អនាគតរបស់ខ្សែប្រយុទ្ធ Mohamed Salah ហាក់មិនប្រាកដប្រជានោះទេ ដ្បិតអីសុពលភាពកុងត្រារបស់គេត្រូវផុតនៅរដូវក្តៅ ឆ្នាំ ២០២៣ តែដោយសារពេលនេះគេកំពុងឡើងជើងខ្លាំង ដូច្នេះក៏មានកូនចិត្តចង់ស្វែងរកទ្រនំថ្មីដែរ។ ក្នុងចំណោមជម្រើសជាច្រើន Salah លឺថាមានបំណងចង់សម្រេចការផ្ទេរទៅកាន់ក្លឹបក្នុងក្តីស្រមៃគឺ Real Madrid។
យ៉ាងណាបើតាមសារព័ត៌មាន El Nacional បានចុះផ្សាយ បានឲ្យដឹងថា អ្នកចាត់ការក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ដ្បិតបើព្យាយាមរារាំង Salah ម្តងជាពីរដង តែបើកីឡាករនៅបន្តចង់ចេញ លោកក៏មានតែសម្របតាម ហើយណែនាំនៅជម្រើសដ៏ល្អមួយផងដែរ។
Klopp មិនចង់ឲ្យ Salah ផ្ទេរទៅក្លឹប Real Madrid ទេ ហើយថាយកល្អគួរផ្ទេរទៅក្លឹប Barcelona វិញ ប្រសិនជ្រើសយកលីគកំពូលអេស្ប៉ាញជាទ្រនំបន្ទាប់។ នោះក៏ដោយសារតែ Klopp យល់ឃើញថា បើទៅ Real គឺត្រូវប្រជែងតំណែងអាទិភាពរបស់ Karim Benzema ហើយប្រឈមនឹងត្រូវប្រជែងជាមួយ Kylian Mbappe ដែលអាចនឹងផ្ទេរទៅចូលរួមនារដូវក្តៅខាងមុខថែមទៀត។
ខុសពីការទៅ Barcelona គឺដឹងតែ Salah នឹងក្លាយជាកីឡាករលេចធ្លោ ហើយអាចធានាពីឱកាសលេងជាប់លាប់ និងឆាប់ទទួលបានជោគជ័យលឿន។ ណាមួយមានតែ Salah ទេ ដែលសក្តិសមនឹងស្នងតំណែងបន្ទាប់ពីការចាកចេញរបស់ Lionel Messi៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក