យុវនារីជាច្រើនប្រហែលជាធ្លាប់ជួបបញ្ហាជាមួយនឹងចំណុចលាក់កំបាំងរបស់ខ្លួនហើយក៏អាចមិនដឹងពីរបៀបសម្អាតចំណុចមួយនេះឱ្យបានត្រឹមត្រូវផងដែរ។ ការធ្វេសប្រហែសក្នុងការថែរក្សាកន្លែងលាក់កំបាំង អាចបណ្ដាលឲ្យមានបញ្ហាក្លិនមិនល្អ រឹង ហើយជួនកាលរមាស់ ឬក្រហាយ។ តើមានវិធីយ៉ាងណាដើម្បីធ្វើឲ្យតំបន់សម្ងាត់នេះឱ្យមានភាពស្អាតគ្មានក្លិន មិនថាក្នុងជីវិតប្រចាំថ្ងៃ ឬក្នុងថ្ងៃមករដូវ? កុំបារម្ភថ្ងៃនេះ ក្នុងស្រុក នឹងណែនាំពីវិធីថែរក្សាចំណុចលាក់កំបាំង ឱ្យបានត្រឹមត្រូវសម្រាប់មិត្តនារីទាំងអស់គ្នា។
ការសម្អាត
អនាម័យគឺជារឿងសំខាន់បំផុត ការលាងសម្អាតមិនគ្រប់គ្រាន់ ឬការលាងសម្អាតច្រើនពេកអាចជាមូលហេតុនៃការប្រមូលផ្តុំបាក់តេរី ផ្សិត បណ្តាលឱ្យមានក្លិនមិនល្អនៅក្នុងតំបន់លាក់កំបាំង។ ដូច្នេះបន្ទាប់ពីចូលបន្ទប់ទឹករាល់ពេលត្រូវលាងសម្អាតនឹងទឹកស្អាត ហើយជូតឱ្យស្ងួតថ្នមៗ។ ជៀសវាងការប្រើផលិតផលដែលមានក្លិនក្រអូប ព្រោះវាអាចធ្វើឱ្យរមាស់។
ហើយរាល់ពេលបន្ទោរបង់ ឬបត់ជើងតូច គួរប្រើទឹកស្អាត រួចប្រើកន្សែងក្រដាសជូតឱ្យស្ងួតតិចៗ ដោយជូតពីប្រដាប់ភេទទៅរន្ធគូថ ដើម្បីការពារមេរោគពីរន្ធគូថមិនឱ្យប៉ះទ្វារមាស។ កុំជ្រលក់ទឹកស្អាត ឬព្យាយាមប្រើថ្នាំសម្លាប់មេរោគដើម្បីជួយឲ្យសោះ ព្រោះវានឹងបង្កអតុល្យភាពក្នុងទ្វារមាស អាចបណ្តាលឱ្យរលាកបាន។
ការជ្រើសរើសសម្លៀកបំពាក់
ប្រទេសរបស់យើងមានអាកាសធាតុក្តៅ ការស្លៀកខោម៉ូដដែលតឹង អាចបង្កការលំបាកដូចជា បែកញើស និងមានសំណើមជាប់ខ្លួន ធ្វើឱ្យកន្លែងសម្ងាត់មានក្លិនមិនល្អ។ ដូច្នោះដើម្បី រក្សាកន្លែងសម្ងាត់ឲ្យមានអនាម័យត្រូវព្យាយាមផ្លាស់ប្តូរទៅជាខោកប្បាស ឬខោដែលមានផាសុខភាព និងមិនត្រូវតឹងពេក។
រក្សាអនាម័យអំឡុងពេលមករដូវ
ក្នុងអំឡុងពេលមករដូវ ប្រសិនបើអាចធ្វើបាន ត្រូវផ្លាស់ប្តូរក្រដាសអនាម័យឱ្យបានញឹកញាប់ ឬយ៉ាងហោចណាស់ 3 ដងក្នុងមួយថ្ងៃ ព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ហើយប្រើក្រដាសអនាម័យដែលស្អាត សុវត្ថិភាព និងតាមស្តង់ដារ។ អ្វីដែលសំខាន់មិនគួរទុកកន្សែងអនាម័យនៅកន្លែងសើម ព្រោះវានឹងបង្កជាផ្សិតបានយ៉ាងងាយ។
កត់សម្គាល់ភាពមិនប្រក្រតី
សង្កេតមើលភាពមិនប្រក្រតីផ្សេងៗនៅក្នុងតំបន់ប្រដាប់បន្តពូជរបស់អ្នក។ រោគសញ្ញាមិនប្រក្រតីមានដូចជា រមាស់ទ្វារមាស បញ្ចេញទឹករំអិលពណ៌សខុសប្រក្រតី សរីរាង្គភេទមានក្លិនទឹករំអិលពណ៌សប្លែក ឬពេលបត់ជើងតូចហើយមានអារម្មណ៍ឈឺចាប់។ ឃើញដូចនេះ សូមប្រញាប់ទៅជួបជាមួយអ្គ្រូពេទ្យរោគស្ត្រីជាបន្ទាន់ដើម្បីរកមូលហេតុ។
ប្រភព៖ បរទេស