ការសុបិនជួនខ្លះឲ្យប្រផ្នូលល្អ ខ្លះឲ្យប្រផ្នូលអាក្រក់ តែយ៉ាងណាយើងក៏មិនអាចប្រមាថ ឬមិនជឿសុទ្ធនោះដែរ។ មនុស្សគ្រប់រូបតែងតែធ្លាប់កើតមានការសុបិន ហើយវាក៏មានបង្កប់អត្ថន័យនីមួយៗខុសគ្នា។
តែយ៉ាងណាសម្រាប់មនុស្សដែលសុបិនឃើញរឿងទាំង ៣ ដូចខាងក្រោម នោះបង្ហាញថា អ្នកកំពុងជិតនឹងជួបលាភ អាចនាំឲ្យអ្នកកើតចំណូលហូរចូលផ្ទះច្រើន ឬអាចមានឱកាសក្លាយជាអ្នកមានបាន៖
៣) សុបិនទាក់ទងនឹងសំណាងលាភ
នេះជាការឲ្យប្រផ្នូលចំៗ តួយ៉ាងដូចសុបិនឃើញចាប់បានត្រី ដោយប្រើសំណាញ់ ឬសន្ទូច ហើយលើកបានត្រីមកដាក់ក្នុងធុង នោះគឺដូចលើកសំណាងមកដល់ក្នុងជីវិត។
ប្រផ្នូលមួយផ្សេងទៀត អាចថាជាសុបិនគួរឲ្យខ្លាច ប៉ុន្តែគេជឿខ្លាំងណាស់។ នោះគឺការសុបិនឃើញមឈូស តែអារម្មណ៍អ្នកក្នុងការសុបិនពេលបានឃើញគឺគ្មានអារម្មណ៍ភិតភ័យ ឬតក់ស្លុតអ្វីទេ ហើយបែរជាមានអារម្មណ៍ធម្មតា អ៊ីចឹងមឈូសនោះនឹងប្រែមកជាទ្រព្យសម្បត្តិហៀរហូរទៅវិញ។
២) សុបិនឃើញភ្ញៀវមកលេងផ្ទះ
ប្រសិនអ្នកសុបិនឃើញភ្ញៀវមកលេងផ្ទះ មានន័យថា ព្រឹត្តិការណ៍ក្នុងជីវិតនៅពេលខាងមុខ នឹងជួបរឿងល្អ ឬរឿងរីករាយកើតឡើង។ ប៉ុន្តែផ្ទុយមកវិញ បើអ្នកសុបិនឃើញអ្នកធំ ឬមនុស្សមានមុខមាត់ គេមកផ្ទះអ្នកមិនគោរពអ្នក នោះអាចបង្ហាញពីប្រផ្នូលអាក្រក់។
ជារួមបើសុបិនឃើញភ្ញៀវ ឬសាច់ញាតិមកពីឆ្ងាយ គេមកលេងផ្ទះ គេនិយាយល្អ ឬសរសើរថាផ្ទះអ្នកស្អាត ត្រជាក់បែបនេះបែបនោះ វាមានន័យថា សំណាងល្អកៀកនឹងចូលមកដល់ហើយ។
១) អ្នកគ្រប់គ្រងវិញ្ញាណអាក្រក់
ប្រសិនក្នុងសុបិនរបស់អ្នក មើលឃើញមនុស្សអាក្រក់ ខ្មោច បិសាច ឬវិញ្ញាណអាក្រក់ ហើយអ្នកមិនខ្លាច អ្នកបែរជាអាចឆ្លងផុតវា គ្រប់គ្រងយកឈ្នះវាបាន នោះបង្ហាញមុខជំនួញការរកស៊ីរបស់អ្នកទៅពេលខាងមុខ គឺនឹងរីកសាយធំ អាចបង្កើតប្រាក់ចំណេញច្រើនលើសពីការរំពឹងទុក។
តែវាស៊ីសងលើរឿងមួយទៀតដែរ ប្រសិនពេលក្រោយសុបិននោះ ងើបមកអ្នកមានអារម្មណ៍ថា ហត់នឿយ ដូចអស់កម្លាំង នោះជារឿងមិនសូវល្អទេ តែបើងើបមកស្រស់ស្រាយធម្មតា គេងលក់ដោយគ្មានការភិតភ័យ វាជាសំណាង ដែលកៀកនឹងចូលមកដល់ក្នុងពេលឆាប់ៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក