មនុស្សស្រីជាទូទៅក្រោយអាយុ ៣០ ឆ្នាំ ឬហៀរចូល ៤០ ឆ្នាំអីហើយនោះ គឺរមែងមានការបម្រែបម្រួលអ័រម៉ូនខ្លាំង ហើយការផលិតកូលាជែនថែរក្សាសម្រង់រាងកាយ ក៏មានការបាត់បង់មិនដូចក្មេងស្រករ ២០ ដែរ។
ដូច្នេះពួកគេត្រូវការ ការជំនួយខ្លាំងពីអាហារូបត្ថម្ភដែលទទួលបានពីរបបអាហារប្រចាំថ្ងៃ។ វានាំឲ្យការជ្រើសរើសរបបអាហារនៅវ័យស្រករនេះ គឺចាំបាច់ ពោលមិនអាចបណ្តែតបណ្តោយដូចក្មេងទៀតឡើយ។ ខាងក្រោម Knongsrok ណែនាំនូវអាហារទាំង ៦ ប្រភេទ ដែលស្រ្តីក្រោយអាយុ ៣០ ឆ្នាំមិនគួរមើលរំលង៖
៦) ម្ទេសប្លោកក្រហម
វាជាអាហារប្រឆាំងភាពចាស់ យ៉ាងមានប្រសិទ្ធភាព ដែលហៅថា Carotenoids។ ហើយបន្ថែមពីលើជាតិហឹរ ម្ទេសប្លោកក្រហមក៏មានវីតាមីន C ខ្ពស់ ល្អសម្រាប់ការផលិតកូឡាជែន។
សារធាតុទាំងនេះហើយ ដែលរមែងមានក្នុងផ្លែក្រូច និងផ្លែឈើមួយចំនួន ដែលជួយប្រឆាំងនឹងការរលាក ជួយការពារស្បែកពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ និងបរិយាកាសបំពុលជុំវិញខ្លួន។
៥) ល្ហុង
វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដែលជួយឲ្យស្បែកតឹងណែនល្អ កាត់បន្ថយភាពជ្រីវជ្រួញលើផ្ទៃមុខរបស់ស្រ្តី។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏មានផ្ទុកនូវវីតាមីន A, C, K, E និងកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រជាដើមផងដែរ។ ផ្លែល្ហុងក៏មានអង់ស៊ីមម្យ៉ាងហៅថា Papain ដែលវាជួយប្រឆាំងភាពចាស់។
៤) ប្ល៊ូបឺរី
វាសម្បូរទៅដោយវីតាមីន A និង C ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ហៅថា Anthocyanins ដែលផ្តល់នូវប្រសិទ្ធភាពប្រឆាំងនឹងភាពចាស់។ អង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលទាំងនេះ ក៏ការពារស្បែកពីការខូចខាត ដោយសារពន្លឺព្រះអាទិត្យ និងការពារការបាត់បង់កូឡាជែមថែមទៀតផង។
៣) ផ្កាខាត់ណាខៀវ
វាមានមុខងារប្រឆាំងនឹងការរលាក ប្រឆាំងភាពចាស់ ដោយសារតែផ្កាខាត់ណាខៀវ មានផ្ទុកនូវវីតាមីន C និង K ជាច្រើនប្រភេទ ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ និងហ្វូឡាត។
២) ផ្លែបឺរ
គឺជាផ្លែឈើ ដែលនារីភាគច្រើនមិនគួរមើលរំលង ដោយវាសម្បូរទៅដោយអាស៊ីដខ្លាញ់ ប្រឆាំងនឹងការរលាក ជួយឲ្យស្បែកភ្លឺរលោង និងទន់រលោង។ ក៏អរគុណដល់ជាតិវីតាមីន A ដ៏ខ្ពស់មានក្នុងផ្លែបឺរ វាមានសមត្ថភាពជម្រុះកោសិកាស្បែកដែលងាប់ចេញ ធ្វើឲ្យស្បែកយើងភ្លឺថ្លា មានសុខភាពល្អ។
១) ផ្លែទទឹម
ធ្លាប់លឺគេនិយាយទេ ទទឹមជាឱសថលើកសម្រស់ស្រ្តីដ៏ល្អបំផុតមិនធ្លាប់មាន និងត្រូវបានគេប្រើប្រាស់តគ្នាច្រើនជំនាន់មកហើយ។ វាមានវីតាមីន C ខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ហើយក៏អាចកាត់បន្ថយកម្រិតនៃការរលាកក្នុងខ្លួនថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក