Gary Neville បាននិយាយដល់ឈ្មោះយុវជននៅក្លឹប Arsenal ថា គេមានឆន្ទៈច្បាស់លាស់ និងមានភាពល្អិតល្អន់ជាង Cristiano Ronaldo ទៅទៀត បើនិយាយពីកំឡុងពេលអាយុស្រករគ្នា។
នោះគឺខ្សែបម្រើ Emile Smith Rowe ដែលមានអាយុ ២១ ឆ្នាំហើយ ដោយគេបានមកចូលរួមនៅថ្នាលរបស់ Arsenal តាំងតែពីអាយុ ១០ ឆ្នាំ រួចបានវិវត្តខ្លួនក្លាយជាចំណែកដ៏សំខាន់មួយឲ្យក្រុមលោក Mikel Arteta។
ប្រាប់សារព័ត៌មាន Sky Sports លោក Neville និយាយថា៖ "Cristiano គឺជាមនុស្សដំបូង ដែលធ្វើឲ្យខ្ញុំគិតថា គេហ៊ាននិយាយអះអាងថាចង់ក្លាយជាកីឡាករល្អបំផុតក្នុងលោក វាជារឿងដែលកម្រ ព្រោះអ្នកដែលនិយាយពាក្យទាំងនេះ គឺលុះត្រាគេអាចបន្តភាពខ្លាំងរយៈពេលយូរ ហើយ Ronaldo គេឈរបានបែបហ្នឹងនៅកម្រិត ១០ ឬ ១៥ ឆ្នាំហើយ"។
លោកសង្កត់ធ្ងន់៖ "ដោយឡែកគ្រប់យ៉ាងដែល Smith Rowe គេបង្ហាញចេញមកវិញ គឺកាន់តែអស្ចារ្យ គេមើលកាន់តែវែងឆ្ងាយក្នុងអាជីពរបស់គេ ដោយ Cristiano Ronaldo ក៏មិនមានឆន្ទៈច្បាស់លាស់ខ្លាំងបែបនេះដែរ នៅស្រករអាយុ ២០ ជាងនេះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក