មិនថាអ្នកស្និទ្ធប៉ុណ្ណានោះទេ ជាមួយមនុស្សស្រីក្តី មនុស្សប្រុសក្តី រឿងទាំង ៥ ខាងក្រោមនេះ ចាំបាច់ត្រូវតែដឹងម្នាក់ឯងបានហើយ ពោលមិនចាំបាច់ចែករំលែកប្រាប់អ្នកដទៃឡើយ៖
៥) ស្ថានភាពហិរញ្ញវត្ថុ
នេះជាប្រធានបទដែលមនុស្សភាគច្រើនចូលចិត្តលើកមកនិយាយ តែមនុស្សរាប់អានគ្នាស្មោះត្រង់ គេមិនចូលចិត្តលើករឿងលុយមកប្រៀបធៀប ឬនិយាយនោះឡើយ ពេលជួបពិភាក្សាគ្នា។
វាជាបញ្ហារបស់អ្នក អ្នកមិនចាំបាច់ទៅត្អូញត្អែរ ឬលម្អិតទៅប្រាប់នរណាខ្លាំងពេកទេ ព្រោះពេលខ្លះវាអាចធ្វើឲ្យប៉ះពាល់សម្ពន្ធភាពនៃទំនាក់ទំនង ហើយជួនខ្លះទៅ វាជាការនិយាយដែលធ្វើឲ្យដៃគូម្ខាងទៀតមិនចូលចិត្ត ព្រោះគេគិតថាអ្នកជាមនុស្សពូកែត្អូញត្អែរ ប្រសិនវាជារឿងលំបាក ហើយប្រសិនជាមានបានជ្រុល ទៅប្រាប់គេ ក៏មានតែគេថាយើងអួត។
៤) រឿងដែលអ្នកដឹងមិនច្បាស់
រឿងខ្លះអ្នកដឹងមិនច្បាស់នោះទេ អ្នកដឹងត្រឹមពាក់កណ្តាលនៃសាច់រឿងនោះ តែឲ្យបានតែបាននិយាយ ជក់និយាយហើយ គឺហែហូរអស់ហើយ ទាំងដែលពេលខ្លះមិនដឹងថាខ្លួនឯងនិយាយរឿងហ្នឹងលើស ឬជាការប្រឌិតចេញពីមាត់ខ្លួនឯងក៏មាន។
បើមនុស្សគេចាស់ទុំ គេឆាប់វាយតម្លៃអ្នកខ្លាំងណាស់ លើការនិយាយ ហើយបើប៉ះមនុស្សមិនល្អផង ទៅពេលខាងមុខ គេអាចនឹងចែករំលែករឿងនោះបន្ត ហើយជាប់មាត់ជាប់កថាអ្នកជាអ្នកចែកចាយរឿងនោះ នាំឲ្យអ្នកខុសទៀតក៏មាន។
៣) រូបភាពឯកជន
កុំចែកចាយរូបភាពឯកជនរបស់ខ្លួនឯងទៅកាន់អ្នកដទៃ ជាពិសេសរូបរសើប ដូចជាស្នាមសាក់នៅតំបន់លាក់លៀម ឬរូបភាពលាក់បាំងណាមួយ ទៅកាន់មិត្តភក្តិ ឬអ្នកស្និទ្ធ។
ព្រោះយើងមិនដឹងទៅពេលខាងមុខ គេអាចនៅបន្តរាប់អានជាមួយយើងបានឬអត់ទេ ហើយបើប៉ះគេល្អទៅ គេមិនដឹងមិនលឺធ្វើធម្មតា តែបើប៉ះមិត្តខូច ក៏អាចនឹងយករូបនោះទៅចែកចាយបន្ត ពេលឆ្ងាយពីយើង នាំឲ្យខាតប្រយោជន៍ដល់យើងទៅថ្ងៃមុខ។
២) អតីតកាលជាមួយដៃគូ
រឿងរ៉ាវជាមួយដៃគូស្នេហាពីមុន ក៏មិនគួរយកមកហែកហួរប្រាប់អ្នកដទៃណា ប្រសិនអ្នកបានបែកពីគេហើយក៏ដោយ។ អ្នកក៏គួរតែផ្តល់តម្លៃសម្រាប់ដៃគូ ទោះជាបែកគ្នាហើយ តែត្រូវចាំថាមានរឿងខ្លះ គេចែករំលែកមកអ្នក ព្រោះគេទុកចិត្តអ្នក ដូច្នេះមិនគួរបំផ្លាញទឹកចិត្តរបស់គេ តាមរយៈការចែករំលែករឿងទាំងនោះបន្តឡើយ។
១) ជីវិត "ផ្លូវភេទ"
មិនថាបុរសឬស្រ្តី រឿងលើគ្រែមួយ វាជារឿងឯកជនធំបំផុត ហើយវាក៏អាចជាចំណុចខ្សោយរបស់អ្នកដែរ ដែលគេអាចទុកព្រមានអ្នក ឬទុកបង្ខំអ្នកឲ្យធ្វើអ្វីមួយ ដើម្បីជាថ្នូរលាក់បាំងរឿងទាំងអស់ដែលអ្នកខ្លួនឯង បានចែករំលែកទៅកាន់ត្រចៀកម្នាក់ផ្សេងទៀត។ ជារួមទៅកុំប្រាប់អ្នកដទៃឲ្យសោះ ពីរឿងលើគ្រែនេះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក