នាជំនួប El Clasico ជើងទី ១ ប្រចាំរដូវកាល ២០២១/២២ ខាងក្រុម Real Madrid បានយកឈ្នះ ២-១ ទៅលើក្រុម Barcelona នៅឯកីឡដ្ឋាន Camp Nou។ ជាមួយបរាជ័យនេះក៏ធ្វើឲ្យលោក Ronald Koeman ជាអ្នកចាត់ការក្លឹបអ្នកមានបុណ្យ កាន់តែទទួលរងសម្ពាធ ថាអាចនឹងត្រូវបានក្លឹបដកចេញនាពេលខាងមុខ។
ទៅមើលលោក Carlo Ancelotti ជាអ្នកចាត់ការក្លឹប Real Madrid ឯណោះវិញ មិនបានដាក់សម្ពាធបន្ថែមអ្វីឡើយទៅលើ Koeman ផ្ទុយទៅវិញបែរជានិយាយពាក្យលើកទឹកចិត្តដល់បុគ្គលរួមអាជីពតែមួយ។
កំឡុងចប់ការប្រកួត ដែល Real យកឈ្នះកាលពីថ្ងៃអាទិត្យ លោក Ancelotti បានដើរទៅនិយាយប្រាប់ Koeman បែបនេះថា៖ "វាជាការងារដ៏ស្មុគស្មាញមួយ មិនអីទេខំប្រឹងបន្តទៀតទៅ"។ រួចហើយលោក Ronald Koeman ពុំបានឆ្លើយតបពាក្យអ្វីទេ ដោយបន្សល់ត្រឹមស្នាមញញឹម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mundo Deportivo។
គួរបញ្ជាក់ថា ក្លឹប Real Madrid កំពុងឈរលេខ ២ នៅតារាង La Liga ដោយមាន ២០ ពិន្ទុចាញ់ក្លឹប Real Sociedad នាំមុខ ១ ពិន្ទុ និង ១ ប្រកួត។ ទៅមើល Barcelona ឯណោះវិញ ដាបខ្លាំងធ្លាក់ដល់លេខ ៩ មានតែ ១៥ ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក