ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា កំពុងអស់អារម្មណ៍ជាមួយនឹងគុណភាពលេងរបស់ខ្សែប្រយុទ្ធ Mauro Icardi ហើយ ដោយមានផែនការណ៍ចង់ជ្រេគេចេញនៅទីផ្សារដោះដូរខាងមុខទៀតផង។
បើតាមសារព័ត៌មាន Calciomercato ចុះផ្សាយ ក្លឹបយក្សក្នុងទីក្រុងប៉ារីស សម្លឹងចង់នាំយកខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli ដោយពួកគេមិនចង់ប្រើប្រាស់លុយសុទ្ធទាំងដុលទេ ពោលចង់ដាក់ឈ្មោះ Mauro Icardi ជាថ្នូរ ហើយចាយលុយបន្ថែមពីលើនោះ ៥៥ លានអឺរ៉ូ។
នេះមានន័យថា បុរសវ័យ ២២ ឆ្នាំរបស់ក្លឹប Napoli អាចមានតម្លៃល្បាក់ ៨០ ទៅ ៨៥ លានអឺរ៉ូ ដែលជាតម្លៃបំបែកកំណត់ត្រាដ៏ខ្ពស់មួយសម្រាប់កីឡាករសញ្ជាតិនីហ្សេរីយ៉ា។ នៅរដូវកាល ២០២១/២២ ឃើញថា Osimhen នៅតែបន្តធ្វើបានល្អ ដោយរកបាន ៨ គ្រាប់នៅការបង្ហាញខ្លួន ៩ ប្រកួត។
ទៅមើលស្ថានភាពរបស់ Icardi ឯណេះវិញ គេកំពុងមានបញ្ហាផ្លូវចិត្ត ក្រោយជិតបែកបាក់ជាមួយភរិយា Wanda Nara បន្ទាប់ពីមានរឿងចម្រូងចម្រាសដែលថាកីឡាករអាហ្សង់ទីនលួចមានអ្នកទីបី។ គេក៏មិនបានត្រលប់មកចូលលេងពេញលេញនោះដែរឲ្យក្រុម PSG បន្ទាប់ពីជួបបញ្ហាខាងលើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក