បើតាមការចុះផ្សាយពីអ្នកសារព័ត៌មានលោក Gianluca Di Mazario បានឲ្យដឹងថា ទំនាក់ទំនងរវាងអ្នកចាត់ការលោក Pep Guardiola និងកីឡាករ Raheem Sterling បានឈានមកដល់ផ្លូវបំបែកហើយ ក្រោយមានពាក្យចម្រូងចម្រាសគ្នាកើតឡើងនៅរយៈពេលចុងក្រោយ។
ប្រភពបានឲ្យដឹងថា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានរំអុកទៅថ្នាក់លើក្លឹបមេឃខៀវ ឲ្យត្រៀមឯកសារលក់ចេញកីឡាករអង់គ្លេសនៅទីផ្សារដោះដូររដូវក្តៅខាងមុខ។ វាកើតឡើងក្រោយពេលដែល Sterling និយាយពី អារម្មណ៍ចង់ផ្ទេរទៅក្លឹបថ្មី ដើម្បីបានលេងច្រើនជាងមុនហើយ Pep ឆ្លើយតបមកវិញ ថាលោកមិនអាចធានាបានឡើយ។
គួរបញ្ជាក់ថា បុរសវ័យ ២៦ ឆ្នាំ នៅរដូវកាល ២០២១/២២ មិនសូវបានលេងជាប់លាប់នោះទេ ក្រោយពីតំណែងប្រយុទ្ធស្លាបមានការគរជើងគ្នាច្រើន ជាពិសេសក្រោយការមកដល់របស់ចំណូលថ្មី Jack Grealish។
សុពលភាពកុងត្រារបស់ Sterling ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ហើយតាមលឺ City ទាមទារតម្លៃខ្លួន Sterling នាពេលខាងមុខ ដល់ទៅ ៨០ លានផោន។ គោលដៅនៃក្លឹបថ្មី ២ ដែលមានភាគរយអាចយកបានគេ រួមមាន Barcleona និង Liverpool៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក