រទេះរុញកូនក្មេង ត្រូវបានគេនិយមប្រើប្រាស់នៅទូទាំងសកលលោក ព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់ម្តាយឪពុក ក្នុងការយកកូនចេញមកខាងក្រៅ។ យ៉ាងណាងាកទៅប្រទេសជប៉ុន ម្តាយអត់ទម្លាប់ធ្វើបែបហ្នឹងទេ ផ្ទុយទៅវិញ ទៅខាងក្រៅ គឺទម្លាប់ដាក់កូនស្ពាយពីខាងមុខ ជាជាងប្រើរទេះរុញ តើមានមូលហេតុអ្វីនៅពីក្រោយនោះ? ក្រោយអានហេតុផលខាងក្រោម អ្នកនឹងភ្ញាក់ផ្អើលជាមិនខាន៖
៣) ភាពងាយស្រួលនៅពេលធ្វើដំណើរ
ប្រជាជនជប៉ុន និយមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាជាងឯកជន ដូច្នេះសម្រាប់ម្តាយ គឺយល់ឃើញថា ការស្ពាយកូនពីខាងមុខ គឺជាមធ្យោបាយក្នុងការបម្លាស់ទីងាយជាងប្រើរទេះរុញ ដោយវាមិនសំពីងសំពោង ហើយមិនស៊ី Space ធំ នាំឲ្យរំខានដល់មនុស្សក្បែរខ្លួននោះទេ។
២) ផ្តល់ផាសុកភាពសម្រាប់ទារក
ការសិក្សាមួយបង្ហាញថា ទារកដែលត្រូវបានម្តាយស្ពាយនៅខាងមុខ គឺមានចង្វាក់បេះដូងល្អ ជាងដាក់លើរទេះរុញ។ នេះមិនគិតពីអាយុរបស់ម្តាយ ឬដំណើរនៃការដើររុញរទេះអ្វីនោះទេ ដោយជារួមគឺនៅពេលស្ពាយជាប់នឹងខ្លួន គឺក្មេងៗមានស្ថិរភាពចង្វាក់បេះដូងល្អជាង។
១) បង្កើតទំនាក់ទំនងល្អរវាងម្តាយនិងកូន
ម្តាយនៅប្រទេសជប៉ុន មានទម្លាប់ចែករំលែកសកម្មភាព និងភាពជិតស្និទ្ធជាមួយកូនៗតាំងតែពីពួកគេនៅតូច ហើយរបៀបដែលស្ពាយកូនពីមុខនេះ ក៏ជឿថា ធ្វើឲ្យកូនមានភាពជិតស្និទ្ធជាមួយម្តាយ ជាងការដែលដាក់នៅលើរទេះជាប់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក