត។
២. ជីវជាតិមិនគ្រប់គ្រាន់
មានបុគ្គលមួយចំនួនតែងតែរើសម្ហូបអាហារ ឬក៏មិនព្រមបរិភោគអាហារទៀតទាត់ ឬអាចមានជំងឺដែលប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម បណ្តាលឱ្យរាងកាយមិនអាចទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជាកាល់ស្យូម និងវីតាមីនA ស្របពេលនោះវានឹងធ្វើឱ្យក្រចកមានស្នាមឆ្នូតបែបនេះ។
កង្វះអាហារូបត្ថម្ភរយៈពេលវែង ក៏អាចនាំឱ្យមានភាពស្លេកស្លាំង ការថយចុះជាតិស្ករក្នុងឈាម និងកក្តាផ្សេងៗទៀតដែរ គឺចាំបាច់ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់។ ម៉្យាងទៀតក្នុងរាងកាយខ្វះជាតិដែក ក៏អាចបណ្តាលឱ្យមានភាពស្លេកស្លាំងកង្វះជាតិដែក វិលមុខ និងខ្សោយជារឿយៗដែរ។
៣. ថ្លើម និងតម្រងនោមមិនប្រក្រតី
ថ្លើម និងតម្រងនោម គឺជាសរីរាង្គបន្សាបជាតិពុលដ៏សំខាន់ក្នុងរាងកាយមនុស្ស ហើយអាហារ និងថ្នាំដែលមនុស្សបរិភោគត្រូវរំលាយ និងបន្សាបជាតិពុលតាមរយៈថ្លើម និងតម្រងនោម បើថ្លើម និងតម្រងនោមមានបញ្ហា ការបន្សាបជាតិពុល និងមុខងារមេតាបូលីសនឹងខុសប្រក្រតី។
បើជាតិពុល និងកាកសំណល់មេតាប៉ូលីសក្នុងខ្លួនមិនអាចបញ្ចេញឱ្យទាន់ពេលវេលាបានទេ ឈាមដែលត្រូវចរាចរទៅគ្រប់ផ្នែកទាំងអស់ ជាពិសេសនៅពេលដែលវាចរាចរដល់ផ្នែកសរីរាង្គនៅចុងបំផុតដូចជាក្រចកដៃ ជើង សក់ នឹងងាយកក់កុញនៅទីនោះ ធ្វើឱ្យក្រចកមានស្នាមឆ្នូត។
៤. រាងកាយហត់នឿយខ្លាំង
បើមនុស្សម្នាក់ធ្វើលំហាត់ប្រាណរយៈពេលយូរពេក ធ្វើឱ្យនឿយហត់ខ្លាំងនោះ វានឹងប៉ះពាល់ដល់ការវិវត្តនៃក្រចកដូចគ្នា នៅក្នុងដំណើរការនៃការរីកលូតលាស់របស់ក្រចកធ្វើឱ្យមានស្នាមឆ្នូត។ ដូច្នេះហើយ យើងក៏គួរតែព្យាយាមចៀសវាងការនឿយហត់ខ្លាំងពេកក្នុងជីវិតប្រចាំថ្ងៃ ត្រូវមានពេលសំរាកឱ្យបានត្រឹមត្រូវ ។
៥. ក្រចកដែលទទួលរងរបួស
ភាគច្រើនមនុស្សស្រីចូលចិត្តលាបថ្នាំក្រចក មុននឹងលាបថ្នាំក្រចកត្រូវធ្វើការត្រដុស ឬខាត់ជាមុនសិន ហើយបើយើងប្រើថ្នាំក្រចកដែលអន់ ឬមិនល្អនោះ អាចនឹងប៉ះពាល់ដល់ក្រចកដៃ បណ្តាលឱ្យមានស្នាមឆ្នូតកើតឡើងផងដែរ៕
អត្ថបទ ៖ Mythical Bird / Knongsrok