យើងម្នាក់ៗសុទ្ធតែចង់ទទួលបានសុខភាពល្អ អាយុវែង អាចរស់នៅមើលឃើញពិភពលោកច្រើនឆ្នាំទៅមុខទៀត។ តែទោះជាយ៉ាងណាវាក៏អាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះមានតាំងពីរបបអាហារ និងរបៀបរស់នៅប្រចាំថ្ងៃ វាពិតជាសំខាន់ខ្លាំងណាស់។
ដោយឡែកមកក្នុងអត្ថបទនេះ Knongsrok ចង់ចែករំលែកពីវិធីសម្គាល់ថាខ្លួនយើងម្នាក់ៗ មានសុខភាពល្អដល់កម្រិតណា ហើយកំពុងស្ថិតក្នុងចំណោមក្រុមមនុស្សអាយុវែងឬអត់? តុះទៅមើល ៤ ចំណុចដូចខាងក្រោម តើអ្នកមានប៉ុន្មានចំណុចដែរ៖
៤) មានអារម្មណ៍ល្អនៅពេលភ្ញាក់
ក្រោយភ្ញាក់ពីគេង អ្នកមិនមានអារម្មណ៍ថាវិលមុខ ឈឺ ក្បាល នេះបង្ហាញថា ការគេងរបស់អ្នកគឺស្កប់ស្កល់ល្អណាស់។ ចរន្តឈាមរបស់អ្នកក៏ដើរស្រួល ប្រព័ន្ធរំលាយអាហារក៏ដូចគ្នាដែរ អ៊ីចឹងវាជាកត្តាជួយឲ្យអ្នកអាចរស់នៅបានយូរមួយផ្នែកដូចគ្នា។
ផ្ទុយទៅវិញ ប្រសិនក្រោកមកមានអារម្មណ៍ដូចងងុយដេក វិលមុខ ឈឺក្បាល នេះអាចបណ្តាលមកពីអាការៈនៃជំងឺថ្លើម និងជំងឺសរសៃឈាមបេះដូង ដែលអ្នកត្រូវតែមានការប្រុងប្រយ័ត្ន។
៣) បន្ទោបង់ដោយរលូន
ក្រោកមក រាងកាយត្រូវមានការកម្ចាត់ជាតិពុល ហើយប្រសិនចលនាពោះវៀនរបស់អ្នកដំណើរការរលូន មិនមានបញ្ហាទល់លាមកអ្វីទេនោះ រាប់ថាពោះវៀនអ្នកនៅមានសុខភាពល្អ។ ផ្ទុយទៅវិញ បើទទួលអាការៈដូចជារាគទាំងព្រឹក ពិបាកបន្ទោបង់ ឬបន្ទោបង់យូររាប់ម៉ោង នោះអ្នកគួរប្រយ័ត្ន ព្រោះវាអាចពាក់ព័ន្ធនឹងជំងឺរលាកពោះវៀន ដុះដុំសាច់ក្នុងពោះវៀនជាដើម។
២) មិនមានស្នាមជាំ ឬហើម បន្ទាប់ភ្ញាក់ពីគេង
នេះបង្ហាញថា មុខងាររំលាយអាហាររបស់អ្នកគឺនៅល្អ ប្រសិនងើបមកកើតមានការហើមពោះ នោះអាចមកពី អ្នកទទួលទានទឹកច្រើនពេក ហើយបើហើយនៅសរីរាង្គផ្សេងទៀត អាចមកពីជំងឺបេះដូង ឬតម្រងនោមដំណើរការមិនល្អ។
រីឯស្នាមជាំរំលេចឡើងដោយគ្មានមូលហេតុ អាចបណ្តាលមកពីជំងឺថ្លើម អ៊ីចឹងហើយបើក្រោយពេកក្រោកមក រាងកាយនៅល្អធម្មតា គ្មានស្នាមជាំ គ្មានការហើមកើតឡើង នោះយើងសូមចូលរួមអបអរ អ្នកកំពុងស្ថិតក្នុងចំណោមក្រុមមនុស្សអាយុវែងហើយ។
១) មិនមានការតឹងទ្រូង
ប្រសិនក្រោកមកអ្នកអាចដកដង្ហើមបានស្រួល គ្មានអាការៈតឹងទ្រូង នោះក៏ជាសញ្ញាបង្ហាញថា បេះដូង ប្រព័ន្ធដកដង្ហើម សួតរបស់អ្នកនៅល្អ មិនមានបញ្ហាអ្វីត្រូវបារម្ភឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក