ស្រ្តីជនជាតិកូរ៉េ ភាគច្រើនបានអនុវត្តនូវវិធីសាមញ្ញ ៣ ក្នុងការទទួលទានភេសជ្ជៈដើម្បីស្រូបយកប្រយោជន៍ផ្សេងពីគ្នា។ Knongsrok សូមបង្ហាញដូចខាងក្រោម៖
១) នៅពេលស្បែកស្លេកអស់កម្លាំង ត្រូវទទួលទានទឹកឃ្មុំ
នារីជនជាតិកូរ៉េ បានណែនាំឲ្យទទួលទានទឹកឃ្មុំ លាយជាមួយទឹកក្ដៅឧណ្ហ៍ៗ រៀងរាល់ព្រឹក ពេលក្រោកពីគេង។ នាងណែនាំឲ្យដាក់ទឹកឃ្មុំ ៣ ស្លាបព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយត្រឹមតែរយៈពេល ១-២ សប្តាហ៍អ្នកនឹងឃើញលទ្ធផល ដោយស្បែកនឹងប្រែភ្លឺរលោងជាងមុនច្រើន ហើយអាចទទួលបានថាមពលទាំងព្រឹកព្រលឹម។
ក៏ដោយសារទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម មានវីតាមីន C ក៏ដូចជាវីតាមីនជាច្រើនទៀត ដែលជួយបង្កើនសំណើមដល់ស្បែក ជួយឲ្យភ្លឺរលោងបែបធម្មជាតិពិតៗ។
២) នៅពេលស្បែកខ្មៅស្រអាប់ ស្នាមអុជខ្មៅ ត្រូវទទួលទានភេសជ្ជៈកូឡាជែន
អ្នកអាចរកទិញបាន នូវប្រភេទភេស្ជៈមានផ្តល់ជាតិកូឡាជែនមកកាន់រាងកាយ ជាពិសេសសម្រាប់ស្រ្តីក្រោយអាយុ ៣០ ឆ្នាំ ដែលមិនសូវនិយមទទួលទានអាហារ ឬផ្លែឈើជាដើម។ ដោយសារអ្នកខ្លះគិតថា ការទទួលទានភេសជ្ជៈគឺងាយនិងរហ័សសម្រាប់ពួកគេ។
ទាំងនារីកូរ៉េ-ជប៉ុន គឺខ្វះមិនបានទេ ការទទួលយកជាតិកូឡាជែនតាមរយៈការស្រូបចេញពីភេសជ្ជៈ ឬប្រភេទម្សៅជំនួយណាមួយ។ ដោយសារកូឡាជែនគឺចាំបាច់ណាស់សម្រាប់ស្រ្តី វាជួយឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង ជាពិសេសបំបាត់ស្នាមអុជខ្មៅ ជួយឲ្យមុខខ្មៅស្រអាប់ប្រែមកជាភ្លឺរលោង។
៣) នៅពេលចង់បន្សាបជាតិពុលលើស្បែក ត្រូវផឹក ABC
កុំច្រឡំ ABC ជាទឹកខ្មៅ តែនេះជាពាក្យកាត់គេសំដៅទៅទឹកផ្លែឈើ ៣ ប្រភេទ គឺមានផ្លែប៉ោម (Apple), មើមឆៃថាវក្រហម (Beetroot) និងការ៉ុត (Carrot)។
ផ្លែប៉ោម: វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិកាពីភាពចាស់ និងការខូចខាតជាលិកា។
មើមឆៃថាវក្រហម: មានសមត្ថភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ និងអាចកាត់បន្ថយការហើម និងរលាក។
ការ៉ុត: មានសារធាតុចិញ្ចឹមច្រើនជាងដប់ប្រភេទ ដូចជាវីតាមីន B, C,D,E,K, កាល់ស្យូម, អាស៊ីតហ្វីលិក... ជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក