អ្នកចាត់ការលោក Ole Gunnar Solskjaer មុននឹងចាកចេញពី Man Utd លោកក៏បានជួបជុំនិយាយពាក្យលា ទាំងទៅកាន់កីឡាករ សំណាក់បុគ្គលិកក្លឹប ក៏ដូចជាផ្តល់បទសម្ភាសន៍ផ្លូវការក្នុងវីដេអូមួយផងដែរសម្រាប់អ្នកគាំទ្រ។
តែយ៉ាងណាមានកីឡាករ ២ រូបដែលខកខានមិនបានជួប Ole ដោយផ្ទាល់ ជុំវិញការប្រកាសចាកចេញសារនេះ ហើយក៏មិនទទួលបានឱកាសនិយាយពាក្យ លា នៅថ្ងៃចុងក្រោយដែលបុរសសញ្ជាតិន័រវេសឈរជើងនៅក្លឹប។
នោះគឺ Paul Pogba ដែលគេបានជួបបញ្ហារបួស កំឡុងការហ្វឹកហាត់ឲ្យក្រុមជម្រើសជាតិបារាំង ហើយទំនងជាត្រូវសម្រាកដល់ទៅ ៣ ខែ។ ឥឡូវខ្សែបម្រើ United កំពុងស្ថិតក្នុងទីក្រុងឌូបៃ សម្រាកព្យាបាលរបួស ដូច្នេះមិនបានមានវត្តមាននៅទីលាន Carrington កាលពីថ្ងៃអាទិត្យឡើយ។
ដូចគ្នាទៅនឹង Edinson Cavani ជួបរបួស ក្រោយលេងប៉ះ Atalanta កាលពីជុំទី ៤ វគ្គចែកពូល UCL ហើយគេក៏ពុំមានវត្តមាននៅទីលានហ្វឹកហាត់ថ្ងៃចុងក្រោយនោះដែរ។ គួរបញ្ជាក់ថា United បានសម្រេចដាក់ Michael Carrick ឲ្យបន្តដឹកនាំបណ្តោះអាសន្ន បន្តពី Ole ខណៈគ្រូពេញសិទ្ធ មិនទាន់ប្រកាសនៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក