Cristiano Ronaldo មួយរយៈចុងក្រោយបានលឺពាក្យរិះគន់កើតឡើងចេញពីសំណាក់អ្នកគាំទ្រ និងក្រុមអ្នកវិភាគលើប៉ុស្តិ៍កម្មវិធីមួយចំនួន ជាពិសេសក្រោយឃើញទម្រង់លេងកាលប៉ះ Leicester ដោយថា កីឡាករព័រទុយហ្គាល់ លេងចាំតែចងមុងស៊ុត លេងអត់រត់ជួយសាងបាល់ពីខាងក្រោមមកសោះ។
អ្នកខ្លះទៀតក៏ថា ដោយសារហេតុផលនេះហើយទើបធ្វើឲ្យក្រុមបាត់បង់តុល្យភាព និងនាំឲ្យក្រុមបរាជ័យ។ ដោយឡែកថ្មីៗនេះ តារាឆ្នើមវ័យ ៣៦ ឆ្នាំ បានចេញមុខមកឆ្លើយតបហើយ ដោយសង្កត់ធ្ងន់ថា ក្រុមទាំងមូលត្រូវការពេល ហើយលោកយល់ច្បាស់ពីតំណែងរបស់ខ្លួនឯង គឺ United ទិញយកលោកមក គឺដើម្បីមកស៊ុតជាភារកិច្ចអាទិភាព។
Ronaldo និយាយ៖ "យើងកំពុងស្ថិតក្នុងពេលវេលានៃការផ្លាស់ប្តូរមួយ ដោយ United បានទិញចូលខ្ញុំ Varane និង Sancho ដូច្នេះការសម្របខ្លួនវាត្រូវការពេល ហើយប្រព័ន្ធលេងទាំងមូល ក៏ត្រូវការពេលវេលាដូចគ្នា ដោយខ្ញុំគិតថាពីមួយទៅមួយជំហាន យើងត្រូវតែដាក់ចិត្តថាគ្រប់យ៉ាងវាអាចទៅរួច"។
លោកសង្កត់ធ្ងន់៖ "ដើម្បីឈ្នះ គឺត្រូវចូលរួមជាមួយគ្នា ហើយគ្រប់គ្នាក៏គួរដឹងពីតំណែងរបស់ខ្លួនឯងច្បាស់លើទីលាន ដោយសម្រាប់ខ្ញុំគឺខ្ញុំដឹងច្បាស់ហើយថាខ្ញុំត្រូវលេងបែបណា នោះគឺខ្ញុំជាអ្នកស៊ុត ហើយជួយជ្រោមជ្រែងកីឡាករឯទៀតផ្អែកតាមបទពិសោធន៍ដែលខ្ញុំមាននិងយល់ពីការប្រកួត ដូច្នេះហើយបើគ្រប់គ្នាគិតអ៊ីចឹង ហ៊ានលះបង់ដើម្បីក្រុម នោះគ្រប់យ៉ាងវានឹងល្អប្រសើរឡើង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក