អ្នកចាត់ការទូទៅក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បាននិយាយវាយបកទៅអ្នកនិយាយរិះគន់ដល់កីឡាករ Cristiano Ronaldo ដែលពីមុនបានចាត់ទុកកីឡាកររូបនេះជាបន្ទុកហើយថែមទាំងខ្ជិលនៅលើទីលានទៀតផង។
ពិតណាស់! ម្នាក់ក្នុងចំនោមពួកគេគឺជាវីរបុរសរបស់ Man United គឺលោក Gary Neville ដែលពីមុនបានចោទសួរពីតួនាទីរបស់ Ronaldo នៅក្នុងក្រុមបន្ទាប់ពីលទ្ធផលមិនប្រក្រតីរបស់ Man United ក្នុង ៧ ប្រកួតចុងក្រោយ ( Man United ចាញ់ ៤ ដងឈ្នះ ២ ដង និងស្មើ ១ ដង)។
បន្ទាប់មកទៀត! Ronaldo ត្រូវបានគេរិះគន់ថាមិនមានភាពស្វិតស្វាញក្នុងការលេងនៅពេលដែលក្រុមបិសាចក្រហមចាញ់ ៤-២ ក្រោមថ្វីដៃ Leicester កាលពីសប្តាហ៍មុន។ ឥឡូវនេះ Ronaldo រកបាន ៦ គ្រាប់ហើយចាប់តាំងពីគាត់ត្រលប់មកទឹកដី Old Trafford វិញ។ លោក Solskjaer ជឿជាក់ថា Ronaldo បានបិទមាត់អ្នករិះគន់ជាមួយនឹងការបង្ហាញគុណផលរបស់គាត់ទល់នឹងក្រុម Atalanta ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតលោក Solskjaer បាននិយាយថា៖“ Cristiano [Ronaldo] អស្ចារ្យនៅចំពោះការរកបានគ្រាប់បាល់” ។
“ ប្រសិនបើមានភាគីណាចង់រិះគន់គាត់ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ និងល្បឿននៃការងាររបស់គាត់នៅលើទីលាន សូមក្រឡេកមើលការប្រកួតនេះម្តងទៀត"។
“ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលឃើញគាត់ដឹកនាំក្រុមក្នុងតំបន់ប្រយុទ្ធរបស់យើង។ យើងបានសុំឱ្យគាត់រត់យ៉ាងលឿនឆ្លងកាត់ចន្លោះតូចជាងមុន ដោយសង្កត់ធ្ងន់ព្រោះយើងកំពុងលេងនៅទីលានផ្ទាល់របស់យើង” ។
“ Ronaldo បានធ្វើអ្វីគ្រប់យ៉ាងដែលខ្សែប្រយុទ្ធកណ្តាលតែងតែធ្វើ។ ដឹកនាំតំបន់ប្រយុទ្ធនិងជួយពេលការពារ ហើយការរកគ្រាប់បាល់គឺជាជំនាញពិសេសរបស់គាត់បើប្រៀបធៀបទៅនឹងអ្នកដទៃ” ។
បន្ទាប់មកទៀតលោក Arsene Wenger ក៏បានបញ្ជាក់ដែរថាការតែតបាល់បញ្ចូលទីរបស់ Ronaldo នឹងមិនកើតឡើងដោយចៃដន្យឡើយ។ ដោយសារតែកីឡាកររូបនេះបានធ្វើវាជាច្រើនដងក្នុងអាជីពរបស់គាត់ ជាពិសេសនៅក្នុងគ្រាដ៏សំខាន់នៅពេលក្រុមរបស់គាត់ត្រូវការគ្រាប់បាល់បញ្ចូលទី៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក