សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានទទូចថាពួកគេមិនមានការជ្រៀតជ្រែកលើតួនាទីការជ្រើសរើសរបស់កីឡាករចូលសញ្ជាតិនៅក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ីនោះទេ។
យោងតាមប្រភព Makan Bola អគ្គលេខាធិការ FAM លោក Saifuddin Abu Bakar បាននិយាយថា កីឡាករដែលត្រូវបានហៅឱ្យលេងជាមួយក្រុមជម្រើសជាតិត្រូវបានជ្រើសរើសដោយផ្អែកលើការអនុវត្ត ហើយ FAM មិនជ្រៀតជ្រែកក្នុងកិច្ចការដែលធ្វើឡើងដោយគ្រូបង្វឹកនោះទេ។
លោកថា៖ «យើងមិនផ្តល់លក្ខខណ្ឌអ្វីទេ ព្រោះបើនិយាយពីការជ្រើសរើសកីឡាករ យើងមិនមានការអន្តរាគមន៍ពីថ្នាក់លើ ដើម្បីឲ្យគ្រូបង្វឹកជ្រើសរើសនោះទេ"។
Saifuddin បានបន្ថែមថា គ្រូបង្វឹក Tan Cheng Hoe មានសិទ្ធិអំណាចពេញលេញលើការជ្រើសរើសកីឡាករ ព្រោះគាត់មានចំណេះដឹងច្រើនអំពីកីឡាករដែលត្រូវបានហៅមក និងរបៀបដោះស្រាយក្រុម។
"កន្លងមកមានការចោទប្រកាន់ពីសំណាក់ភាគីមួយចំនួនក្នុងការជ្រើសរើសកីឡាករដែលហៅមកលេងជាមួយក្រុមជម្រើសជាតិ"។
នេះគឺដោយសារតែកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលចូលសញ្ជាតិ Guilherme De Paula ដែលបានបង្ហាញទម្រង់លេងមិនសូវល្អ អំឡុងពេលប្រកួតមិត្តភាពពីរទល់នឹងហ្ស៊កដានី និងអ៊ូសបេគីស្ថាននាពេលថ្មីៗនេះ។ រហូតមកដល់ពេលនេះ ម៉ាឡេស៊ីមានកីឡាករ៣នាក់ដែលជាកីឡាករចូលសញ្ជាតិ។ កីឡាករទាំងបីគឺ Sumareh (ហ្គាំប៊ី), De Paula (ប្រេស៊ីល) និង Liridon Krasniqi (Kosovo) ។
ម៉ាឡេស៊ីនឹងប្រកួតក្នុងពានរង្វាន់ AFF Cup ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ឆ្នាំក្រោយ ហើយម៉ាឡេស៊ីត្រូវបានជាប់ក្នុងពូល B ជាមួយក្រុមការពារតំណែងជើងឯក វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា និងឡាវ។
បន្ទាប់ពី AFF Cup ក្រុមជម្រើសជាតិនឹងត្រូវជួបជុំទី៣ នៃវគ្គជម្រុះ Asian Cup 2023 ដែលរំពឹងថានឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ។ FAM មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃសម្រាប់កន្លែងមួយក្នុងចំណោមកៅអីទឹកដីកណ្ដាលចំនួន 6 ដែលនឹងត្រូវបានផ្តល់ជូនដល់ក្រុមចំនួន 24 ដែលប្រកួតប្រជែងក្នុងវគ្គជម្រុះ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ថា ការប្រកួតជម្រុះ Asian Cup ឆ្នាំ 2023 នឹងធ្វើឡើងនៅទឹកដីកណ្តាល ហើយការប្រកួតទាំងអស់នឹងធ្វើឡើងតាមទម្រង់ 'តែមួយជុំ'។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីបានគិតគូរពីកត្តា និងបញ្ហាប្រឈមនានាដែលក្រុមប្រកួតប្រជែងប្រឈមមុខដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ខណៈដែលបានផ្តល់អាទិភាពដល់សមាជិកទាំងអស់ដែលពាក់ព័ន្ធ៕