ក្លឹបស្តេចស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅត្រៀមថ្ពក់យកកីឡាករនៅតំណែងទាំង ៣ នាទីផ្សារដោះដូររដូវក្តៅខាងមុខ ដោយសារនេះ នឹងមិនមានការចំណាយសូម្បីតែមួយសេន្ត លើការផ្ទេរចូល។
បើតាមសារព័ត៌មាន MARCA ចុះផ្សាយថា ក្លឹបដឹកនាំដោយអ្នកចាត់ការលោក Carlo Ancelotti និងប្រធានលោក Florentino Perez បានសម្លឹងឃើញគោលដៅ ៣ រួមមានខ្សែការពារក្លឹបតោខៀវ Chelsea គឺ Antonio Rudiger, ខ្សែបម្រើក្លឹបបិសាចក្រហម Man Utd គឺ Paul Pogba និងខ្សែប្រយុទ្ធក្លឹបសេដ្ឋីបារាំង PSG គឺ Kylian Mbappe ដោយចង់សម្រេចការនាំយកពួកគេ ក្រោយផុតសុពលភាពកុងត្រានិងក្លាយជាកីឡាករឥតតម្លៃខ្លួន។
អ្នកទាំងបី នឹងអាចចរចាលក្ខណៈ Pre-Contract នៅដើមខែមករាខាងមុខនេះបាន មុនសម្រេចការផ្ទេរនៅក្រោយថ្ងៃទី ៣០ មិថុនា។ គោលដៅអាទិភាពរបស់ Real Madrid គឺ Mbappe ខណៈ Pogba និង Rudiger ជាគោលដៅបន្ទាប់បន្សំ តែក៏នឹងមិនបណ្តោយឲ្យឱកាសរបូតទៅដោយងាយៗដែរ។
យ៉ាងណាការប្រជែងសារនេះ មិនមែន Real Madrid លូកដៃចូលចរចាតែឯងទេ តាមដំណឹងលឺថាមានក្លឹបច្រើនណាស់ រួមទាំង Juventus, Bayern Munich, PSG និងក្លឹបនៅអង់គ្លេសជាច្រើនទៀត ដែលចង់បានកីឡាករទាំង ៣ ខាងលើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក