មនុស្សប្រុសងាយនឹងមានការខកចិត្ត ឆាប់អាក់អាន់ចិត្ត ហើយក៏ឆាប់នាំឲ្យជីវិតរបស់ពួកគេធ្លាក់ដល់បាតលឿនបំផុត ក្នុងស្ថានភាពទាំង ៣ ខាងក្រោមនេះ។ ដូច្នេះក្នុងនាមជាមនុស្សស្រីជាទីស្រលាញ់របស់គេ មិនថាតែជាសង្សារ ឬភរិយាក្តី អ្នកគួរតែមានការអត់ធ្មត់ខ្ពស់ ហើយឆ្លៀតពេលនោះលួងលោម និងលើកទឹកចិត្ត ជាជាងការបន្តុះបង្អាប់បន្ថែម ព្រោះវាអាចធ្វើឲ្យជីវិតមនុស្សកាន់តែធ្លាក់ដុនដាបបាន៖
៣) នៅពេលអាជីពការងារ ឬការរកស៊ីធ្លាក់ចុះ
គ្មាននរណាចង់បរាជ័យ គ្មាននរណាចង់ខាតបង់នោះទេ ម្នាក់ៗសុទ្ធតែចង់ទទួលបានការអភិវឌ្ឍ ចង់ឆ្ពោះទៅរកគោលដៅរៀងខ្លួន។ តែឧបសគ្គខ្លះ គឺយើងមើលមិនឃើញឡើយ ហើយសុខៗវាកើតមានមួយរំពេច សឹងតែធ្វើឲ្យជីវិតយើងធ្លាក់ដល់ចំណុចសូន្យងើបលែងរួច។
ពេលវេលានេះមនុស្សប្រុសដែលធ្លាប់តែមានកេរឈ្មោះ កិត្តិយស លុយកាន់ពេញដៃ គឺងាយនឹងមានការបាក់ទឹកចិត្តខ្លាំងបំផុត។ បុរសខ្លះក៏ធ្លាក់ចូលទៅក្នុងរណ្តៅស្រា ល្បែង ដោយសារជីវិតច្របូកច្របល់ខ្លាំង មិនដឹងថាគួរធ្វើអីបន្ត ហើយយកអំពើទាំងនោះមកសប្បាយលួងខ្លួនឯងរយៈពេលខ្លី។
យ៉ាងណាក្នុងនាមជាមនុស្សស្រី ប្រសិនឃើញថាសង្សារ ឬប្តី ធ្លាក់ដល់ចំណុចហ្នឹងហើយ អ្នកគួរតែបញ្ចៀសនូវពាក្យស្តីបន្ទោស ឬបង្អាប់ តែគួរប្រែមកជាពាក្យយកចិត្តទុកដាក់ លើកទឹកចិត្ត ហើយលួងលោមគាត់ឲ្យបានច្រើនទើបជារឿងត្រឹមត្រូវ។ ពេលវេលានេះជឿទៅសម្តីផ្អែមល្ហែមប៉ុន្មានម៉ាត់របស់អ្នក ជួនខ្លះក៏ល្អជាង ការមិនព្រងើយកន្តើយដែរ៕
២) នៅពេលដែលមិនទទួលបានការគោរព
មនុស្សប្រុសកាន់តែធំមុខធំមាត់ គឺចង់បានបំផុតការគោរព ការឲ្យតម្លៃក្នុងក្រសែភ្នែកមនុស្សក្បែរខ្លួន ជាពិសេសគឺមនុស្សស្រីជាទីស្រលាញ់។
ប្រសិនក្នុងពេលវេលាមួយ ដែលអ្នកប្រើពាក្យលើសលស់ទៅលើគាត់ កាយវិការឬសម្តីដែលមិនបង្ហាញការគោរព បន្តុះបង្អាប់អ្នកគួរតែដកពាក្យ ហើយសុំអភ័យទោស ឬលួងលោមគាត់ភ្លាមៗ។ កុំរឹងរូសពេកអី ស្នេហាមនុស្សពីរនាក់គឺមានទៅមានមក មិនអាចចាំតែគាត់មកលួងអ្នកគ្រប់ពេល ឬសូម្បីតែពេលគាត់មិនខុសនោះទេ។ ហើយត្រូវចាំថា បុរសដែលគេដាក់អារម្មណ៍ស្រលាញ់អ្នកខ្លាំងបំផុត ពេលអ្នកមិនគោរពឲ្យតម្លៃគេ ក៏ជាពេលដែលគេឈឺចាប់ខ្លាំងបំផុតដែរ។
១) ពេលមានជម្លោះក្នុងគ្រួសារ
ជីវិតប្តីប្រពន្ធ រមែងដូចចានក្នុងរាវ មុននិងក្រោយយូរនិងឆាប់ ក៏គង់តែទង្គិច ទោះតិចក្តីច្រើនក្តី បើអ្នកអត់មាត់អត់កបាន អ្នកស្ងាត់បាន ក៏ស្ងាត់ទៅ កុំគិតថា អាងខ្លួនជាស្រីចង់ធ្វើអ្វីក៏តាមចិត្ត។ មើលទៅតាមស្ថានភាពខ្លះ បើមិនជារឿងធំទេ អាចស្ងប់ស្ងាត់បាន ហើយប្រែជាពាក្យលួងលោមគាត់វិញបាន ក៏គួរតែលួងលោមទៅ។
ពេលវេលានេះ មនុស្សប្រុសខ្លះមានការអាក់អន់ចិត្តខ្លាំង ស្រ្តេសខ្លាំងគួបផ្សំកត្តាការងារ ការរកស៊ីផង ក៏ដើរចេញទៅក្រៅ លែងចូលផ្ទះ ហើយបើបណ្តែតបណ្តោយបែបហ្នឹង ចុងក្រោយគឺខាតបង់ទាំងសងខាង ហើយបើមានកូនក្នុងបន្ទុកទៀតអ្នកពិបាកបំផុតគឺកូនតូចៗហ្នឹងឯង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក