អតីតជើងចាស់លោក Carlton Cole បាននិយាយថា Cristiano Ronaldo គួរតែត្រូវបានដកចេញពីក្លឹប Man Utd ប្រសិនណាជាអ្នកចាត់ការថ្មីរបស់ក្លឹប បន្តពីលោក Ole Gunnar Solskjaer គឺជាលោក Brendan Rodgers។
អតីតគ្រូហង្ស Liverpool និងបច្ចុប្បន្នជាអ្នកចាត់ការនៅក្លឹប Leicester City ក៏ជាបេក្ខភាពមានភាគរយខ្ពស់មួយផងដែរ នឹងអាចមកបន្តតំណែងពីលោក Ole ក្រោយត្រូវបានក្លឹបប្រកាសបណ្តេញចេញ នៅល្ងាចថ្ងៃអាទិត្យកន្លងទៅ។
បើតាមការយល់ឃើញរបស់ Cole ប្រាប់ទៅ The Sports Bar៖ "ដក Ronaldo ចេញ វាជាអ្វីដែល Rodgers នឹងធ្វើ ប្រសិនគាត់មកដឹកនាំ សួរថាហេតុផលអ្វីនៅពីក្រោយនោះ គឺត្រង់ថា Rodgers ជាអ្នកចាត់ការសម្លឹងមើលការកសាងក្រុមសម្រាប់ថ្ងៃអនាគត ដូច្នេះមានតែលោកលៃលកនាំយកកីឡាករវ័យក្មេងមកចូលរួម តួយ៉ាងដូចជា Jude Bellingham ជាដើម បើកីឡាករវ័យចំណាស់ គួរតែនឹងត្រូវដកចេញ"។
លោកបន្ត៖ "ពេលអ្នកមានផែនការណ៍រៀបចំក្រុមសម្រាប់អនាគត តើ Ronaldo អាចជាអនាគតរបស់ Man Utd បានដោយរបៀបណា? យើងដឹង Ronaldo គេចង់លេង គេខិតខំខ្លាំង តែ Rodgers គាត់ក៏មិនអាចក្បត់នឹងឧត្ដមគតិនិងឆន្ទៈនៃការរៀបចំក្រុមរបស់ខ្លួនឯងបានដែរ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក