កុំគិតថាទល់តែមានស្នាមជ្រួញ ទើបអាចបង្ហាញពីភាពចាស់ជាងវ័យ។ តាមពិតទៅមើលតែសញ្ញាព្រមានពេលយប់ កំឡុងពេលចូលគេងទាំង ៤ ខាងក្រោម ក៏អាចបង្ហាញច្បាស់ៗដែរ៖
៤) គេងមិនលក់
ការគេងមិនលក់ជាប្រចាំ យូរទៅក្លាយជាទម្លាប់ ធ្វើឲ្យការបន្សាបជាតិពុលក្នុងថ្លើមមិនអាចដំណើរការទៅបានល្អ។ នេះវាធ្វើឲ្យរាងកាយកាន់តែបាក់ ស្បែកក៏លែងភ្លឺថ្លាដូចមុនដែរ។ លើសពីនេះអាច បណ្តាលឲ្យអ្នកក្លាយជាមនុស្សដែលមានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍ឆាប់ខឹងឆេវឆាវថែមទៀតផង។
៣) ឧស្សាហ៍ឈឺពោះពេលគេង
នៅពេលដែលអ្នកកាន់តែចាស់ សរីរាង្គខាងក្នុងកាន់តែទ្រុឌទ្រោម នោះមើលតែប្រព័ន្ធរំលាយអាហារទៅ គឺចាប់ផ្តើមយ៉ាប់ហើយ។ ប្រសិនរៀងរាល់យប់ អ្នកចេះតែមានអារម្មណ៍ថា ឈឺក្រពះ ចុកពោះ អមដោយអាការៈក្រហាយទ្រូង ហើមពោះ ហឺត នោះអ្នកមិនត្រូវព្រងើយកន្តើយឡើយ។ បើទុកយូរ វានឹងបំផ្លាញសម្រស់របស់អ្នកថែមទៀតផង។
២) វិលមុខនិងឈឺក្បាលពេលគេង
ជំងឺដ៏គ្រោះថ្នាក់មួយទៀត ជាពិសេសកើតឡើងលើស្រ្តី គឺអាការៈនៃជំងឺដាច់សរសៃឈាមខួរក្បាល។ វាមានអត្រាខ្ពស់ ៧០ ទៅ ៨០ ភាគរយ ដែលប្រឈមជំងឺនេះ ប្រសិនចេញរោគសញ្ញាដែលថាអ្នកឧស្សាហ៍ឈឺក្បាល វិលមុខ រៀងរាល់ពេលចូលគេង។
អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះពេលនេះ ប្រព័ន្ធប្រឆាំងភាពចាស់ បានធ្លាក់ចុះហើយ ដែលធ្វើឲ្យស្បែកចាប់ផ្តើមយារធ្លាក់ និងមិនសូវតឹង មានពន្លឺដូចមុនទៀតឡើយ។
១) ឧស្សាហ៍ឈឺទ្រូង
អាការៈឈឺចាប់ក្នុងទ្រូង គឺមានសណ្ឋានខុសៗគ្នា តែយ៉ាងណាវាក៏ចូលទៅក្នុងសញ្ញាព្រមាននៃជំងឺសរសៃឈាមបេះដូងមួយដែរ។
ជំងឺស្រួចស្រាវមួយនេះ វាអាចបណ្តាលឲ្យអ្នកស្លាប់គ្រប់ពេល ជាពិសេសកំឡុងពេលគេង ដូច្នេះបើឧស្សាហ៍ជួបអាការៈបែបនេះ អ្នកមិនត្រូវព្រងើយទេ ហើយប្រញាប់ទៅរកពេទ្យដើម្បីពិគ្រោះយោបល់ជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក