ឆ្ងល់ថា ប្រជាជនជប៉ុនជាទូទៅមានអាយុវែងម្ល៉េះ? ក្រៅពីទម្លាប់នៃការរស់នៅជាប្រចាំ របបអាហារ ក្រឡេកមកភេសជ្ជៈដែលពួកគេទទួលទាន ក៏រមែងជ្រើសរើសនូវភេសជ្ជៈដ៏ត្រឹមត្រូវមួយផងដែរ។
ក្នុងចំណោមភេសជ្ជៈជាច្រើនដែលជនជាតិជប៉ុនទទួលទាន គឺមានភេសជ្ជៈមួយប្រភេទឲ្យឈ្មោះថា តែ Barley [មានដូចបង្ហាញក្នុងរូប] ហើយអត្ថប្រយោជន៍របស់វាមានដូចខាងក្រោម៖
១) ជួយឲ្យរាងកាយត្រជាក់ គេងលក់ស្រួល
វាជួយឲ្យរាងកាយមានសភាពត្រជាក់ បន្ធូរអារម្មណ៍តានតឹង ហើយបើធៀបជាមួយតែបៃតង និងកាហ្វេ គឺតែ Barley អាចជួយឲ្យអ្នកគេងលក់ស្រួល ស្កប់ស្កល់បានល្អជាង។
២) កាត់បន្ថយការហើម
តែ Barley វាមានឥទ្ធិពលក្នុងការកម្ចាត់ជាតិទឹកលើសក្នុងរាងកាយ កាត់បន្ថយអាការៈហើមនៃផ្នែកផ្សេងៗលើរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
៣) ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ
វាជួយបង្កើនភាពរឹងមាំ ជំរុញដល់ដំណើរការរំលាយអាហារក្នុងក្រពះឲ្យធ្វើការល្អ ហើយកាត់បន្ថយការហើមពោះ។
៤) ជួយឲ្យស្រកទម្ងន់
បន្ទាប់ពីវាលើកកម្ពស់ដល់ការរំលាយអាហារ តែ Barley វាក៏ជួយកាត់បន្ថយចំណង់អាហារ ជួយឲ្យយើងឆាប់ស្រកទម្ងន់ឆាប់រហ័សផងដែរ។
៥) បញ្ចុះកូលេស្តេរ៉ុលអាក្រក់
តាមការស្រាវជ្រាវបង្ហាញថា ការផឹកតែ Barley ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅក្នុងឈាមបាន ៧ ភាគរយ។ នេះវាមានប្រយោជន៍ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជាក្រុមមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង។
#កំណត់ចំណាំពេលទទួលទានតែ Barley អ្នកមិនគួរបន្ថែមជាតិស្ករនៅទេនៅពេលឆុង ហើយគួរប្រើប្រាស់ទឹកនៅសីតុណ្ហភាព ៥០-៦០ អង្សាសេ ពោលកុំទទួលទានវាក្តៅពេក ព្រោះយូរទៅអាចបណ្តាលឲ្យប្រហោងធ្មេញ ឬដុតក្រពះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក