ការប្រៀបធៀបរវាងតារាឆ្នើម Cristiano Ronaldo និង Mohamed Salah បានក្លាយជាប្រធានបទដែលគេលើកមកវែកញែកច្រើននៅពេលចុងក្រោយ ជាពិសេសក្រោយកីឡាករអេហ្សីបបានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះឲ្យហង្ស មិនថាតែនៅ PL និង UCL។
Salah លេង ១១ ប្រកួត រកបាន ១២ គ្រាប់ហើយ ខណៈគ្រាប់បាល់មួយសារៗរបស់លោក ក៏ទទួលបានការកោតសរសើរខ្លាំងផងដែរ ជាពិសេសប៉ុន្មានគ្រាប់ចុងក្រោយនៅ PL លេងសុទ្ធតែញាក់ដាច់អស់ខ្សែការពារនៅក្នុងប្រអប់ទៀតផង។
យ៉ាងណាកន្លងទៅនេះ លោក Jurgen Klopp ក៏បានលើកនូវចំណុចមួយដែលខ្លួនយល់ឃើញថា Salah គេល្អជាង Ronaldo នោះគឺការប្រើប្រាស់ជើងឆ្វេង។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់និយាយ៖ "តាមពិតមិនគួរប្រៀបធៀបពួកគេទេ ដោយអ្នកទាំងពីរជាកីឡាករលំដាប់ពិភពលោកដូចគ្នា តែគ្រាន់ថា Salah ប្រើជើងឆ្វេងបានល្អជាងហើយ ខណៈ Cristiano គេល្អជើងស្តាំនិងបាល់លើអាកាស តែនិយាយពីភាពរហ័ស ពួកគេរហ័សដូចគ្នា"។
គួរបញ្ជាក់ថា ចង់ដឹងនរណាខ្លាំងពិត គឺនឹងបង្ហាញចេញមកហើយនៅចុងសប្តាហ៍នេះ ដោយជាការប្រកួតរវាង Man Utd ទល់ Liverpool នៅវេលាម៉ោង ១០:៣០ នាទីយប់ថ្ងៃអាទិត្យ នៅឯកីឡដ្ឋាន Old Trafford៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក